សត្វតោមួយក្បាលដែលមានឈ្មោះថា «ហ៊ីម៉ា» បានដឹកចេញពីសួនសត្វភ្នំតាម៉ៅត្រឡប់មកផ្ទះជាទីដ្ឋានរបស់ជនជាតិចិនជាម្ចាស់។ការដឹកតោមកដល់ផ្ទះវិញនេះធ្វើឡើងបន្ទាប់ពីមានកិច្ចអន្ដរាគមន៍ពីសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីកម្ពុជា។ 

ទន្ទឹមនឹងការដឹកសត្វតោមកដល់គេហដ្ឋានរបស់ជនជាតិចិន នៅសង្កាត់បឹងកេងកង ខណ្ឌបឹងកេងកងវិញនេះ គឺម្ចាស់បានរៀបចំជារបងដាក់សត្វតោនៅក្នុងផ្ទះ ដើម្បីការពារសុវត្ថិភាពនៃការរស់នៅ តាមការណែនាំ របស់សម្ដេចតេជោ ហ៊ុន សែន។ 

សូមចុចអាន៖ ម្ចាស់តោ ទទួលសិទ្ធិចិញ្ចឹមនៅផ្ទះវិញបានហើយ តែត្រូវបំពេញលក្ខខណ្ឌមួយនេះ !

តោ «ហ៊ីម៉ា» មុនទៅផ្ទះសម្លឹងអ្នក…មិនដាក់ភ្នែក !

នៅមុនតោដឹកមកដល់ផ្ទះវិញ សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញសង្គមថា «ក្រោយក្ដាប់បានរឿងសត្វតោ។ ល្ងាចនេះ ខ្ញុំបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបានឯកភាពគ្នាថាអនុញ្ញាតិឱ្យម្ចាស់យកទៅចិញ្ចឹមវិញក្នុងលក្ខខណ្ឌម្ចាស់ត្រូវធ្វើ ទ្រុងឱយបានត្រឹមត្រូវដើម្បីធានាសុវត្តិភាព ទាំងមនុស្សក្នុងផ្ទះនិងអ្នករស់នៅជិតខាង។ អរគុណបងប្អូនជនរួមជាតិទាំងក្នុងនិងក ប្រទេសដែលបានផ្ដល់យោបល់និងអាណិត ដល់សត្វតោ»។

ឯម្ចាស់តោ ដែលមានឈ្មោះថា Qi Xiao បានសរសេរលើផេករបស់ខ្លួនថា «ជាបឋមខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងខ្ពង់ខ្ពស់ដល់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្ត ទុកដាក់ចំពោះបញ្ហានេះ។ ហើយក៏សូមអរគុណដល់ថ្នាក់ដឹកនាំគ្រប់ ជាន់ថ្នាក់ផងដែល នឹងពុកម៉ែបងប្អូនប្រជាជនកម្ពុជាទាំងអស់ដែលបានជួយ និងគាំទ្រដល់” ហ៊ីម៉ា” របស់យើងខ្ញុំផងដែរ ធ្វើអោយខ្ញុំបាទរស់នៅក្នុង ប្រទេសកម្ពុជាយ៉ាងមានអារម្មណ៍កក់ក្ដៅ ជាចុងក្រោយសុំជូនពរអោយ កម្ពុជានឹងចិនជាមិត្តដែកថែបជារៀងរហូត»។ 

សម្លាញ់ជ្រួញ និងសត្វតោ បានមកជួបជុំគ្នាវិញ នៅទីដ្ឋានម្ចាស់ជាជនជាតិចិន

កាលពីថ្ងៃទី២៦ ខែមិថុនា កន្លងទៅ រដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ តាមបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានចុះរឹបអឋុសយកសត្វតោមួយក្បាល នៅផ្ទះលេខ ២២ ផ្លូវ៣០៦ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ តាមបណ្ដឹងរបស់ប្រជាពលរដ្ឋអ្នកជិតខាង និងអ្នកទេសចរបរទេស។ ការរឹបអូសសត្វតោពីជនជាតិចិននេះ បានយកទៅប្រលែងនៅភ្នំតាម៉ៅ ជាទីសួនសត្វដ៏ធំមួយ ក្នុងខេត្តតាកែវ។ សត្វតោដែលដកហូតពីម្ចាស់នេះ មានអាយុ១ឆ្នាំកន្លះ ទម្ងន់៧០គីឡូក្រាម ដោយមួយថ្ងៃស៊ីចំណី ចម្អិនហើយ ៦គីឡូក្រាម។ វាត្រូវបានម្ចាស់ដកចង្កូមរួចហើយដែរ៕ 

Share.