ក្បួនដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅទីក្រុង យ៉ាំង ហ្គូន នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានប្រព្រឹត្តទៅ និងបញ្ចប់ដោយរលូន ព្រម​ទាំង​ទទួល​បានជោគជ័យ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ ដោយមានកីឡាករ-កីឡាការិនី និង​មហាជន​មីយ៉ាន់ម៉ា ចូលរួម និងរត់ដង្ហែប្រមាណ ១ ៥០០នាក់ ព្រម​ទាំង​ទទួល​បាន​ការ​សាទរ​យ៉ាង​ច្រើន​កុះករពីពលរដ្ឋមីយ៉ាន់ម៉ា នៅតាមដងផ្លូវ។

ពិធីដង្ហែនេះ ធ្វើឡើងក្រោមវត្តមានឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និង​ជាបេសកជន​ពិសេស CAMSOC ឯកឧត្តម ជុំ អង្គវិចិត្រ ឯកអគ្គរាជទូតកម្ពុជាប្រចាំមីយ៉ាន់ម៉ា និង​ឯកឧត្តម Minn Thein Zan រដ្ឋមន្ដ្រីសហភាពក្រសួងកីឡា និង​ជាប្រធានគណៈ​កម្មាធិការជាតិ​អូឡាំពិក​មីយ៉ាន់ម៉ា និងលោក Tun Myint Oo អគ្គនាយកក្រសួងកីឡា និងកិច្ចការយុវជន ថ្នាក់​ដឹកនាំ​តំណាង​ក្រសួង​ការបរទេស និងប៉ារ៉ាហ្គេមមីយ៉ាន់ម៉ា ឯកអគ្គរដ្ឋ/រាជទូតបណ្ដាប្រទេសក្នុងតំបន់ និង​ក្រៅ​តំបន់ ថ្នាក់ដឹកនាំតំណាងគណៈកម្មាធិការប្រជាជនទីក្រុងយ៉ាំងហ្គូន ផងដែរ។

តាម​ការគ្រោងទុក ​ព្រះអគ្គិជ័យ​កីឡា​ត្រូវ​ដង្ហែ​តាម​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន និង​ប្រទេស​ទីម័រខាងកើត​ព្រម​ទាំង​ហែ​​ជុំវិញ​បណ្ដា​ខេត្ត​ដែល​នៅ​ជាប់​នឹង​បឹងទន្លេសាប​នៃ​ព្រះរា​ជាណាចក្រ​កម្ពុជា ខណៈ​​កម្ពុជា ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃការ​ប្រកួត​កីឡា​ស៊ីហ្គេមលើកទី ៣២ នៅ​ថ្ងៃទី ​៥ ខែឧសភា ឆ្នាំ ២០២៣ តទៅ៕

Share.