សិល្បៈជាតិ៖ ទីបំផុតលោក G-Devith បានប្រកាសអបអរបទចម្រៀង «មហានគរ» មានអ្នកទស្សនាដល់ទៅ ១ លានដងទាំងនៅលើយូធូប និងហ្វេសប៊ុកនៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៣។ បទនេះទើបតែបញ្ចេញបាន​២​ថ្ងៃ​តែ​ប៉ុណ្ណោះ ក៏បានវ៉ាដាច់បទផ្សេងៗទៀតដែលបានបញ្ចេញក្នុងថ្ងៃតែមួយ។

ទន្ទឹងនឹងភាពជោគជ័យនៃបទចម្រៀងបែប Song of the Nation មួយនេះ លោក G-Devith បានបង្ហោះសារនៅហ្វេសប៊ុកថា ៖ «អរគុណបងប្អូនសម្រាប់ការស្រលាញ់គាំទ្រ បទ មហានគរ (यशोधरपुर Yaśōdharapura) ទទួលបានការចូលមើល ១លាន ដង រយៈពេល ៤៨ម៉ោង ក្នុង Youtube និង Facebook»។

យ៉ាងណាមិញ បើយើងមើលទៅលើយូធូប យើងឃើញថា បទ «មហានគរ» កំពុងតែស្ថិតក្នុងលំដាប់ទី ៣ នៅលើផ្នែកកំពុងពេញ​និយមសម្រាប់តន្រ្តី ហើយនឹងកំពុងឡើងទៅកាន់ត្រេដឌីង (Trading) កំពូល នោះគឺ Top 1 តែម្ដង។

សូមជម្រាបថា បទ «មហានគរ» ត្រូវបានតារាចម្រៀង G-Devith ដាក់ទាំងចិត្ត និងដួងព្រលឹងសរសេរបទនេះឡើងជាពិសេសសម្រាប់កុលបុត្រខ្មែរ ដើម្បីឱ្យអត្ថរស និងអត្ថន័យនៃបទចម្រៀងធ្វើឱ្យអ្នកស្ដាប់ រំភើប ស្ញប់ស្ញែង និងព្រឺសម្បុរតាម។ ជាពិសេសបទនេះបានបញ្ចូលភ្លេងខ្មែរដូចជា សាឡៃ ស្គរធំ ចាប៉ឺដងវែង ក្រាប ពិន និងឧបករណ៍ផ្សេងៗទៀតដែលធ្វើឱ្យបទនេះពិតជាស័ក្ដសមបំផុតសម្រាប់ព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ឆ្នាំ ២០២៣។

គួរដឹងថា មហាព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (32nd SEA Games) នឹងចាប់ផ្ដើម​ពី​ថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ចំណែក​មហាព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ារ៉ា​ហ្គេម លើក​ទី១២ (12th ASEAN Para Games) នឹងធ្វើឡើងពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។

សូមតាមដានការផ្សាយបន្តផ្ទាល់អំពីមហាព្រឹត្តិការណ៍ទាំង២នេះ នៅលើទំព័រហ្វេសប៊ុកសារព័ត៌មានត្រយង

Share.