គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេត្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានសម្រេចក្នុងកិច្ចប្រជុំលើកទី២១ បង្កើនចំនួនថវិកាអភិវឌ្ឍន៍ក្រុង ស្រុក និងថវិកាអភិវឌ្ឍឃុំ សង្កាត់ ចាប់ពីឆ្នាំ២០២៤ រហូតដល់ឆ្នាំ២០២៨។ បើតាមលទ្ធផលនៃកិច្ចប្រជុំដឹកនាំដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប ថវិកាអភិវឌ្ឍន៍ក្រុងស្រុកនឹងកើនពី២១ម៉ឺនដុល្លារក្នុងឆ្នាំ២០២៤ ដល់៣៧ម៉ឺនដុល្លារនៅឆ្នាំ២០២៨ ខណៈឃុំ សង្កាត់ នឹងកើនពី១០ម៉ឺនដុល្លារនៅឆ្នាំ២០២៤ ដល់១៤ម៉ឺនដុល្លារនៅឆ្នាំ២០២៨។

គ.ជ.អ.ប បានពិនិត្យ និងឯកភាព ថានឹងបង្កើនអត្រានៃការរផ្ទេរពីថវិការដ្ឋជូនមូលនិធិ ក្រុង ស្រុក ពី១,៥% (ឆ្នាំ២០២៣) ទៅ ១,៦% នៃចំណូលចរន្តថវិការដ្ឋចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ និងបន្តការបែងចែកចំណូលសារពើពន្ធពីរដ្ឋបាលខេត្តចំនួន ៤% ជូនរដ្ឋបាល ក្រុង ស្រុក។ ផ្អែកតាមការបែងចែកខាងលើ រដ្ឋបាល ក្រុង ស្រុក នីមួយៗនឹងទទួលបានថវិកាចំណាយអភិវឌ្ឍន៍មូលដ្ឋានជាមធ្យមប្រមាណជាង ២១០.០០០ ដុល្លារអាមេរិក ក្នុងឆ្នាំ២០២៤ និងកើនដល់ប្រមាណជិត ៣៧០.០០០ ដុល្លាអាមេរិកនៅឆ្នាំ២០២៨។

សម្រាប់មូលនិធិ ឃុំ សង្កាត់ វិញ កិច្ចប្រជុំក្រោមការដឹកនាំរបស់សម្ដេចក្រឡាហោម បានសម្រេចបង្កើនអត្រានៃការផ្ទេរពីថវិការដ្ឋជូនមូលនិធិ ឃុំ សង្កាត់ ពី៣,៤% (ឆ្នាំ២០១៣) ទៅ ៣,៥% នៃចំណូលចរន្តថវិការដ្ឋចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ និងបន្តការផ្ទេរធនធានបន្ថែមពីថវិការដ្ឋក្នុងអត្រា ១% នៃចំណូលចរន្តថវិការដ្ឋជូនរដ្ឋបាល ឃុំ សង្កាត់ សម្រាប់ចំណាយអភិវឌ្ឍន៍មូលដ្ឋានពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨ ព្រមទាំងបន្តការបែងចែកចំណូលសារពើពន្ធពីរដ្ឋបាលខេត្តក្នុងអត្រា ៦% ជូនរដ្ឋបាល ឃុំ សង្កាត់។

ផ្អែកតាមការបែងចែកខាងលើនេះ រដ្ឋបាល ឃុំ សង្កាត់ នីមួយៗ អាចទទួលបានថវិកាចំណាយអភិវឌ្ឍន៍មូលដ្ឋានជាមធ្យមប្រមាណ ១០០,០០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំ នៅឆ្នាំ២០២៤ និងកើនដល់ប្រមាណជាង ១៤០.០០០ ដុល្លារអាមេរិក នៅឆ្នាំ២០២៨៕

Share.