សិល្បៈជាតិ៖ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន និងលោកជំទាវ ចែកទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃប្រមាណជា៨០អង្គ និងតាជី យាយជី ព្រមទាំងបងប្អូនប្រជាពលរដ្ឋនៅវត្តរតនៈវនារាមបន្ទាយឆ្មារ នាព្រឹកថ្ងៃទី ១៦ ខែមេសា ២០២៣។

ថ្ងៃទី ៣ ជាថ្ងៃបញ្ចប់ពិធីបុណ្យចូលឆ្នាំ គេរមែងហៅថា វារៈឡើងស័ក ឬ ថ្ងៃឆ្លង គឺឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង លោកជំទាវ ឧកញ៉ា ហេមចិត្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ បណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានអញ្ជើញចូលរួមធ្វើពិធីសាសនា នៅក្នុងនោះ រួមមាន៖ ពិធីអុជធូបទាន ថ្វាយផ្កាភ្ញី ក្នុងព្រះវិហារ និមន្ដព្រះរាជគណៈ៧ព្រះអង្គថ្វាយព្រះសុគន្ធវារីព្រះពុទ្ធរូប និងពិធីស្រង់ទឹកប្រគេនព្រះសង្ឃ ហើយកូនៗ ស្រង់ទឹកជូនលោកអ្នកមានគុណ និងកម្មវិធីចុងក្រោយ គឺការប្រគេន ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃ និងតាជី យាយជី ព្រមទាំង បងប្អូនប្រជាពលរដ្ឋ។

ចូលឆ្នាំបន្ទាយឆ្មារ មានពិធីទទួលទេវតាឆ្នាំថ្មីនៅទឹកដីនៃប្រាសាទបន្ទាយឆ្មារ កម្មវិធីនេះគឺមានរយៈពេល៤ថ្ងៃពេញ គឺចាប់ពីថ្ងៃទី១៣ ខែមេសាឆ្នាំ២០២៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣។ ចូលឆ្នាំបន្ទាយឆ្មារ គឺជាការផ្ដួចផ្ដើមដោយក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ សហការជាមួយសហភាពសព័ន្ធយុវជនខេត្តបន្ទាយមានជ័យ និងមានការគាំទ្រពីរដ្ឋបាលខេត្ត៕

Share.