កម្ពុជាបានចាប់ផ្ដើមធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីគ្នេយ៍លើកដំបូងរបស់ខ្លួន ក្រោយខកខានអស់រយៈពេល ៦៤ឆ្នាំ នៅកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃ សុក្រ សប្ដាហ៍នេះ ដោយមានអ្នកចូលរួមទស្សនាទាំងជាតិ និង អន្តរជាតិ រាប់ម៉ឺននាក់ មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាលកម្ពុជាក៏មានរថយន្ដសម្រាប់ដឹកជញ្ជូនអ្នកទស្សនាទៅកាន់កីឡដ្ឋានជាតិមរតកតេជោដោយឥតគិតថ្លៃផងដែរ។ នេះជាប្រយោគបកប្រែចេញពីការចេញផ្សាយរបស់សារព័ត៌មាន Arab News នាថ្ងៃសៅរ៍ ទី៦ ខែឧសភា ឆ្នាំ២០២៣។

Arab News បានពិពរណ៌នាថា ពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ កាលពីល្ងាចថ្ងៃ សុក្រ បានស្វាគមន៍អត្តពលិក ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ ជាង ១២,០០០នាក់ មកពី ១១ប្រទេស នៅកីឡដ្ឋានជាតិមរតកតេជោ ដែលពិធីនេះបានផ្សព្វផ្សាយអំពីប្រវត្តិសាស្រ្តដ៏សម្បូរសប្បាយ និង ភាពសម្បូរបែបរបស់ប្រទេស ក្រោមម្លប់សន្ដិភាព ក្រោមការដឹកនាំរបស់សម្ដេចតេជោ សម្រាប់ការធ្វើទំនើបកម្មនាពេលថ្មីៗនេះ។

កម្មវិធីដ៏អស្ចារ្យនេះ បានប្រព្រឹត្តិទៅយ៉ាងល្អិតល្អន់ ដោយមានការចូលរួមពីសិល្បៈករ សិល្បៈការិនី អត្តពលិក ក្រុមការងារស្មគ្រចិត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ រួមបញ្ជូលទាំងតន្រ្តី របាំ ការសម្ដែងរឿងប្រវត្តិសាស្រ្តដ៏រុងរឿង ភ្លើងពណ៌ដ៏ស្រស់ស្អាត កាំជ្រួច និង ព្រឹត្តិការណ៍ដ៏អស្ចារ្យផ្សេងៗទៀត។ នេះជាខ្លឹមសារបន្ថែមរបស់ Arab News។

សូមបញ្ជាក់ថា ប្រទេសដែលចូលរួមមានដូចជា ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ ទីម័រខាងកើត វៀតណាម និង ម្ចាស់ផ្ទះកម្ពុជា។ ប្រទេសទាំងអស់នេះគឺជា សមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍លើកលែងតែប្រទេស ទីម័រឡេស្តេ ដែលបានទទួលឯករាជ្យនៅក្នុងឆ្នាំ២០០២ កំពុងស្ថិតក្នុងដំណើរការនៃការចូលរួមជាក្រុមក្នុងតំបន់អាស៊ាន។

ស្ថាប័នសារព័ត៌មានល្បីៗបរទេសជាច្រើនបានផ្ដិតយករូបភាព និង វីដេអូ ផ្ទាំងទស្សនិយភាពដ៏អស្ចារ្យនៅកម្ពុជា ដោយលើកឡើងពីការសរសើរ និង អស្ចារ្យជាទីបំផុត។

សូមជម្រាបថា ការប្រកួតកីឡាស៉ីហ្គេមដំបូងត្រូវបានបង្កើតឡើងដោយប្រទេស ថៃ ក្នុងឆ្នាំ ១៩៥៩ ដោយគេហៅថា កីឡាត្រីកោណ ដោយកាលនោះមានសមាជិក ៣ប្រទេស គឺ ថៃ កម្ពុជា និង វៀតណាម ហើយគេប្រារព្ធឡើងរៀងរាល់ ២ឆ្នាំម្ដង៕

ប្រភព៖ Arab News

Share.