តារាជើងស៊ុត Zlatan Ibrahimovic ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ស៊ុយអែត កោះហៅឱ្យចូលក្នុងក្រុមជម្រើសជាតិឡើងវិញ បើទោះជាសមាជិកក្រុម AC Milan រូបនេះបានប្រកាសចូលនិវត្តន៍រយៈពេល៥ឆ្នាំមកហើយក្តី ដើម្បីត្រៀមប្រកួតក្នុងវគ្គជម្រុះពានរង្វាន់ 2022 FIFA World Cup Qatar ប្រចាំតំបន់អឺរ៉ុប នៅចុងខែមីនា ឆ្នាំ២០២១ នេះ។

សារព័ត៌មាន eurosport បានបញ្ជាក់ថាកីឡាករវ័យ៣៩ឆ្នាំរូបនេះបានជាប់ឈ្មោះក្នុងបញ្ជីរបស់លោកគ្រូបង្វឹកJanne Andersson របស់ក្រុមស៊ុយអែត ដើម្បីប្រកួតជាមួយក្រុមហ្សកហ្ស៊ី និងកូសេវ៉ូ ខណៈកីឡាកររូបនេះធ្លាប់ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិអស់រយៈពេល៥ឆ្នាំយ៉ាងណាក្តី។
កីឡាករ Zlatan Ibrahimovic ធ្លាប់រកគ្រាប់បាល់ឱ្យក្រុមជម្រើសជាតិខ្លួនបានរហូតដល់៦២គ្រាប់ មុនគិតត្រឹមចូលនិវត្តន៍ជម្រើសជាតិត្រឹមប្រកួត Euro 2016។ រូបគេធ្លាប់បានប្រាប់អ្នកសារព័ត៌មានកាលពីខែវិច្ឆិកា ឆ្នាំ២០២០ ថាចង់ជាប់ជម្រើសជាតិឡើងវិញម្តងទៀត ខណៈនោះលោក Janne Andersson បានធ្វើដំណើរមកជួបកីឡាកររូបនេះនៅក្នុងទីក្រុង Milan ប្រទេសអ៊ីតាលី តែម្តង ជាទីដែល Zlatan Ibrahimovic ប្រកបអាជីពជាមួយក្លិប AC Milan ដើម្បីបញ្ជាក់ពីរឿងនេះ។
លោក Janne Andersson បានប្រាប់អ្នកសារព័ត៌មានថ្មីៗនេះថា៖«ជម្រើសទី១និងសំខាន់បំផុត គឺគាត់ ( Zlatan) ជាកីឡាករល្អបំផុតដែលយើងមាននៅក្នុងប្រទេសស៊ុយអែត។ វាពិតជាគួរឱ្យអស់សំណើចដែលគាត់ចង់ត្រឡប់មកវិញ។ គាត់ជាកីឡាករម្នាក់មានបទពិសោធន៍ច្រើន ហើយមានចង្វាក់លេងត្រូវគ្រប់កីឡាករក្នុងក្រុមយើង»។
កីឡាករ Zlatan Ibrahimovic បានផ្លាស់ប្តូរក្លិបបាល់ទាត់ចំនួន១១លើក មកហើយខណៈរូបគេធ្លាប់ជាប់បញ្ជីក្នុងក្រុមជម្រើសជាតិតាំងពីឆ្នាំ២០០១ មកម៉្លេះ។ រូបគេធ្លាប់ទទួលបានពានរង្វាន់ឯកកត្តជនជាច្រើនទាំងក្នុងប្រទេស កម្រិតទ្វីបនិងកម្រិតពិភពលោក ផងដែរ៕