ផ្អែកលើការសម្រេចរបស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ក្នុងកិច្ចប្រជុំលើកទី២១ កាលពីពេលថ្មីៗនេះ ទំនងជាមិនយូរឡើយ រាជរដ្ឋាភិបាលនឹងសម្រេចផ្ទេរមុខងារគ្រប់គ្រងវិស័យអប់រំកម្រិតបឋមសិក្សា ការអប់រំកុមារតូច និងការអប់រំក្រៅប្រព័ន្ធ មកឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមបែបវិមជ្ឈការ។

ថ្លែងក្នុងពិធីសម្ពោធអគាររដ្ឋបាលសាលាខេត្តព្រៃវែង និងរោងតម្កល់ទូកងវែងជាងគេលើពីភពលោក កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ដែលក៏ជាប្រធាន គ.ជ.អ.ប បានមានប្រសាសន៍ថាយ៉ាងហោចណាស់មានការងារស្នូលសំខាន់ៗចំនួន៥ដែលក្រសួងអប់រំ យុវជន និងកីឡា មិនអាចផ្ទេរឱ្យបាន ក្នុងដំណើរការវិមជ្ឈការការគ្រប់គ្រងមុខងារក្នុងវិស័យអប់រំទាំង៣។

សម្ដេចមានប្រសាសន៍ថា«ការផ្ទេរនេះ មិនបានសេចក្ដីថាផ្ទេរទាំងអស់ ផ្ទេរទាំងដុលទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌនោះទេ ព្រោះការងារនេះមិនអាចគ្មានតួនាទីរបស់ក្រសួងអប់រំ យុវជន និងកីឡាបានឡើយ ទាក់ទងនឹងការអប់រំនេះ ទីមួយគឺគោលនយោបាយស្ដីពីការអប់រំជាតិ អាហ្នឹងដាច់ខាត មិនអាចសិទ្ធិហ្នឹងត្រូវទំលាក់មកឱ្យ ក្រុង ស្រុក ខណ្ឌ ឬសូម្បីតែរាជធានី ខេត្តក៏គ្មានសិទ្ធិដែរ មានតែក្រសួងទេ»។

ចំណែកទីពីរ សម្ដេចបញ្ជាក់បានសំដៅដល់ភារកិច្ចបណ្ដុះបណ្ដាល និងកសាងធនធានបុគ្គលិកសិក្សា ពិសេសគ្រូបង្រៀន ក៏មិនអាចផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិណាបានដែរ ដើម្បីឱ្យមានកម្រិតស្តង់ដាគ្រូបង្រៀនច្បាស់លាស់តែមួយនៅក្នុងក្របខណ្ឌទូទាំងប្រទេស ខណៈទីបីគឺកម្មវិធីសិក្សាប្រចាំឆ្នាំដែលក្រសួងត្រូវរៀបចំ ឬកែទម្រង់យ៉ាងម៉េចឱ្យល្អ ឱ្យសមស្របនឹងបណ្ដាប្រទេសក្នុងតំបន់ និងក្រៅតំបន់ ឱ្យសិស្សានុសិស្សមានចំណេះដឹងប្រហាក់ប្រហែលគេ។

ចំណែកតួនាទីស្នូលទីបួន សម្ដេចបញ្ជាក់ថា«និយាមអប់រំក៏មិនមែនជាសិទ្ធិរបស់ថ្នាក់ក្រោមជាតិដែរ គឺជាសិទ្ធិរបស់ក្រសួងអ​ប់រំ យុវជន និងកីឡា និងទីប្រាំគឺកសាងសាលារៀន ក៏ជាបន្ទុកដែលក្រសួងត្រូវរៀបចំថវិកាប្រចាំឆ្នាំក្នុងការអនុវត្តគម្រោងកសាងសាលារៀន»។ សម្ដេចបន្ថែមថាតួនាទីសង់សាលារៀនេះ មានការចូលរួមចំណែកច្រើនពីថ្នាក់ដឹកនាំ និងសប្បុសជន ទោះជាបន្ទុករបស់ក្រសួងអប់រំក៏ដោយ។

សូមបញ្ចាក់ថា មុខងារសំខាន់ៗដែលត្រូវបានផ្ទេរមកឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ពាក់ព័ន្ធនឹងការគ្រប់គ្រងបឋមសិក្សា ការអប់រំកុមារតូច និងការអប់រំក្រៅប្រព័ន្ធ មានដូចជាការគ្រប់គ្រងបុគ្គលិកអប់រំ គ្រូបង្រៀន ការបើកប្រាក់ខែ ការគ្រប់គ្រងសាលា ការថែរទាំ ជួសជុលសាលា និងការងារមួយចំនួនទៀតដូចដែលកំពុងអនុវត្តទាំង១៤ក្រុង ស្រុក ក្នុងខេត្តបាត់ដំបង ពោលគឺផ្ទេរទាំងសិទ្ធិ អំណាច ធនធានមនុស្ស និងថវិកា។

ផ្អែកលើមូលដ្ឋាននេះ រដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវមានគណនេយ្យភាព និងការទទួលខុសត្រូវជាមួយក្រុមប្រឹក្សាជាមួយប្រជាពលរដ្ឋ និងជាមួយរាជរដ្ឋាភិបាល ដើម្បីធានាថាមុខងារដែលត្រូវបានផ្ទេរមកដោយភ្ជាប់ជាមួយនូវសិទ្ធិអំណាច ធនធានមនុស្ស និងថវិកានេះ នឹងត្រូវប្រតិបត្តិប្រកបដោយតម្លាភាព និងទទួលបានជោគជ័យ ស្របតាមស្មារតីនៃគោលនយោបាយកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ។

«បើយើងទុកអំណាចឱ្យតែអ្នកនៅលើប៉ុន្មានព្រះអង្គហ្នឹង ប្រាកដជាធ្វើអ្វីមិនកើតទេ យើងមានពិសោធហើយអំណាចប្រមូលផ្ដុំហ្នឹង! ស្អីក៏នៅលើៗ! ទោះបីថាសាលារៀនហ្នឹងបាក់ដំបូល ក៏សុំថ្នាក់លើ! ខ្វះនេះ ខ្វះនោះតិចតួចសោះហក៏សុំខាងលើ! ឥឡូវអត់ទេ យើងបង្កលក្ខណៈយ៉ាងម៉េចឱ្យថ្នាក់ក្រោមម្ចាស់ការ…»។ នេះជាប្រសាសន៍សម្ដេចក្រឡាហោម ក្នុងសៀវភៅទស្សនៈសម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២១៕

Share.