នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលសាលាខេត្តព្រៃវែង និងរោងតម្កល់ទូក ង វែងជាងគេលើពិភពលោក។ ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានធ្វើរបាយការណ៍ថារដ្ឋបាលខេត្តព្រៃវែង បានរៀបចំបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលសាលាខេត្ត កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ និងបញ្ចប់ជាស្ថាពរនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។

បើតាមឯកឧត្តមអភិបាលខេត្ត អគារនេះសាងសង់លើផ្ទៃដីទំហំ ៣៥.០០០ម៉ែត្រការ៉េ ស្ថិតនៅភូមិ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង មាន៤ខ្នង កម្ពស់៤ជាន់ ស្មើ២២៣បន្ទប់ សាលប្រជុំ៦ ក្នុងនោះសាលធំ១ អាចផ្ទុកអ្នកចូលរួមប្រមាណ៥០០នាក់ សាលមធ្យម២ អាចផ្ទុកបានប្រមាណ១០០នាក់ និងសាលតូច៣ អាចផ្ទុកអ្នកចូលរួម២៥នាក់ ហើយក្រៅពីនោះ មានសាលប្រជុំសម្រាប់នាយករដ្ឋបាល នាយកទីចាត់ការអង្គភាពចំណុះសាលាខេត្ត បណ្ណសារ ១បន្ទប់ បន្ទប់ប្រជុំតាមប្រព័ន្ធបច្ចេកវិទ្យា ១បន្ទប់ បន្ទប់ទទួលភ្ញៀវ ២បន្ទប់ បន្ទប់រង់ចាំ ២បន្ទប់ បន្ទប់បច្ចេកទេស ១បន្ទប់ បន្ទប់ដាក់សម្ភារៈ ១២បន្ទប់ បន្ទប់តែកាហ្វេ ៤ បន្ទប់ បន្ទប់អគ្គិសនី ១បន្ទប់ បន្ទប់ម៉ូទ័រទឹក ១បន្ទប់ ឃ្លាំង ១បន្ទប់ និងបន្ទប់ទឹក ៧៦បន្ទប់។

ឯកឧត្តម បានធ្វើរបាយការណ៍បន្ថែមថា អគារនេះក៏មានបណ្ដាទឹកស្អាត បណ្ដាញទឹកកខ្វក់ បណ្ដាញអគ្គិភ័យ បណ្ដាញអគ្គិសនី ម៉ាស៊ីនត្រជាក់ បណ្ដាញអេឡិចត្រូនិក ហេដ្ឋារចនាសម្ព័ន្ធខាងក្នុង និងខាងក្រៅ ខ្លោងទ្វារច្រកចេញចូល ប៉ុស្តិ៍យាម អគារកីឡា បន្ទប់ទឹកសាធារណៈ ចំណតថយន្ត សួនច្បារសាលាខេត្ត និងរបងព័ទ្ធជុំវិញប្រវែងជាង ៦៣៩ម៉ែត្រ។ សម្រាប់ការចំណាយសាងសង់ទាំងមូល ឯកឧត្តមបានបញ្ជាក់ជូនសម្ដេច និងអង្គពិធីថា មានចំនួនទឹកប្រាក់ ៥១.០០០.០០០.០០០ រៀល (ហាសិបមួយប៊ីលានរៀល)។ ក្រៅពីនេះ ក៏មានការគាំទ្រជាជំនួយសម្ភារៈបរិក្ខាផ្សេងៗទៀតពីសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងសប្បុរសជន។

ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្ដេចក្រឡាហោម ស ខេង បានបង្ហាញមោទកភាព និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តព្រៃវែង ហើយចាត់ទុកអគាររដ្ឋបាលសាលាខេត្តព្រៃវែង និងអគាររោងតម្កល់ទូក ង វែងជាងគេលើពិភពលោក គឺជាសមិទ្ធផលថ្មីមួយទៀតរបស់រដ្ឋបាលសាលាខេត្តព្រៃវែង ទុកសម្រាប់បំរើឱ្យផលប្រយោជន៍សាធារណៈ និងជាឧត្តមប្រយោជន៍ជាតិទាំងមូល។ សម្ដេចក្រឡាហោម ក៏ថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ប្រសិទ្ធភាពការងារ និងសមិទ្ធផលជាច្រើនរបស់រដ្ឋបាលសាលាខេត្តព្រៃវែងដែលសម្រេចបានហើយឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ខេត្តព្រៃវែង។

សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី បានទាញចំណាប់អារម្មណ៍អង្គពិធីថា សមិទ្ធផលថ្មីនេះ មានអត្ថន័យឆ្លុះបញ្ចាំងឱ្យឃើញអំពីការប្ដេជ្ញាចិត្ត មនសិការ ការងារ និងឆន្ទៈមោះមុត ក្នុងភាពជាអ្នកដឹកនាំដែលមានការទទួលខុសត្រូវ មានគំនិតនវានុត្តន៍ និងទស្សនវិស័យជាយុទ្ធសាស្ត្រទាំងបច្ចុប្បន្ន និងអនាគត ព្រមទាំងបង្ហាញអំពី គំនិតច្នៃប្រឌិតខ្ពស់ ក្នុងការខិតខំដើម្បីកសាងបាននូវអគារដ៏ស្កឹមស្កៃនេះទុកជាមរតក និងទីស្នាក់ការកណ្ដាលសម្រាប់មន្ត្រីរាជការខេត្តព្រៃវែងគ្រប់ជំនាន់បំពេញភារកិច្ច និងប្រើប្រាស់ជាប្រយោជន៍សាធារណៈ ជារៀងរហូតតទៅ។

បើតាមសម្ដេច វត្តមាននៃអគារទំនើបនេះ គឺជាមោទនភាព និងជាផ្នែកមួយនៃកំណែទម្រង់រដ្ឋបាលប្រតិបត្តិការថ្នាក់ក្រោមជាតិ ដែលបានយកចិត្តខ្ពស់លើ ការបំពាក់សម្ភារៈគ្រប់ប្រភេទសម្រាប់ការរីកចម្រើនរបស់សង្គមជាតិ និងការធ្វើទំនើបកម្មទីស្នាក់ការនៃរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យស្របតាមការ ព្រមទាំងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវកម្មវិធីកំណែទម្រង់លើគ្រប់វិស័យ។

សម្ដេចបានបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងទស្សនៈវិស័យដ៏វែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ និងដាក់ចេញទិសដៅក្នុងការធ្វើកំណែទម្រង់ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយផ្តោតលើការពង្រឹងសមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ និងការបំពាក់សម្ភារៈ ឧបករណ៍ និងមធ្យោបាយនានា សម្រាប់បំពេញតាម តម្រូវការជាក់ស្ដែងរបស់អង្គភាពនៅមូលដ្ឋាន ឬហៅថា រដ្ឋបាលថ្នាក់ក្រោមជាតិរបស់យើង។

សម្ដេចបន្ថែមថា ក្រសួងមហាផ្ទៃក៏បានរៀបចំដាក់ចេញនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលក្រោយមកត្រូវបានកែសម្រួល និងបានដំឡើងកម្រិតជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយកន្លងមកគណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី ខេត្ត ស្រុក ខណ្ឌ ក្រុង និងរដ្ឋបាល ឃុំ សង្កាត់ ទាំងអស់ រួមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទបានដើរតួអង្គប្រតិបត្តិករផ្ទាល់ ក្នុងការជំរុញ និងយកចិត្តទុកដាក់ខ្ពស់អនុវត្តលក្ខណៈសម្បត្តិទាំង ៧ចំណុច នៃគោលនយោបាយនេះប្រកបដោយប្រសិទ្ធភាពដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងទីក្រុង និងជនបទ។

ដោយឡែកសមិទ្ធផលមួយទៀត គឺអគាររោងតម្កល់ទូក ង វែងជាងគេលើពិភពលោក កម្ពោជិកបុត្តាខេមរាតរី មានបណ្តោយប្រវែង៩៨,៨០ម៉ែត្រ និងទទឹងប្រវែង៨,៦០ម៉ែត្រ សង់លើផ្ទៃដីបណ្ដោយ ១៧៨ម៉ែត្រ និងទទឹង១៨ម៉ែត្រ លើសួនកណ្តាលបណ្ដោយផ្លូវចូលទៅចុងប៉ម សាងសង់ឡើងអំពីបេតុង ប្រក់ ក្បឿងស្រកាលិញ ព្រមទាំងបំពាក់ដោយបង្អួចកញ្ចក់ តុបតែងដោយក្បូរក្បាច់រចនា៣មបែបខ្មែរ។ អគាររោងទូកនេះ ចាប់ផ្ដើម សាងសង់ឡើងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ និងបញ្ចប់ការសាងសង់រួចរាល់ជាស្ថាព នៅថ្ងៃទី៤ បែនសភា ឆ្នាំ២០២៣  ហើយអនុគណៈកម្ពុការសាងសង់បានសម្រេចប្រសិទ្ធនាមរោងទូកងនេះថា សន្តិបាលាគារ កម្ពោជិកបុត្តាខេមរាតរី៕

Share.