ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញវត្តមានអញ្ជើញជាធិបតីក្នុងពិធីបើកការប្រកួតរវាងក្រុមកីឡាករ គ្រីឃីត កម្ពុជា ជាមួយក្រុមកីឡាករ ឥណ្ឌូនេស៊ី។ វត្តមានឯកឧត្តម ហង់ ជួនណារ៉ុន ក្នុងកម្មវិធីកីឡា​ មិនមែនជារឿងចម្លែកទេ ដ្បិតឯកឧត្តមមានតួនាទីជារដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាស្រាប់។ ប៉ុន្តែមហាជន បានបង្ហាញសេចក្ដីស្ញប់ស្ងែង ដោយសារតែឯកឧត្តម រួមទាំងក្រុមគ្រួសារ ទើបតែបញ្ចប់ពិធីបុណ្យបូជាសពអ្នកម្ដាយនាយប់ថ្ងៃទី២៨ ខែមេសាម្សិលមិញនេះទេ។

សូមបញ្ជាក់ថា ឯកឧត្តម បណ្ឌិតសភាចារ្យ រួមទាំងបងប្អូន និងញាតិមិត្ត បានប្រារព្ធពិធីបូជាសពអ្នកម្ដាយ គឺមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ែន សាអ៊ុន ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ លោកជំទាវ​ កិត្តិសង្គហបណ្ឌិត​ ឃួន​ សុដារី​ អនុប្រធានទី២​នៃរដ្ឋសភា​ នាវេលាម៉ោង​១៩:០០​យប់ នៅវត្តប្រជុំនទី​ ហៅវត្តក្រពេីហា​។ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ែន សាអ៊ុន បានទទួលមរណភាព នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៩:០០ ក្នុងជន្មាយុ៨៦ឆ្នាំ​ ដោយជរាពាធ។ លោកជំទាវ គឺជាភរិយារបស់ឯកឧត្តម ហង់ ជួន អតីតរដ្ឋមន្រ្តីអប់រំ។

គួររម្លឹកដែរថា ដោយសារត្រូវរៀបចំពិធីបុណ្យសពអ្នកម្ដាយ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានអវត្តមានពីកម្មវិធីសំខាន់ៗមួយចំនួន រួមទាំងកម្មវិធី ក្រោមអធិបតីភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រម្ពុជា ដូចជាពិធីប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគ​ជ័យពីវិទ្យាស្ថានជាតិអប់រំ នៅវិទ្យាស្ថានជាតិអប់រំ និងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីជាដើម៕

Share.