ក្រុមបាល់ទាត់​​ជម្រើសជាតិទីម័រខាងកើត កំពុងសំងំ​ហ្វឹក​ហាត់​នៅ​ប្រទេស​​ថៃ​ មុន​បន្ត​ដំណើរ​មក​​ចូល​រួម​ស៊ីហ្គេម​ លើក​ទី៣២ នៅរាជធានី​​ភ្នំពេញ ខណៈ​ក្រុម​មួយ​នេះ​នឹង​ត្រូវ​ប្រកួត​បើក​ឆាក​ប៉ះ​ម្ចាស់​ផ្ទះ​កម្ពុជា ក្នុង​ពូល A នា​ចុង​ខែ​មេសា ខាង​មុខ។

សម្រាប់​ក្រុម​ជម្រើស​ជាតិ​ទីម័រ​ អាយុ២២ឆ្នាំ ដឹកនាំ​ដោយ​​លោក​ Park Soon Tae ជន​ជាតិ​កូរ៉េខាងត្បូង បាន​ណាត់​ក្លិប​មួយ​ចំនួន​របស់​ប្រទេស​ថៃ ប្រកួត​មិត្តភាព​កម្ដៅសាច់ដុំ​ក្រៅ​ផ្លូវការ ក្រៅ​ពី​​ហ្វឹកហាត់​បច្ចេកទេស​​នៅ​ក្រៅ​ប្រទេស​របស់​ខ្លួន។

បើតាម​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន TATOLI របស់​ទីម័រខាងកើត បញ្ជាក់​ថា​សហព័ន្ធ​បាល់ទាត់​របស់​ប្រទេស​ខ្លួន​​ បាន​ចំណាយ​ទឹកប្រាក់​ ២០០,០០០០ ដុល្លារ​សម្រាប់​ការ​ចំណាយ​ទូទៅ ទាំងការហ្វឹកហាត់ និង​ការ​​ត្រៀម​ខ្លួន​​ មុន​ធ្វើ​ដំណើរ​​មក​ចូលរួម​​ព្រឹត្តិការណ៍​ស៊ីហ្គេម​ នៅ​កម្ពុជា​។

តាម​គម្រោង​ក្រុម​ជម្រើស​ជាតិ​ទីម័រ​ នឹង​ចាក់​ចេញ​ពី​ប្រទេសថៃ​ នៅ​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ២០២៣ ឆ្ពោះ​មក​កាន់​ទីក្រុង​ភ្នំពេញ ​ប្រទេស​កម្ពុជា ដើម្បីត្រៀមខ្លួនប្រកួតស៊ីហ្គេម ។

គួរ​បញ្ជាក់​ថា ក្រុម​ជម្រើ​ជាតិ​ទីម័រ​ ស្ថិត​នៅ​ពូល​ A ជា​មួយម្ចាស់កម្ពុជា មីយ៉ានម៉ា  ឥណ្ឌូនេស៊ី និងហ្វីលីពីន ដោយ​ក្រុម​ជម្រើស​ជាតិទីម័រ នឹងត្រូវ​ជួប​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា នៅ​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ២០២៣​ ដែល​ការ​ប្រកួត​ធ្វើ​ឡើងនៅ​ពហុកីឡដ្ឋានអូឡាំពិក៕

Share.