ភ្នំពេញ ៖ ក្មេងស្រីចំនួន៤នាក់ ឃើញជីដូនទៅរាវលៀស ក៏នាំគ្នាទៅតាមដែរ គ្រោះអកុសលមានក្មេងស្រី២នាក់លង់លិចស្លាប់បាត់ជីវិត ស្រង់បាន២នាក់នៅមានជីវិត បង្កឲ្យភ្ញាក់ផ្អើល ប្រជាពលរដ្ឋ សមត្ថកិច្ច ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នៅចំណុចអូរបាក់អង្រុត ស្ថិតក្នុងភូមិសាក់ប្រយុទ្ធ សង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ក្មេងស្រីរងគ្រោះដែលបានស្លាប់ទាំង២នាក់ ៖ ទី១ ឈ្មោះ ដា សុវណ្ណា អាយុ១៣ឆ្នាំ មុខរបរសិស្ស និង ទី២ ឈ្មោះ អឿន ស្រីឡាន អាយុ១៤ឆ្នាំ មុខរបរសិស្ស ទាំង២នាក់ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា ដែលមានទីលំនៅក្នុងភូមិត្រពាំងអារ័ក្ស សង្កាត់ឳឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

បើតាមក្រុមគ្រួសារ បានឲ្យដឹងថា មុនកើតហេតុ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ក្មេងស្រីរងគ្រោះចំនួន៤នាក់ ជាបងប្អូននឹងគ្នា បាននាំគ្នាទៅលេងក្រោមម្លប់ស្វាយ ក្បែរមាត់អូរខាងលើ លុះដល់វេលាម៉ោង១រសៀលថ្ងៃដដែល ឃើញជីដូនរបស់ពួកគេចុះរាវលៀសតាមមាត់អូរ ក៏នាំគ្នាទៅតាមចុះរាវលៀសដែរ មួយសន្ទុះក្រោយមក ជីដូនបានឡើងលើគោកវិញ ហើយក្មេងស្រីទាំង៤នាក់នៅបន្តរាវ ស្រាប់តែមានម្នាក់ផុងជើងទៅកន្លែងទឹកជ្រៅ ព្រោះអូរនោះមានជម្រៅដល់ទៅ៤ទៅ៥ម៉ែត្រ បណ្តាលឲ្យលង់ ឃើញដូច្នោះ ក្មេងស្រី៣នាក់ទៀតនាំគ្បាស្រវ៉ាចាប់ ស្រាប់តែលង់ទាំង៤នាក់ ជីដូនឃើញស្រែកឆោឡោ ផ្អើលប្រជាពលរដ្ឋក្បែរនោះជួយស្រង់បាន២នាក់ ចំណែក២នាក់ទៀតលង់លិចបាត់ ត្រូវបានប្រជាពលរដ្ឋ សមត្ថកិច្ច ចុះរាវរក ស្រង់បាន ស្លាប់បាត់ជីវិតទាំង២នាក់ ។

សពក្មេងស្រីទាំង២នាក់ ក្រោយពីស្រង់បាន ក្រុមគ្រួសារដឹកយកទៅផ្ទះ ហើយសមត្ថកិច្ចចុះទៅពិនិត្យ កោសល្យវិច័យរួចប្រគល់ឲ្យក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ តាតុងសេនជ័យ

Share.