សិល្បៈ​អន្តរជាតិ​៖ អ្នក​ស្រី Frances Yip ថ្វី​ត្បិត​តែ​បច្ចុប្បន្ន​​មាន​ជន្មាយុ​ ៧២​ឆ្នាំ​ក្ដី​ ប៉ុន្តែ​ទឹក​ដម​សំឡេង​ដ៏​ពីរោះ​ និង​ថាមពល​សំឡេង​ខ្លាំង​គ្មាន​គូ​ប្រៀប​នៅ​​តែ​រក្សា​បាន​យ៉ាង​ល្អ​ ព្រោះ​នៅ​ក្នុង​កម្មវិធី​នានា​ដែល​​​​អ្នក​ចម្រៀង​វ័យ​ចំ​ណាស់​រូប​នេះ​ទៅ​ចូលរួម​ ក្នុង​ឆ្នាំ​២០២៣​នេះ​ ធ្វើ​ឱ្យ​អ្នក​គាំទ្រ​​ទទួល​ស្គាល់​ថា​ ពេល​វេលា​កន្លង​ទៅ​យូរ​ប៉ុណ្ណា​ តែ​សំឡេង​របស់​អ្នក​ស្រី​នៅ​តែរក្សា​​ដូច​ដើម​។

«បងធំ​នៅ​ក្រុង​សៀងហៃ» គឺ​ជា​ខ្សែ​ភាពយន្ត​ចិន​ដ៏​ល្បីល្បាញ​បំផុត​កាល​ពី​​ឆ្នាំ​១៩៨០​ ដែល​រឿង​នោះ​ចូលរួម​សម្ដែង​ដោយ​តារា​ល្បី​ដូច​ជា​ Chow Yun Fat, Ray Lui និង Angie Chiu។ មិន​ត្រឹម​តែ​សាច់​រឿង​នោះ​ទេ​ដែល​ឆក់​យក​បេះដូង​អ្នក​ទស្សនា​ដែល​និយម​ភាពយន្ត​ចិន​ សូម្បី​តែ​បទ​ចម្រៀង​ក៏​បាន​សន្ដំ​អ្នក​ស្ដាប់​ឱ្យ​ឈ្លក់​វង្វេង​នឹង​ទឹក​ដម​សំឡេង​ដ៏​ក្រអួន​ក្រអៅ និង​មាន​ថាម​ពល​របស់​អ្នក​ស្រី Frances Yip រហូត​បទ​នេះ​ បាន​ក្លាយ​ជា​បទ​ចម្រៀង​​ជា​ប្រវត្តិ​សាស្ត្រ​ ដែល​ត្រូវ​បាន​អ្នក​ចម្រៀងចាស់​ក្មេង​លើក​យក​មក​បកស្រាយ​នៅ​ក្នុង​ឱកាស​ផ្សេង​រហូត​មក​ទល់​នឹង​បច្ចុប្បន្ន​នេះ​។

កន្លង​ទៅ​៤៣​ឆ្នាំ​ ពោល​នៅ​ក្នុង​ឆ្នាំ​២០២៣​នេះ អ្នក​ស្រី​ Frances Yip ដែល​មាន​វ័យ​ក្បាល​៧០​ទៅ​ហើយ​នោះ បាន​បង្ហាញ​វត្តមាន​ជា​តារា​កិត្តិយស​នៅ​ក្រៅ​ប្រទេស​មាន​ដូច​ជា​ថៃ និង​ម៉ាឡេស៊ី ហើយ​អ្វី​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ទាំង​ថ្មី​និង​ចាស់​ភ្ញាក់​ផ្អើល​នោះ​គឺទឹក​ដម​សំឡេង​អ្នក​ស្រី​នៅ​តែ​ដូច​កា​ល​ពី​មុន​ មិន​ប្រែប្រួល​ទាល់សោះ​។

អ្នក​គាំទ្រ​បាន​សរសើរ​ថា​ថ្វី​ត្បិត​តែ​វ័យ​ជ្រេ​ សក់​ស​ពេញ​ក្បាល​​តែ​សម្រស់​របស់​អ្នក​ចម្រៀង​រូប​នេះ​នៅ​តែមើល​ទៅ​ស្រស់​ស្អាត និង​ក្មេង​ជាង​វ័យ​ជា​ពិសេស​គឺ​ទឹក​ដម​សំឡេង​ដែល​នៅ​តែ​មាន​ថាមពល​និង​ពីរោះ​ដូច​កាល​ពីមុន​៕

តោះ​ស្ដាប់​សាក​ប្រៀប​ធៀប​បន្តិច​ តើ​ទឹក​ដម​សំឡេង​របស់​ អ្នក​ស្រី Frances Yip តែ​ដូច​មុន​ឬ​យ៉ាង​ណា?

សំឡេង​ច្រៀង​ផ្ទាល់​លើ​ឆាក​ថ្មី​ៗ​នៅ​ប្រទេស​ម៉ាឡេស៊ី​ (ចាប់ពី​នាទី ៦.៤៣ តទៅ)

សំឡេង​ច្រៀង​បញ្ចូល​ក្នុង​ភាពយន្ត​ Shanghai Bund

Share.