សិល្បៈជាតិ៖ នៅរាត្រីថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៣នេះ វត្តមាន លោកជំទាវ ឧកញ៉ា ហេមចិត្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍បណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងឯកឧត្តម កែ សួនសុភាព ប្រធានគណៈកម្មការចូលឆ្នាំបន្ទាយឆ្មារ បានអញ្ចើញចូលរួមបិទបញ្ចប់ព្រឹត្តិការណ៍ ចូលឆ្នាំបន្ទាយឆ្មារ។

យប់មិញនេះដែរ ក៏មានការចូលរួមពីសំណាក់តារាល្បីៗដូចជា កញ្ញា ចំរើន សុភ័ក្រ លោក រិន សាវេត លោក ឃុន វុត្ថា កញ្ញា ម៉ង់ ចាន់កញ្ញា ក្រុម WIZIE21 លោក ច្រឹង ពលរដ្ឋ និងកញ្ញា Tey$ វ៉ៃម៉ាលុយ។

ដោយឡែក ឯកឧត្តម កែ សួនសុភាព បានមានប្រសាសន៍បិទបញ្ចប់កម្មវិធីចូលឆ្នាំបន្ទាយឆ្មារថា រាត្រីនេះជារាត្រីដ៏ស្រស់ត្រកាល ហើយក៏ជានិមិត្តរូបនៃសុខសន្តិភាពពេញលេញ១០០% ដែលយើងទាំងអស់គ្នា ក៏ដូចប្រជាពលរដ្ឋទូទាំងប្រទេស មានភ័ព្វសំណាងបានប្រារព្ធពិធីចូលឆ្នាំថ្មីប្រពៃណីជាតិយើង យ៉ាងគគ្រឹកគគ្រេង សប្បាយរីករាយ និងប្រកបដោយសុវត្ថិភាព១០០% ដែលខុសស្រឡះពីរបប ប៉ុល ពត ដែលពុកម៉ែ បងប្អូន ប្រជាពលរដ្ឋដែលឆ្លងកាត់សម័យនោះ ហេតុដូច្នេះហើយ សូមពុកម៉ែ បងប្អូនទាំងអស់ចូលរួមថែរក្សាសន្តិភាពឲ្យបានគង់វង្ស និង«សូមអគុណសន្តិភាព»។

ឯកឧត្តម កែ សួនសុភាព បានផ្ដាំផ្ញើជាចុងក្រោយនៃកម្មវិធីចូលឆ្នាំបន្ទាយឆ្មារថា ៖​

-សូមថែរក្សាសុខភាពឲ្យបានល្អ ព្រោះថាទាំងសុខភាព និងជីវភាព គឺមិនអាចខ្វះមួយណាបានឡើយ។

-សូមពេលធ្វើដំណើរត្រឡប់ទៅផ្ទះវិញ សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចេះយោគយល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក និងត្រូវចូលរួមគោរពច្បាប់ ចរាចរណ៍ទាំងអស់គ្នា នឹងសូមអោយមានសុវត្ថិភាព សុខសប្បាយតាមផ្លូវគ្រប់ៗគ្នា។

-សូមក្រោយពីចូលឆ្នាំ និងការសប្បាយរយៈពេលបីថ្ងៃនេះ យុវជន យុវនារី ត្រូវខិតខំរៀនសូត្រ ស្រាវជ្រាវចំណេះដឹងថ្មីៗ ជាពិសេសរៀនបន្ថែមនូវចំណេះដឹងផ្នែក ឌីជីថល។

-សូមយុវជន យុវនារី ដែលគ្រប់អាយុ និង មានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោត នៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា។

ដោយឡែក ព្រឹត្តិការណ៍ចូលឆ្នាំបន្ទាយឆ្មារ ត្រូវបានសន្យាថាគ្រោងនឹងធ្វើឡើងនៅឆ្នាំបន្ទាប់បន្តទៀតដែលមានលក្ខណៈទ្រង់ទ្រាយធំមុនផងដែរ៕

Share.