យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ របស់​ក្រសួង​វប្បធម៌​ និង​ វិចិត្រ​សិល្បៈ​ស្ដីពីការសាងសង់ប្រាសាទថ្ម នៅខេត្តបុរីរម្យ នៃប្រទេសថៃ​ បាន​ជម្រាប​ជូន​ដល់​សាធារណជន​ឱ្យ​បាន​ជ្រាប​ជា​ព័ត៌មាន​ថា​ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានទំនាក់ទំនងនិងសហការយ៉ាង ជិតស្និទ្ធជាមួយស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅព្រះរាជាណាចក្រថៃ ដោយបានចុះ​​ធ្វើ​ការ​ស្រាវជ្រាវ​យ៉ាង​យក​ចិត្តទុក​ដាក់ និង ​ប្រមូល​បាន​ព័ត៌មាន​ជា​បឋម​ចំនួន​៣​ សំខាន់ៗ​៖

១. សំណង់ប្រាសាទនេះ ជាសំណង់មួយក្នុងចំណោមសំណង់ប្រាសាទថ្មដទៃៗទៀតមានភាពចម្រុះគ្នា ជា ទីប្រតិស្ឋាននៃព្រះពុទ្ធរូបសម្រាប់បូជា ស្ថិតក្នុងវត្តពុទ្ធបាទសិលាភូមានហ្វានៃភូមិណងបួឡាយ ឃុំបានស៊ិង ស្រុក ណាងរ៉ង ខេត្តបុរីរម្យ នៃព្រះរាជាណាចក្រថៃ។ សំណង់នេះធ្វើពីថ្មភក់នៅផ្នែកក្រៅ និងចាក់បេតុងបង្កប់ដែកពីខាងក្នុង។

២. តាមរយៈការបំភ្លឺ និងបង្ហាញឯកសារ ប្លង់ សំណង់នានា ព្រះចៅអធិការវត្តបានបញ្ជាក់ថា ការសាងសង់ប្រាសាទនេះមិនបានលួចចម្លងប្លង់ ឬសាងសង់តាមរចនាបថស្ថាបត្យកម្មដូចគ្នាទៅនឹងប្រាសាទអង្គរវត្ត ឬ ប្រាសាទបុរាណណាមួយនៅក្នុងប្រទេសកម្ពុជាឡើយ ពោលគឺសាងសង់តាមគំនូសប្លង់ដោយខ្លួនឯង និងរចនាទៅ តាមស្ថាបត្យកម្មប្រាសាទមួយចំនួនដែលមានក្នុងតំបន់នោះ។

៣. តំណាងអ្នកសម្របសម្រួល នៃគម្រោងស្ថាបនាប្រាសាទក៏ស្វាគមន៍ក្នុងការទទួលស្នើឱ្យ​​មន្ត្រី​ជំនាញ​ផ្នែក ស្ថាបត្យ​កម្ម​កម្ពុជា​ចុះពិនិត្យ​ដោយ​ផ្ទាល់​​បាន​ក្នុង​ករណី​​មាន​ការ​មន្ទិល​សង្ស័យ។

​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ​ក៏​បាន​ធ្វើ​ការ​ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ការ​ឈឺឆ្អាល​ យក​ចិត្ត​ទុកដាក់​ ការពារ​ លើក​តម្កើង​កិត្យានុភាព​ អត្តសញ្ញា​ណ​ជាតិ ព្រមទាំងសិល្បៈវប្បធម៌ដ៏ថ្លៃថ្លារបស់ជាតិ ប្រកបដោយសេចក្ដីថ្លៃថ្នូរដ៏ខ្ពង់ខ្ពស់ពី​សំណាក់​បងប្អូនជនរួមជាតិ ។ ​យ៉ាង​ណា​មិញ​ក្រសួងវប្បធម៌ និង​ វិចិត្រ​សិល្បៈ​ ក៏​​នៅតែ​ធ្វើការ តាមដានការងារនេះជាបន្តដោយយកចិត្តទុកដាក់៕

Telegram-Troryorng

Share.