ព្រៃវែង ៖ បុរសម្នាក់ជាមនុស្សប្រើប្រាស់ថ្នាំញៀន រហូតដល់បែក សតិលែងដឹងអ្វី ស្រាប់តែចាប់ឪពុកវាយ បោកផ្ទប់នឹងធុងហ្គាស នៅក្នុងផ្ទះបណ្តាលឲ្យស្លាប់ យ៉ាងអាណោចអធ័ម បង្កឲ្យផ្អើលអ្នកអ្នកភូមិ សមត្ថកិច្ចចុះទៅឃាត់បាន ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅក្នុងភូមិថ្លុកកណ្ដោល ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង ។

ជនរងគ្រោះជាឪពុកមានឈ្មោះ យ៉ុន ឆៃឡេង អាយុ៥២ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុ ។ ចំណែកកូនប្រុស ក្លាយជាឃាតករស្លាប់ឪពុកខ្លួនឯងដោយសារឥទ្ធិពលគ្រឿងញៀន មានឈ្មោះ ឡេង បារាំង អាយុ២៧ឆ្នាំ ជាមនុស្សប្រើប្រាស់គ្រឿងញៀន រហូតដល់បែកថ្នាំបាត់បង់ស្មារតី រស់នៅផ្ទះកើតហេតុ ។

បើតាមប្រជាពលរដ្ឋ អ្នកភូមិបានឲ្យដឹងថា ជនសង្ស័យខាងលើជាមនុស្សញៀនថ្នាំ កន្លងមកបង្កបញ្ហាក្នុងគ្រួសារ ដោយសារតែគ្រឿងញៀន ធ្វើឲ្យបាត់បងម្ចាស់ការ លែងដឹងអ្វី ទីបំផុតក្លាយជាឃាតករសម្លាប់ឪពុកខ្លួនឯង ។

តាមក្រុមគ្រួសារបានឲ្យដឹងថា តាំងពីកូនប្រុសក្លាយខ្លួនជាមនុស្សបែបនេះ ក្នុងក្រុមគ្រួសារ ប្រុងប្រយ័ត្នដែរ នៅតែកើតមានរឿងបែបនេះ ហើយមុនកើតហេតុ ខណៈដែលឪពុកកំពុងដេកសម្រាកក្នុងបន្ទប់ កូនប្រុសខាងលើចូលទៅចាប់វាយ ចាប់បោកឪពុកផ្ទប់នឹងធុងហ្គាស បណ្តាលឲ្យស្លាប់ ។

ហេតុការណ៍ខាងលើ កើតឡើង ផ្អើលអស់អ្នកស្រុក សមត្ថកិច្ចចុះទៅឃាត់ខ្លួនជនបង្ក នាំយកទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី រីឯសាកសពឪពុក ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យ កោសល្យវិច័យហើយ ប្រគល់ជូនក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.