រាជរដ្ឋាភិបាលកម្ពុជា ដោយមានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ហៅកាត់ គ.ជ.អ.ប. ជាសេនាធិការ នឹងប្រគល់មុខងារគ្រប់គ្រងវិស័យអប់រំឱ្យទៅរដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេសនាពេលឆាប់ៗខាងមុខ។ នេះបើតាមលទ្ធផលនៃកិច្ចប្រជុំ គ.ជ.អ.ប លើកទី២១ កាលពីថ្ងៃទី២ ខែឧសភា នឹងទើបត្រូវបានធ្វើបច្ចុប្ប​ន្នភាពខ្លឹមសារបន្ថែមនៅយប់ថ្ងៃទី៤ ខែឧសភានេះ លើទំព័រហ្វេសប៊ុកផេកសម្ដេចក្រឡាហោម ស ខេង ដែលមានតួនាទីជាប្រធាន គ.ជ.អ.ប។

គួរកត់សម្គាល់ថាមុខងារគ្រប់គ្រងវិស័យអប់រំដែលថ្នាក់ជាតិនឹងផ្ទេរមកឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ នោះរួមមាន ការអប់រំកុមារតូច បឋមសិក្សា និងការអប់រំក្រៅប្រព័ន្ធ។ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ២លើក ដោយលើកទី១ដាក់ឱ្យរដ្ឋបាលខេត្តបាត់ដំបងអនុវត្តសាកល្បង និងលើកទី២ប្រគល់ឱ្យអនុវត្តជាផ្លូវការមុនគេចាប់ពីចុងឆ្នាំ២០១៩រហូតបច្ចុប្បន្ន។

បច្ចុប្បន្ន បណ្ដាក្រុង ស្រុក ខណ្ឌផ្សេងទៀត ក្រៅពី១៤ក្រុង ស្រុក ក្នុងខេត្តបាត់ដំបង បាននិងកំពុងគ្រប់គ្រងមុខងារវិស័យអប់រំទាំង៣នេះ តាមរបៀបវិមជ្ឈការនៅឡើយទេ។ ផ្ទុយពីរដ្ឋបាលក្រុង ស្រុក នៃខេត្តបាត់ដំបងដែលមានសិទ្ធិគ្រប់គ្រងទាំងធនធានមនុស្សក្នុងវិស័យអប់រំ មានធនធានថវិកាផ្ទាល់ខ្លួនដើម្បីចាត់ចែង និងមានសិទ្ធិតែងតាំង ផ្លាស់ប្ដូរ ប្រធានការិយាល័យអប់រំ និងគ្រូបង្រៀនក្នុងដែនដីរដ្ឋបាលរបស់ខ្លួនជាដើម។

នៅចុងខែធ្នូ ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង បានចេញសេចក្ដីសម្រេចបង្កើត ក្រុមការងារបច្ចេកទេសអន្តរក្រសួងសម្រាប់សិក្សាវាយតម្លៃលើការអនុវត្តមុខងារក្នុងវិស័យអប់រំ ដែលបានផ្ទេរទៅឱ្យរដ្ឋបាល​ក្រុង ស្រុក ខណ្ឌ រួមទាំងក្រុង ស្រុក ទាំង១៤នៅខេត្តបាត់ដំបង។

នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមការងារបច្ចេកទេសអន្តរក្រសួង ក្រោមការដឹកនាំសម្របសម្រួលពី ឯកឧត្តម ចាន់ សុធា អនុប្រធានលេខាធិការដ្ឋានគ.ជ.អ.ប.បានចុះជួបពិភាក្សាជាមួយតំណាងក្រុមប្រឹក្សា អភិបាល គណៈអភិបាល នាយករដ្ឋបាល ការិយាល័យអប់រំ ការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ ការិយាល័យគ្រប់គ្រងធនធានមនុស្សនៃរដ្ឋបាលក្រុង ស្រុក ក្រុមប្រឹក្សា ឃុំ សង្កាត់ តំណាងគណៈកម្មការទទួលបន្ទុកកិច្ចការស្ត្រី និងកុមារជាដើម។

ឯកឧត្តមក៏បានចុះជួបប្រមូលព័ត៌មានពីនាយកសាលាបឋមសិក្សានិងសាលាមត្តេយ្យសិក្សា តំណាងគ្រូបង្រៀនបឋមសិក្សា មត្តេយ្យ និងគ្រូអប់រំក្រៅប្រព័ន្ធនៃរដ្ឋបាលក្រុងបាត់ដំបង ព្រមទាំងតំណាងមាតាបិតាសិស្សដែលជាសមាជិកនៃគណៈកម្មការទ្រទ្រង់សាលារៀន ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ដើម្បីវាយតម្លៃលើការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារវិស័យអប់រំ​ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុងបាត់ដំបង។

