ទីបំផុត ម្ចាស់តោ អាចយកសត្វតោត្រឡប់មកវិញហើយ ដោយទទួលសិទ្ធិចិញ្ចឹមស្របច្បាប់ ក្រោយពីបំពេញបែបបទត្រឹមត្រូវ។ ការទទួលបានសិទ្ធិចិញ្ចឹមនេះ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចប្រគល់ឲ្យម្ចាស់ចិញ្ចឹមវិញ ប៉ុន្ដែម្ចាស់ត្រូវបំពេញបែបបទ នៃការចិញ្ចឹមឲ្យបានត្រឹមត្រូវ ស្របតាមច្បាប់របស់កម្ពុជា។ 

ម្ចាស់យំអោបតោ ពេលដឹងថា ខ្លួនអាចយកតោត្រឡប់ទៅវិញ

ម្ចាស់តោ ដែលមានឈ្មោះថា Qi Xiao បានសរសេរលើផេករបស់ខ្លួនថា «ជាបឋមខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងខ្ពង់ខ្ពស់ដល់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្ត ទុកដាក់ចំពោះបញ្ហានេះ។ ហើយក៏សូមអរគុណដល់ថ្នាក់ដឹកនាំគ្រប់ ជាន់ថ្នាក់ផងដែល នឹងពុកម៉ែបងប្អូនប្រជាជនកម្ពុជាទាំងអស់ដែលបានជួយ និងគាំទ្រដល់” ហ៊ីម៉ា” របស់យើងខ្ញុំផងដែរ ធ្វើអោយខ្ញុំបាទរស់នៅក្នុង ប្រទេសកម្ពុជាយ៉ាងមានអារម្មណ៍កក់ក្ដៅ ជាចុងក្រោយសុំជូនពរអោយ កម្ពុជានឹងចិនជាមិត្តដែកថែបជារៀងរហូត»។ 

នៅលើផេករបស់សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «ក្រោយក្ដាប់បានរឿងសត្វតោ។ ល្ងាចនេះ ខ្ញុំបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបានឯកភាពគ្នាថាអនុញ្ញាតិឱ្យម្ចាស់យកទៅចិញ្ចឹមវិញក្នុងលក្ខខណ្ឌម្ចាស់ត្រូវធ្វើ ទ្រុងឱយបានត្រឹមត្រូវដើម្បីធានាសុវត្តិភាព ទាំងមនុស្សក្នុងផ្ទះនិងអ្នករស់នៅជិតខាង។ អរគុណបងប្អូនជនរួមជាតិទាំងក្នុងនិងក ប្រទេសដែលបានផ្ដល់យោបល់និងអាណិត ដល់សត្វតោ»

កម្ពុជា ប្រគល់សត្វតោឲ្យម្ចាស់ដើមចិញ្ចឹមវិញហើយ តែតម្រូវឲ្យបំពេញលក្ខខណ្ឌ មួយចំនួន

កាលពីថ្ងៃទី២៦ ខែមិថុនា កន្លងទៅ រដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ តាមបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានចុះរឹបអឋុសយកសត្វតោមួយក្បាល នៅផ្ទះលេខ ២២ ផ្លូវ៣០៦ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ តាមបណ្ដឹងរបស់ប្រជាពលរដ្ឋអ្នកជិតខាង និងអ្នកទេសចរបរទេស។ ការរឹបអូសសត្វតោពីជនជាតិចិននេះ បានយកទៅប្រលែងនៅភ្នំតាម៉ៅ ជាទីសួនសត្វដ៏ធំមួយ ក្នុងខេត្តតាកែវ។ សត្វតោដែលដកហូតពីម្ចាស់នេះ មានអាយុ១ឆ្នាំកន្លះ ទម្ងន់៧០គីឡូក្រាម ដោយមួយថ្ងៃស៊ីចំណី ចម្អិនហើយ ៦គីឡូក្រាម។ វាត្រូវបានម្ចាស់ដកចង្កូមរួចហើយដែរ៕ 

Share.