សិល្បៈជាតិ៖ កញ្ញា ប៉ូ គឹមថេងសុតធីតា ហាក់ព្រួយបារម្ភខ្លាំងចំពោះការចាប់ដៃគូថតខ្សែភាពយន្តរឿង «ជញ្ជាំងក្រហម» ជាមួយនឹងតួឯកប្រុសជនជាតិភូមាគឺលោក Paing​ Takhon​ ក៏ព្រោះតែភាពយន្តនេះធ្លាប់ត្រូវបានខកខាន និងអូសបន្លាយការថតដល់ទៅ ៣ ឆ្នាំរួចមកហើយ។

បន្ទាប់ពីបានចូលរួម Casting តួសម្ដែងជាមួយតួឯកប្រុស Paing​ Takhon កាលពីពេលថ្មីៗនេះ កញ្ញា ប៉ូ គឹមថេងសុតធីតា បានរៀបរាប់នៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ៖ «សូមស្វាគមន៍ក្នុងនាមជាម្ចាស់ផ្ទះនៃការមកដល់លើទឹកដីអច្ឆរិយនៃប្រទេសកម្ពុជា របស់បងប្រុស Paing​ Takhon នាងខ្ញុំសុធីតាក៏សូមបួងសួងអោយកម្រោងកាងារនៃខ្សែរភាពយន្តដែលផលិតដោយស្នាដៃកូនខ្មែរ គឺរឿង « ជញ្ចាំង ក្រហម » បានដំណើរការក្នុងពេលឆាប់ៗនេះផងចុះ»។

យ៉ាងណាមិញ អតីតម្ចាស់មកុដ Miss Grand Cambodia 2021 រូបនេះបានដាក់ជំនឿចិត្តយ៉ាងមុតមាំចំពោះស្ថាប័នពាក់ព័ន្ធនានាក្នុងកម្ពុជា ដើម្បីជួយសម្រួលការថតភាពយន្តរបស់ផលិតកម្ម LD មួយរឿងដំណើរការបាន​បើក​កាមេរ៉ាថតឆាប់ៗ។ កញ្ញារៀបរាប់ថា៖ «សូមអំពាវនាវចំពោះ នាយកដ្ឋានភាពយន្តកម្ពុជា និងលោកប្រធាននាយកដ្ឋាន ជាពិសេសថ្នាក់ដឹកនាំក្រសួងវប្បធម៌គ្រប់ជាន់ថ្នាក់ជួយសម្រួលអោយគំរោងកាងារមួយនេះបានទទួលជោគជ័យផងចុះ ក្រោយពីបានធ្វើការរង់ចាំអស់រយៈពេល៣ឆ្នាំកន្លងមកនេះ។ Welcome to kingdom of Wonder Brother Paing ta Khon . we pray for our project < The Red wall > Can restart soon »។

សូមជម្រាបថា បើតាមសម្ដីរបស់លោក លៀក លីដា ធ្លាប់បានលើកឡើងថា គម្រោងថ្មីនៃភាពយន្ត «ជញ្ជាំងក្រហម» ត្រូវបានផលិតកម្មសម្រេចកែប្រែសាច់រឿងថ្មី និងផ្លាស់ប្ដូរចំណងជើងថ្មី ហើយសូម្បីតែឈុតឆាកចាស់ដែលបានថតកាលពី ៣ ឆ្នាំមុននោះ ក៏ត្រូវបានលុបចោលទាំងស្រុងមិនយកជាការផងដែរ។ គម្រោងនេះ ផលិតកម្ម LD បានចាយទុនផលិតរបស់ខ្លួនដល់ខ្ទង់ ១លានដុល្លារ ដែលជាគម្រោងធំបំផុតរបស់ផលិតកម្មផ្ទាល់៕

Share.