ទីបំផុតទៅ ក្នុងកិច្ចប្រជុំ លើកទី២១ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ក៏បានពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ស្តីពីលទ្ធផលនៃការសិក្សាវាយតម្លៃមុខងារអប់រំដែលបានផ្ទេរទៅឱ្យរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ការសិក្សាវាយតម្លៃ។ របាយការណ៍បានកត់សម្គាល់ថាការប្រគល់មុខងារតាម បែបវិមជ្ឈការទៅឱ្យរដ្ឋបាលក្រុង ស្រុកនៃខេត្តបាត់ដំបង គឺបានផ្ដល់នូវភាពម្ចាស់ការ និងការទទួលខុស ត្រូវច្បាស់លាស់ដល់រដ្ឋបាល ក្រុង ស្រុក។

ក្រុមការអន្តរក្រសួងក៏បានរកឃើញថា ការប្រគល់តាមបែបវិមជ្ឈការនូវមុខងារទាំង៣នេះ បានធ្វើឱ្យការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារ មានលក្ខណៈល្អប្រសើរ និងមានការពេញចិត្តពីសំណាក់អ្នកពាក់ព័ន្ធនានាមានកម្រិតខ្ពស់ជាងការធ្វើប្រតិភូកម្មមុខងារ ឬតាមទម្រង់វិសហមជ្ឈការ។ ហ្វេសប៊ុកសម្ដេច ស ខេង បញ្ជាក់ថា«កិច្ចប្រជុំ គ.ជ.អ.ប បានពិនិត្យ និងពិភាក្សាយ៉ាងហ្មត់ចត់ និងបានសម្រេចជាឯកច្ឆ័នក្នុងការពង្រីកការប្រគល់មុខងារអប់រំដូចដែលបានអនុវត្តក្នុងក្រុង ស្រុកទាំង១៤ នៃខេត្តបាត់ដំបង ទៅអនុវត្តនៅ រដ្ឋបាល ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស»។

បើតាមប្រភពដដែល គ.ជ.អ.ប នឹងធ្វើសេចក្តីរាយការណ៍ និងស្នើសុំគោលការណ៍សម្រេចពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី លើការពង្រីកការប្រគល់មុខងារវិស័យអប់រំនេះ។ សម្ដេចតេជោ ធ្លាប់មានប្រសាសន៍ថាការបង្កើនចំនួនគណៈអភិបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាផ្នែកមួយនៃកាត្រៀមលក្ខណៈអនុវត្តនូវមុខងារទាំងឡាយដែលថ្នាក់ជាតិបានប្រគល់មក ក្នុងនោះក៏មានមុខងារក្នុងវិស័យអប់រំ។

យោងតាម របាយការណ៍ស្រាវជ្រាវ បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ស្ដីពីការអនុវត្តមុខងារគ្រប់គ្រងការអប់រំកុមារតូច បឋមសិក្សា និងការអប់រំក្រៅប្រព័ន្ធ របស់រដ្ឋបាល​​ ក្រុង ស្រុក ទាំង១៤ក្នុងខេត្តបាត់ដំបង ខេត្តមួយនេះក៏ធ្លាប់ក្លាយជាខេត្តសហស្ថាបនិកជាមួយខេត្តសៀមរាប​ក្នុងការទទួលអនុវត្តសាកល្បងនូវយន្តការច្រកចេញចូលតែមួយដែរ មុននឹងឈានដល់ការពង្រីកយន្តការនេះទូទាំងប្រទេសរហូតមកដល់បច្ចុប្បន្ន។

របាយការណ៍បញ្ចប់ការសិក្សា​ច្បាប់ឯកទេសរដ្ឋបាលសារធារណៈនៅឆ្នាំ២០២៣នោះ ក៏បានដាក់ជាសំណួរថាហេតុអ្វីបាត់ដំបងក្លាយជាគោលដៅដកពិសោធន៍ និងបានផ្ដល់ចម្លើយសាកល្បងថាក្នុងចំណោមហេតុផលនានា មានហេតុផលមួយសមគួរក្នុងការពិចារណាដែរ គឺសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប មានតួនាទីជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង។

«តាមរយៈការស្រាវជ្រាវ ដោយផ្អែកលើហ្វេសប៊ុកផេកសម្ដេចជាប្រភពព័ត៌មានផងនោះ ខ្ញុំសង្កេតឃើញថាសម្ដេចក្រឡាហោម ស ខេង មានឱកាសច្រើនក្នុងការតាមដាន ផ្ដល់ទស្សនាទាន និងយោបល់ណែនាំនានា ដល់រដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្រ្តីពាក់ព័ន្ធក្នុងខេត្តបាត់ដំបង ដើម្បីជំរុញការអនុវត្តមុខងារដែលបាន​ផ្ទេរមកនោះ»។ នេះជាការយល់ឃើញរបស់និស្សិតស្រាវជ្រាវអំពិហេតុផលដែលនាំឱ្យខេត្តបាត់ដំបងត្រូវទទួលរ៉ាប់រងអនុវត្តសាកល្បងការងារវិមជ្ឈការ។

