រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងព្រះបរមរាជវាំង នឹងរៀបចំពិធីថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជិវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ។

បើតាមសម្ដេចក្រឡាហោម ថ្លែងក្នុងពិធីសម្ពោធអគារដ្ឋបាលសាលាខេត្តព្រៃវែង កាលពីថ្ងៃទី៥ ខែឧសភា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល រួមទាំងប្រធានក្រុមប្រឹក្សា និងអភិបាលរាជធានី ខេត្ត នឹងចូលរួមប្រារព្ធព្រះរាជពិធីនេះ ហើយទន្ទឹមគ្នានោះដែរ រដ្ឋបាលថ្នាក់ក្រោមជាតិក៏រៀបចំពិធីថ្វាយព្រះពរផងដែរ។

សូមបញ្ជាក់ថាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាព្រះរាជបុត្រា នៃព្រះករុណាព្រះមហាវិរក្សត្រ នរោត្តម សីហនុ ព្រះវររាជបិតា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតា។

ព្រះអង្គទ្រង់ប្រសូត្រ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ នៅទីក្រុងភ្នំពេញ។ ព្រះអង្គត្រូវបានក្រុមប្រឹក្សារាជសម្បត្តិ នៃព្រះរាជាណាចក្រកម្ពុជា ជ្រើសរើសជាឯកច្ឆន្ទ ជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែតុលា​ និងឡើងគ្រងរាជសម្បត្តិនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤៕

Share.