ម្ចាស់មេដាយមាស ២សម័យកាលសិង្ហបុរី ផ្នែក​កីឡា​រត់​ម៉ារ៉ាតុន កីឡាករ Soh Rui Yong បាននិយាយពីកីឡាកររត់ម៉ារ៉ាតុងកម្ពុជា ហែម ប៊ុនទីង ថា៖« ការមកកម្ពុជាសម្រាប់ស៊ីហ្គេម ឆ្នាំនេះមានចំណុចពិសេសមួយសម្រាប់ខ្ញុំព្រោះខ្ញុំបាន ក្រឡេកមើលរឿង ហែម ប៊ុនទីង កាលពីខ្ញុំអាយុ ១៧ឆ្នាំ ហើយបានអានអត្ថបទពីការចុះផ្សាយរបស់ BBCកាល ពីឆ្នាំ២០០៨»។

លោក ហែម ប៊ុនទីង រស់នៅក្នុង “ស្តាតអូឡាំពិក ក្នុង រាជធានីភ្នំពេញ” ខណៈពេលដែលគាត់ជម្នះភាពក្រីក្រខ្លាំង ដើម្បី​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ក្នុង​ការ​ប្រកួតអន្តរជាតិ ដូចជាស៊ីហ្គេម ដែលគាត់បានឈ្នះមេដាយប្រាក់មួយ (ម៉ារ៉ាតុង ២០០៧) និង​សំរឹទ្ធ២ វិញ្ញាសា 5000m វិញ្ញាសា Marathon នៅឆ្នាំ២០០៩។ លោកក៏បានតំណាងឲ្យប្រទេសកម្ពុជាក្នុងការ ប្រកួតកីឡាអូឡាំពិកទីក្រុងប៉េកាំងឆ្នាំ២០០៨ ផងដែរ។

Soh Rui Yong បានបញ្ជាក់ថា៖ «លោក ហែម ប៊ុនទីង បានបំផុសគំនិតខ្ញុំយ៉ាងខ្លាំងជាមួយ នឹង ចំណង់ ចំណូលចិត្តរបស់គាត់ចំពោះកីឡា និងការតស៊ូរបស់គាត់ដើម្បីជំនះរាល់ឧបសគ្គ។ ខ្ញុំបាន ដឹងថាខ្ញុំមានសំណាងណាស់នៅក្នុងជីវិតបើប្រៀបធៀបទៅនឹងអត្តពលិកដូចជាខ្លួនគាត់ ហើយ ខ្ញុំថែមទាំងត្រូវបានជំរុញឱ្យប្រើប្រាស់ឱកាសរបស់ខ្ញុំដើម្បីជោគជ័យសម្រាប់ប្រទេសរបស់ខ្ញុំ។ នៅ ទីបំផុត ខ្ញុំបានឈ្នះមេដាយមាសស៊ីហ្គេមម៉ារ៉ាតុងចំនួនពីរនៅក្នុងឆ្នាំ ២០១៥ និង២០១៧។ ភាពជោគជ័យ​នេះ ចាប់ផ្តើមដោយការបំផុសគំនិតពីលោក ហែម ប៊ុនធីង»។

កីឡាករ Soh Rui Yong ក៏​បាន​ប្រកាស​ចង់​ជួប​លោក ហែម ប៊ុនធីង នៅ​ពេល​មក​ចូល​រួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅកម្ពុជា ថា៖ «មិនដឹងថាគាត់នៅម្តុំភ្នុំពេញទេ តែ​បើ​មានអ្នកមក​ពីស្រុក​ខ្មែរ​បាន​អាន​រឿង​នេះ សូមប្រាប់គាត់ផង ខ្ញុំពិតជាចង់ជួបគាត់ដោយផ្ទាល់!» ជួបគ្នា​នៅ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី០៦ ឧសភា»។

គួរបញ្ជាក់ថា លោក ហែម ប៊ុនទីង គឺជាកីឡាកររត់ម៉ារ៉ាតុងកម្ពុជា លោកកើតថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ១៩៨៥ មាន​ស្រុក​កំណើតមក​ពី​គ្រួសារ​កសិករ​ក្នុង​ខេត្ត​ស្ទឹងត្រែង។ លោក​ធ្លាប់តំណាងកម្ពុជាចូលរួមប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ និងបាន​ឈ្នះ​មេដាយ​ប្រាក់​ ក្នុង​ការ​រត់​ម៉ារ៉ាតុង និងមេដាយ​សំរឹទ្ធ​មួយ​ក្នុង​ការ​រត់​ប្រណាំង​ចម្ងាយ ៥០០០ ម៉ែត្រ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​ឆ្នាំ ២០០៧​។

លោក ហែម ប៊ុនទីង ក៏ធ្លាប់​បានតំណាងឱ្យប្រទេសកម្ពុជា​ក្នុងការ​រត់ម៉ារ៉ាតុង​នៅ​ឯកីឡាអូឡាំ​ពិករដូវ​ក្តៅឆ្នាំ​២០០៨ នៅទីក្រុងប៉េកាំង ដោយបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៧៣ នៅថេរវេលា ២:៣៣:៣២​វិនាទី។ ក្រោយ​មក​លោក បាន​បំបែកំណត់​ត្រា​ថ្មី ឈ្នះមេដាយសំរឹទ្ធ នៅក្នុង​អំឡុងការប្រកួតកីឡា​អាស៊ីអាគ្នេយ៍​ឆ្នាំ២០០៩ នៅទីក្រុងវៀនច័ន្ទន៍ ប្រទេសឡាវ៕

Share.