យោងតាម សៀវភៅទស្សនៈសម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២១ សម្ដេចបានថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តបាត់ដំបង បានមានប្រសាសនទថា«…សម័យកាលនេះមិនដូចមុនទេ ចៅហ្វាយស្រុកខ្លះអនុបណ្ឌិត ឬក៏យ៉ាងហោចណាស់បរិញ្ញាបត្រដែរ យើងបានរៀបចំផែនការផ្ទេរការគ្រប់គ្រងបឋមសិក្សា អប់រំកុមារតូច និងក្រៅប្រព័ន្ធមកឱ្យរដ្ឋបាលក្រុង ស្រុកនេះ ត្រឹមត្រូវហើយ។​ យើងនឹងរួមគ្នាពិនិត្យដកពិសោធនៅបាត់ដំបង ថាតើមានចំណុចល្អអ្វី? ចំណុចអសកម្មអ្វី? ដើម្បីយើងពង្រីកទូទាំងប្រទេស…»។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានថ្លែងកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ថា៖«…បើយើងទុកអំណាចឱ្យតែអ្នកនៅលើប៉ុន្មានព្រះអង្គហ្នឹង ប្រាកដជាធ្វើអ្វីមិនកើតទេ។ យើងមានពិសោធហើយអំណាចប្រមូលផ្ដុំហ្នឹង! ស្អីក៏នៅលើៗ! ទោះបីថាសាលារៀនហ្នឹងបាក់ដំបូលឬមន្ទីរពេទ្យហ្នឹងបាក់ដំបូលក៏សុំថ្នាក់លើ! ខ្វះនេះ ខ្វះនោះតិចតួចសោះហ្នឹងក៏សុំខាងលើ! ឥឡូវអត់ទេ យើងបង្កលក្ខណៈយ៉ាងម៉េចឱ្យថ្នាក់ក្រោមម្ចាស់ការ…»។

កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ នៅខេត្តបាត់ដំបងដដែលនេះ សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ជាថ្មីទៀតថា«ការផ្ទេរមុខងារគ្រប់គ្រងវិស័យអប់រំ កំពុងអនុវត្តសាកល្បងនៅបាត់ដំបងនេះ ខ្ញុំសុំថាត្រូវតែធ្វើឱ្យខាងតែបាន ដើម្បីជាគម្រូ​! ចៀសវាងការទុកចន្លោះប្រហោង នាំឱ្យមានការបកស្រាយនានា។ បើបរាជ័យ វាមិនធ្វើឱ្យតែវិស័យអប់រំទេបរាជ័យការផ្ទេរ តែវានឹងធ្វើឱ្យវិស័យផ្សេងៗទៀតបរាជ័យដែរ ព្រោះគេយកអាហ្នឹងមួយជាគម្រូ​ គេថាឃើញទេ! ធ្វើអត់កើតផងហ្នឹង។ គេថាបរាជ័យហើយ តែមួយម៉ាត់មក ចប់ហ្មង ធ្វើអីទៀត?»

សម្ដេចបានបន្តថា«អ៊ីចឹងខ្ញុំសុំទទូចស្នើថាធ្វើឱ្យបាន។ តាមខ្ញុំដឹង ដូចពាក់កណ្ដាលឆ្នាំនេះ ឬក្រោយបោះឆ្នោតឃុំ សង្កាត់ យើងនឹងប្រជុំដកបទពិសោធរវាង គ.ជ.អ.ប. ជាមួយក្រសួងអប់រំ និងរដ្ឋបាលខេត្តបាត់ដំបង។ ពេលហ្នឹងខ្ញុំស្នើហៅរដ្ឋបាលរាជធានី ខេត្តផ្សេងៗទៀតឱ្យមកចូលរួម។ ព្រោះយើងមុខតែផ្ទេរទៅហើយ អត់មានទុកអីទៀតទេ!​ អ៊ីចឹង នេះជាចំណុចសំខាន់ ដោយសារវាត្រូវតែទៅមុខទៀត។ អាហ្នឹងវាជាខ្លឹមសារពិតនៃកំណែទម្រង់ស៊ីជម្រៅហើយ។ សរុបមកខ្ញុំស្នើត្រូវយកចិត្តទុកដាក់ធ្វើឱ្យបាន! ដាច់ខាតត្រូវធ្វើឱ្យបាន! មិនឱ្យបរាជ័យទេ! បើបរាជ័យ… ខ្ញុំអត់សុខចិត្ត»៕


Share.