កំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំរៀបចំពិធីដង្ហែព្រះអគ្គិជ័យកីឡា (ភ្លើងគប់) សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៉ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ដោយទទួលបន្តពីខេត្តសៀមរាបនៅចំណុចភូមិឈូក ឃុំប្រឡាយ ស្រុកស្ទោង។

ពិធីនេះដែរមានការចូលរួមពីលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាង CAMSOC និងសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងមានអ្នកជិះកង់ ម៉ូតូ និងរថយន្តប្រមាណជិត២ពាន់នាក់ និងប្រជាពលរដ្ឋ សិស្សានុសិស្សឈរអមសងខាងផ្លូវយ៉ាងច្រើនកុះករផងដែរ។

លោក ងួន រតនៈ បានលើកឡើងថា នេះគឺជាព្រឹត្តិការណ៍មួយដ៏អស្ចារ្យសម្រាប់ប្រទេសកម្ពុជា ដែលរង់ចាំអស់រយៈពេល៦៤ឆ្នាំ។ រដ្ឋបាលខេត្តកំពង់ធំពិតជាមានមោទនភាពណាស់ដែលបានទទួលស្វាគមន៍ព្រះអគ្គិជ័យកីឡាសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៉ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។

នេះគឺជាការវិលត្រឡប់មកដល់ខេត្តកំពង់ធំ បន្ទាប់ពីបានចាកចេញពីមាតុប្រទេសទៅកាន់ប្រទេសតាមតំបន់អាស៊ាន កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ហើយបានធ្វើមាតុភូមិនិវត្តន៍មកវិញនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣កន្លងមកនេះ តាមច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល ខេត្តស្ទឹងត្រែង ហើយបានដង្ហែតាមបណ្តារខេត្តជាប់បឹងទន្លេសាប មុននឹងដង្ហែទៅពហុកីឡាដ្ឋានជាតិមរតកតេជោដើម្បីប្រារព្ធពិធីបើកជាផ្លូវការនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ។

លោកបានបន្តថា ព្រឹត្តិការណ៍នៃការការប្រកួតកីឡាអាស៉ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលកម្ពុជារង់ចាំរហូតដល់៦៤ឆ្នាំ រហូតដល់កម្ពុជាមានលទ្ធភាពធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣នេះ ក្រោមមូលបទ «កីឡារស់ក្រោមសន្តិភាព» នេះជាមោទនភាពរបស់ប្រជាជនកម្ពុជាទាំងមូល ដែលនេះសបញ្ជាក់ឲ្យឃើញពីសុខសន្តិភាពបរិបូរណ៍ និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ធ្វើឲ្យកម្ពុជាមានអ្វីគ្រប់យ៉ាងដូចសព្វថ្ងៃនេះ និងល្បីសុះសាយលើឆាកអន្តរជាតិ។

បន្ទាប់ពីទទួលក្បួនព្រះអគ្គិជ័យកីឡានៅស្រុកស្ទោងនេះហើយ នៅវេលាថ្ងៃត្រង់ថ្ងៃដដែល ក្បួនដង្ហែព្រះអគ្គិជ័យនេះនឹងបន្តទៅទីរួមខេត្តកំពង់ធំ។

សូមរំលឹកថា ព្រះអគ្គិជ័យកីឡាបានចាប់ផ្ដើមធ្វើពិធីដង្ហែទៅកាន់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ និងទីម័រខាងកើត មានរយៈពេលជាង១ខែ ពោលគឺចាប់ពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពីបេសកជនពិសេសតំណាងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ សហការជាមួយស្ថានទូត និងស្ថានតំណាងនៃកម្ពុជាប្រចាំប្រទេសនានា។

ក្រោយចាកចេញពីមាតុភូមិ ប្រតិភូពិសេសកម្ពុជាបានរៀបចំពិធីដង្ហែព្រះអគ្គិជ័យកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដោយជោគជ័យ និងទទួលបានការគាំទ្រយ៉ាងផុសផុលជាបន្ដបន្ទាប់ក្នុងការដង្ហែទៅកាន់ប្រទេសវៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី ទីម័រខាងកើត ម៉ាឡេស៊ី សិង្ហបុរី ថៃ មីយ៉ាន់ម៉ា និងឡាវ៕

Share.