យោងតាមគេហទំព័ររបស់សហភាពសហព័ន្ធយុវជនកម្ពុជា (UYF) បានឲ្យដឹងថា យុ​វជនស្ម័គ្រចិត្តសៀមរាបអង្គរ ចំនួន ៤,៩៩៩នាក់ បានចូលរួមក្នុងព្រឹត្តិការណ៍រាំចង្វាក់ម៉ាឌីហ្សុនតាំងពីព្រឹកថ្ងៃ សៅរ៍ ទី ១៥ ខែ មេសា ឆ្នាំ ២០២៣ (ចូលឆ្នាំប្រពៃណីខ្មែរ ថ្ងៃទី២) នៅពីមុខលានជល់ដំរី ដើម្បីបំបែកកំណត់ត្រាថ្មីលើកំណត់ត្រាចាស់។

កម្មវិធីប្រកួតបានចាប់ផ្ដើមជាផ្លូវការនៅម៉ោងប្រមាណជា ៩ព្រឹក ថ្ងៃទី ១៥ ខែ មេសា ដោយមានការចូលរួមពីយុវជនខ្មែរជិត ៥ពាន់នាក់ ឈរ រាំ គោរពតាមលក្ខខណ្ឌចំនួន២ គឺ ទី១៖ ត្រូវមានអ្នកចូលរួមរាំច្រើនជាងកំណត់ត្រាចាស់ ហើយរាំឲ្យស្រុះគ្នា និង ស៊ីចង្វាក់គ្នា ហើយការរាំដែលមិនត្រូវតាមក្បាច់ត្រឹមត្រូវ (លឿនពេក យឺតពេក រាំខុសគេ) គឺមិនត្រូវបានរាប់ចូលក្នុងចំនួនអ្នកចូលរួមបំបែកកំណត់ត្រាឡើយ។ ទី២៖ ត្រូវគោរពរយៈពេលរាំដែលមានចំនួនកំណត់ត្រឹម ៥នាទី ថ្វីត្បិត​បទចម្រៀងនៅបន្ដយ៉ាងណាក៏ដោយ។

បន្ទាប់ពីរាំចប់គណកម្មការ Guinness World Record បានប្រើរយៈពេលជាង ១ម៉ោង ដើម្បីពិចារណា នឹងវាយតម្លៃ ហើយប្រកាសជាផ្លូវការនៅម៉ោង​ ១០:៣៦នាទី ថា «កម្ពុជាបានបំបែកកំណត់ត្រាថ្មីលើកំណត់ត្រាចាស់ដែលបានប្រកួតកាលពីឆ្នាំ២០១២ និង ឆ្នាំ២០១៥ តាមរយៈការរាំចង្វាក់ម៉ាឌីហ្សុនដែលមានមនុស្សច្រើនជាងគេលើពិភពលោកនៅឆ្នាំ២០២៣ នេះ»។

សូមជម្រាបថា ប្រទេស កម្ពុជា ធ្លាប់បានយកឈ្នះលើឯតទគ្គកម្មពិភពលោករបស់ប្រទេស អូស្ត្រាលី នៅឆ្នាំ២០១៤ ដែលអ្នករាំមានចំនួន ១,១៥៥នាក់ ខណៈឆ្នាំ២០១២ កម្ពុជាធ្លាប់បានបំបែកឯតទគ្គកម្មពិភពលោក ១ដងរួចមកហើយ ដោយកាលនោះ មានអ្នកចូលរួមជិត ១,០០០នាក់ ហើយកាលពីឆ្នាំ ២០១៥ កម្ពុជាបំបែកកំណត់ត្រារាំចង្វាក់ម៉ាឌីហ្សុនជាថ្មីដោយមានអ្នកចូលរួមចំនួន ២,០១៥នាក់។ ខណៈឆ្នាំ២០២៣ នេះ កម្ពុជា ទទួលបានការបំបែកកំណត់ត្រាសារជាថ្មី ដោយមានអ្នកចូលរួមចំនួន ៤,៩៩៩នាក់់ ហើយទទួលបានកំណត់ត្រាថ្មី «ការរាំចង្វាក់ម៉ាឌីហ្សុនដែលមានមនុស្សច្រើនជាងគេលើពិភពលោកនៅឆ្នាំ២០២៣»៕

This image has an empty alt attribute; its file name is image-311-1024x682.png
Share.