យ៉ាងហោចណាស់មានអ្នកកាសែតចំនួន៧រូប ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ផ្ដល់ការលើកទឹកចិត្ត ឱ្យកាន់មុខតំណែងនានាក្នុងជួររាជរដ្ឋាភិបាល ក្នុងនោះក៏មានមុខតំណែងក្រុមលេខាសម្ដេចផងដែរ។ អ្នកកាសែតទាំងនោះ សុទ្ធតែបំពេញការងារនៅស្ថាប័នសារព័ត៌មានឯកជន ទាំងនៅស្ថានីយ៍ទូរទស្សន៍ និងសារព័ត៌មានអនឡាញ។

កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ តាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ បានត្រាស់បង្គាប់តែងតាំងមុខតំណែង អ្នកនាង ភឹម រុនស៊ីណារតន៍ អ្នកសារព័ត៌មានទូរស្សន៍ CNC ជាអនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

អ្នកនាង ភឹម រុនស៊ីណារតន៍

នៅថ្ងៃទី២៤ ខែមីនាដដែល ព្រះមហាក្សត្រក៏បានត្រាស់បង្គាប់តែងតាំងមុខតំណែងអ្នកនាង អ៊ុង ច័ន្ទសោភា ពិធិការនីព័ត៌មានទូរស្សន៍CTN ជាអនុរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី ហើយរំលងបានប្រមាណ១ខែ ទ្រង់ក៏ត្រាស់បង្គាប់តែងតាំងមុខតំណែងដូចគ្នានេះ ជូនលោក ម៉ក់ រ៉េនីតា អ្នកថតវីដេអូព័ត៌មានជើងចាស់នៃទូរទស្សន៍BTV។

អ្នកនាង អ៊ុង ច័ន្ទសោភា
លោក ម៉ក់ រ៉េនីតា

មួយថ្ងៃក្រោយ គឺនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានចេញអនុក្រឹត្យតែងតាំងអ្នកសារព័ត៌មានស៊ីស៊ីថាមស៍ចំនួន៣រូប ក្នុងនោះក៏មានអ្នកកាសែតជានារីម្នាក់ដែរ ដែលរួមមាន លោក ផ្លុង វិចិត្រ, លោក គួន សំបូរ និងអ្នកនាង ឈ យូរលី ជាសមាជិកក្រុមលេខារបស់សម្ដេច។

អ្នកសារព័ត៌មានស៊ីស៊ីថាមស៍ទាំង៣រូប

ថ្មីៗនេះទៀត កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន ក៏បានបន្តក្រាបបង្កំទូលថ្វាយព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងលោក គន្ធ តារ៉ាវិឆ័យ អតីតអ្នកសារព័ត៌មាននៃទូរទស្សន៍CNC ជាអនុរដ្ឋលេខាធិការក្រសួងយុរត្តិធម៌។

លោក គន្ធ តារ៉ាវិឆ័យ

មុនដំណាច់ឆ្នាំ២០២២ សម្ដេចតេជោក៏បានផ្ដល់មុខតំណែងធំៗជាបន្តបន្ទាប់ ដូចជា លោក ប៉ែន បូណា អតីតប្រធានក្លិបអ្នកកាសែតកម្ពុជា និងជានិពន្ធនាយកទូរទស្សន៍PNN បានទទួលមុខតំណែងជារដ្ឋលេខាធិការក្រសួងព័ត៌មាន ខណៈកញ្ញា អ៊ឹម រចនា អតីតនិពន្ធនាយកវិទ្យុបារាំងអន្តរជាតិrfi ជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ៕

Share.