សិល្បៈជាតិ៖ នៅរាត្រីថ្ងៃទី ១៦ មេសា ត្រូវនឹងថ្ងៃទី៣ នៃថ្ងៃបញ្ចប់ព្រឹត្តិការណ៍ចូលឆ្នាំបន្ទាយឆ្មារ វត្តមានលោកជំទាវ ឧកញ៉ា ហេមចិត្តាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងគណៈប្រតិភូបានអញ្ជើញចូលរួមក្នុងពិធីបណ្ដែតគោមទឹក នាបរិវេណកសិន្ធព្រះគង្គាជុំវិញប្រាសាទបន្ទាយឆ្មារ។

សូមជម្រាបថា បើតាម​ន័យ «គោម» ឬ «ប្រទីប» គឺ​សំដៅ​ដល់​គ្រឿង​ដុត​បំភ្លឺ រួម​មាន​ចង្កៀង គោម ទៀន និង​ចន្លុះ​ជាដើម។ ហើយអត្ថន័យ​ម្យ៉ាង​ទៀត​នៃ​ពាក្យ «ប្រទីប» គឺ​ឧបករណ៍​សម្ភារៈ​ដែល​ធ្វើជា​គ្រោង ឬ​ជា​រូប​ផ្សេងៗ ដាក់​លើ​ទូក​លាត ឬ​លើ​ក្បូន ប្រកប​ដោយ​គ្រឿង​អុជ​បំភ្លឺ​ព្រោង​ព្រាយ​បណ្ដែត​លើ​ទឹកជាដើម។ ចំពោះ​ទំនៀម​របស់​ពលរដ្ឋ​ពុទ្ធបរិស័ទ​ក្នុង​ការ​ប្រារព្ធ​ពិធី​បណ្ដែត​គោមទឹក ឬ ប្រទីប ក៏ជាមួយ​ផ្នែក​ជា​ការ​ឧទ្ទិស​បូជា​ចំពោះ​ព្រះ​ចង្កូម​កែវ ពោល​គឺ​ធ្មេញ​ចង្កូម​នៃ​ព្រះសម្មាសម្ពុទ្ធ​សមណគោតម។

គួរជម្រាបដែរថា នេះជាលើកដំបូងបំផុត នៃការរៀបចំកម្មវិធីចូលឆ្នាំបន្ទាយឆ្មារ ដែលជាព្រឹត្តិការណ៍ដ៏ធំមិនធ្លាប់មាន នៅប្រាសាទបន្ទាយឆ្មារ ស្ថិតនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ បើទោះបីពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរគឺប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ ប៉ុន្ដែការរៀបចំចូលឆ្នាំបន្ទាយឆ្មារ នៅខេត្តបន្ទាយមានជ័យមានរយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៣,១៤,១៥ និង១៦ ខែមេសា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ជួបជុំគ្រួសារ ចូលឆ្នាំបន្ទាយឆ្មារ ក្រោមម្លប់សន្ដិភាព!»៕

Share.