សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញសម្ពោធអគាររដ្ឋបាលសាលាខេត្តព្រៃវែង នាថ្ងៃទី៥ ខែឧសភានេះ និង«សន្តិបាលាគារ កម្ពោជិកបុត្តាខេមរាតរី»។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញកាត់ខ្សែបូរ និងបំពាក់ខ្សែជ័យលើក្បាលទូក ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ រួមទាំងរដ្ឋបាលខេត្តព្រៃវែង។

រោងតម្កល់ទូក ង ដែលត្រូវបានប្រសិទ្ធនាមថា«សន្តិបាលាគារកម្ពោជិកបុត្តាខេមរាតរី» ត្រូវបានបកស្រាយថាពាក្យនេះបានមកពីពាក្យ សន្តិ+បាល+អគារ ដែលមានន័យពេញថា អគាររក្សាសន្តិភាព/កន្លែងរក្សាសន្តិភាព សម្រាប់តម្កល់ទូកង កម្ពោជិកបុត្តាខេមរាតរី។

ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ និងឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង ដែលជាអ្នកដឹកនាំ និងប្រតិបត្តិការកសាងទូកងវែងជាងគេនេះក៏មានវត្តមានចូលរួមផងដែរ។

សូមរម្លឹកថាបន្ទាប់ពីផ្ញើប្រាណក្នុងរោងបណ្ដោះអាសន្នរយៈពេលជិត៥ឆ្នាំ ទីបំផុត ទូកងវែងជាងគេលើពីភពលោក កម្ពោជិកបុត្តាខេមរាតរី ត្រូវបានរំកិលចូលមហារោងដោយប្រើកមកលាំងសរុប២០០នាក់ និងដើមចេក១៦០០ដើម កាលពីខែកុម្ភៈ ឆ្នាំ២០២៣។

ទូកង កម្ពោជិកបុត្តាខេមរាតរី បានបំបែកឯកទគ្គកម្មទូកងវែងជាងគេលើពិភពលោក Guinness World Record កាលពីថ្ងៃកាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៨។ ទូកនេះមានបណ្ដោយប្រវែង៨៧,៣០ម៉ែត្រ ទទឹង១,៩៤ម៉ែត្រ និងដាក់ចំណុះទូកបានរហូតដល់ទៅ១៧៩នាក់។

ការ​ប្រសិទ្ធ​នាម​ថាទូកងនេះថា កម្ពោជិក​បុត្តា​ខេមរា​តរី គឺមាន​អត្ថន័យ​ថា​ ទូកងរបស់​កូន​ខ្មែរ រស់នៅក្នុង​ដែនដី​កម្ពុជា។ ទូកនេះត្រូវបាន​រចនា​ឡើង ដោយ​ផ្នែក​ខាង​ក្បាលទូក​ធ្វើជា​ក្បាល​នាគ និង​​កន្ទុយ​ហង្ស ប្រកបដោយ​ក្បូរ​ក្បាច់រចនា​ល្អ​ប្រណិត។

ការជាប់កំណត់ត្រាពិភពលោករបស់ទូកងនេះ គឺបំបែកទូក​ដែល​វែង​ជាងគេ​លើ​ពិភពលោករបស់​ប្រទេស​ចិនដែល​មាន​​ប្រវែង​សរុប ៧៧.៨ម៉ែត្រ។ ទូកងវែងរបស់កម្ពុជានេះ ​ប្រើប្រាស់​ឈើ​គគីរ​​អស់​​ចំនួន៦ដើម និង​ប្រើពេល​ផលិត​អស់​រយៈពេល១៩២ថ្ងៃ៕

Share.