សិល្បៈ​អន្តរជាតិ៖ អ្នក​គាំទ្រ​ទន្ទឹង​រង់​ចាំ​យ៉ាង​អន្ទះសារ​ថា ​តើ​ពេល​ណា​ទៅ​​ទើប​អ្នក​ទាំង​ពីរ​ ជា​ពិសេស​ James ព្រម​បង្ហាញ​មុខ​សង្សារ​ឱ្យ​អ្នក​គាំទ្រ​បាន​ឃើញ​ច្បាស់ៗ​។ ទីបំផុត​ការ​ទន្ទឹង​បាន​មក​ដល់​ទី​បញ្ចប់​ព្រោះ​សាមី​ខ្លួន​ James Ji បាន​បង្ហោះ​រូប​ភាព​ផ្អែម​ល្ហែម​របស់​ខ្លួន​និង​សង្សារ​នៅ​លើ​ Instagram ផ្ទាល់​ខ្លួន​។

សេពគប់​មើល​ចិត្ត​មើល​ថ្លើម​គ្នា​ជា​ច្រើន​ឆ្នាំ​ហើយ​សម្រាប់​បុរស​សង្ហា​ James Jirayu និង​សង្សារកញ្ញា Foam (โฟม) នារី​នៅ​ក្រៅ​រង្វង់​សិល្បៈ​ យ៉ាង​ណា​មិញ​គូស្នេហ៍​​មួយ​គូ​នេះ​មិន​ធ្លាប់​មាន​រូប​ផ្អែម​ល្ហែម​ឬ​រូប​គូ​ជាមួយ​គ្នា​ឡើយ​ បើ​មាន​អាច​មាន​ដោយ​សារ​តែ​អ្នក​ទាំង​ពីរ​ថត​ជុំ​គ្នា​ជាមួយ​មិត្ត​ភក្ដិ​ហើយ​ត្រូវ​មិត្ត​ភក្តិ​ក្នុង​ក្រុម​យក​ទៅ​ផុស​ប៉ុណ្ណោះ។

ទីបំផុត​នៅ​ឱកាស​ដែល​ James Jirayu ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​លេង​សមុទ្រ​ ស្រាប់​តែ​ម្ចាស់​ខ្លួន​បាន​បង្ហោះ​រូប​ភាព​ជា​ច្រើន​សន្លឹក​នៅ​ក្នុង​បរិយាកាស​ស្រស់​ស្រាយ​មុខ​ឆ្នេរ​ខ្សាច់​ ព្រម​ជាមួយ​នឹង​សំណេរ​រៀបរាប់​ថា​ «ងាក​ខ្នង​ឱ្យ​កាមេរ៉ា ងាក​មុខ​ដាក់​សមុទ្រ ហើយ​​ងាក​​បេះដូង​រក​អូន»។ ក្រៅ​ពី​ពាក្យ​ពេចន៍​ផ្អែម​ល្ហែម​ហើយ​ រូប​ភាព​ដែល​លាក់​ទុក​ចុង​ក្រោយ​គេ​នោះ​គឺជា​រូបថតឱប​គ្នា​ស្អិត សម្លឹង​កាមេរ៉ា​រវាង​ James និង​គូស្នេហ៍​ នារី​ក្រៅ​រង្វង់​សិល្បៈ។

រូបភាព​មួយ​សន្លឹក​នេះ​មិន​ត្រឹម​តែ​អ្នក​គាំទ្រ​នោះ​ដែល​ចាប់​អារម្មណ៍​ចូល​មក​បញ្ចេញ​ចំណាប់​អារម្មណ៍​ព្រោះ​សូម្បី​តែ​អ្នក​សិល្បៈ​ដូច​គ្នា​ក៏​បាន​ចូល​មក​សម្ដែង​ក្ដី​រីករាយ​និង​អបអរ​ចំពោះ​គូស្នេហ៍​មួយ​គូនេះ​ផង​ដែរ៕

ប្រភព៖ Thairath

Share.