«ខ្ញុំគិតថា ពុំអាចមានខ្មែរណាម្នាក់ដែលមិនរំភើបញាប់ញ័រចំពោះ ទស្សនីយភាពដ៏អស្ចារ្យនៃពិធីបើកជាផ្លូវការ នូវ សុីហ្គេមទី ៣២ ដែលមាន កម្ពុជា ជាម្ចាស់ផ្ទះ ក្រោមអធិបតេយ្យភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន។ សូមថ្លែងនូវសេចក្តីសរសើរដ៏ជ្រាលជ្រៅ ចំពោះសមាជិកគណ:កម្មការរៀបចំទាំងអស់គ្រប់ជាន់ថ្នាក់។» នេះប្រយោគដំបូងនៃសំណេររបស់លោក​ ឱក សេរី​សោភ័ក្តិ៍ អ្នកវិភាគជំនាញអភិបាលកិច្ចប្រចាំវិទ្យុVOA តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី៧ ខែសភានេះ។

សារព័ត៌មានត្រយងសូមចុះផ្សាយទាំងស្រុងនូវខ្លឹមសាររបស់លោកបណ្ឌិតបន្តទៀតដូចខាងក្រោម៖

នៅឆ្នាំ ១៩៦៦ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ រៀបចំ កីឡា GANEFO (Games of the New Emerging Forces) ក្រោមព្រះរាជដឹកនាំដ៏ថ្លៃថ្លានៃ ព្រះបរម រតនកោដ្ឋនៃយើង។ កាលនោះក្នុងឋាន:ជាសិស្សនៃវិទ្យាល័យ ព្រះស៊ីសុវត្ថិ ខ្ញុំក៏បានជាប់កំណែនចូលរួមជាមួយសិស្សដ៏ទៃទៀត រាប់ពាន់នាក់ សម្តែងឈុតអត្តពលិកខ្លះៗ នៅលើវាលស្មៅបៃតងខ្ចីនៃ ពហុកីឡដ្ឋានជាតិអូឡាំពិក ដែលឧត្តមស្ថាបត្យករឯករបស់យើង បានគូសវាស និងសាងសង់ឡើង។ ពិតជារំភើបរីករាយណាស់ជំនាន់ នោះ។ ៥៧ ឆ្នាំក្រោយមក ខ្ញុំក៏មានឧកាសបានទស្សនាពិធីដ៏អស្ចារ្យ នេះម្តងទៀត តែនៅលើកៅអីផ្តេក និងតាមកញ្ចក់ទូរទស្សន៍។ តែទោះ ពុំបានទៅទស្សនាដោយផ្ទាល់ក្តី – ព្រោះបើឲ្យទៅប្រជ្រៀតជាមួយក្មេងៗ មុខតែខ្យល់គស្លាប់ខានបានមើលជាពុំខាន – ក៏ពិតជារំភើប និងមាន មោទនភាព រកថាមិនត្រូវទៅហើយ។ ហើយក៏ហាមចិត្តមិនធ្វើការ ប្រៀបធៀបរវាងព្រិត្តការដ៏អស្ចារ្យទាំងពីរនេះពុំបានដែរ ជាពិសេសនៅ ពេលអាចគ្រប់គ្រងអារម្មណ៍ពីការរំភើបញាប់ញ័រនោះបានខ្លះហើយ។

នៅឆ្នាំ១៩៦៦ ពេលចូលរួម Ganefo នៅភ្នំពេញ ខ្ញុំមានអាយុ១៤ឆ្នាំ ហើយពុំទាន់ដឹងខ្យល់អ្វីទេពេលនោះ។ ឥឡូវអាយុ៧០ឆ្នាំហើយ បានដឹងខ្យល់តិចតួចខ្លះៗ ដោយអន្លើ។ Ganefo បានទទួលជោគជ័យ យ៉ាងត្រចះត្រចង់ពេលនោះ ក៏ដោយសារជំនួយដ៏មហិមារបស់មហាមិត្ត ទាំងខាងធនធានមនុស្ស បច្ចេកទេស ហិរញ្ញវត្ថុ និង…នយោបាយ។ មុននិងក្រោយ Ganefo ស្ថានការណ៍នយោបាយធំៗជាច្រើនបានកើត ឡើងនៅកម្ពុជា ដូចជា ផ្តាច់ចំណងទូតជាមួយសហរដ្ឋអាមេរិកនៅ ខែឧសភា១៩៦៥ Ganefo ១៩៦៦ ភ្ជាប់ចំណងទូតជាមួយសហរដ្ឋអាមេរិក ឡើងវិញនៅឆ្នាំ១៩៦៩ រដ្ឋប្រហារសាធារណៈរដ្ឋនៅឆ្នាំ១៩៧០ និងសង្គ្រាមវិនាសកម្មជាហូរហែររហូតមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅឆ្នាំ១៩៩១ ទើបចាប់ផ្តើមមានសន្តិភាព និងការអភិវឌ្ឍ។ នៅក្នុង សឹងតែគ្រប់ស្ថានការនយោបាយរបស់កម្ពុជា មហាអំណាចធំៗទាំងពីរ សហរដ្ឋអាមេរិក និងចិន មានការពាក់ព័ន្ធយ៉ាងស៊ីជំរៅ ពុំអាចប្រកែក បាន។

នៅក្នុងការរៀបចំស៊ីហ្គេមទី៣២ លើកនេះទៀត ជំនួយពហុរូបភាពរបស់ មហាមិត្ត នៅក្នុងក្របខ័ណ្ឌ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង មានយ៉ាងច្រើនក្រាស់ក្រែល ហើយលទ្ធផលដែលចេញ មកក៏ស្ញប់ស្ញែង ជាទីពេញចិត្ត និងមានមោទន:។ និយាយដូច្នេះ មិនមានន័យថា ខ្មែរយើងពុំបានធ្វើអ្វីនោះឡើយ ព្រោះតាំងពីទស្សន: វិស្ស័យ គំនិតស្នូលជាមូលដ្ឋាន និងការគ្រប់គ្រងពហុស្រទាប់ សុទ្ធតែ នៅក្រោមការទទួលខុសត្រូវរបស់ម្ចាស់ផ្ទះ។ ពិសេសលើសនេះ ទៅទៀត នៅក្នងឈុតសម្តែងបកស្រាយអំពីព្រលឹង និងវប្បធម៌ជាតិ សម្រាប់ Ganefo ១៩៦៦ និង ការរៀបចំស៊ីហ្គេមទី៣២ ឆ្នាំ២០២៣ មរតក ប្រវត្តិសាស្ត្រ និងវប្បធម៌ខ្មែរ បានត្រូវបង្ហាញយ៉ាងត្រចះត្រចង់ ពុំអាចប្រកែកបានឡើយ។ គ្រាន់តែថា នៅឆ្នាំ២០២៣ បច្ចេកវិជ្ជា ឌីជីថល និងកម្មរស្មីឡាហ្ស៊ែរ ងាយកន្ត្រាក់អារម្មណ៍របស់យើងឲ្យឆាបឆេះ រំជើបរំជួលទប់ពុំជាប់។

នៅទសវត្សរ៍ ៦០ កម្ពុជាបានត្រូវប្រទាញប្រទង់ឲ្យជ្រើសរើសផ្លូវដើរមួយ ដែលឃ្លាតចាកពីមាគ៌ាអព្យាក្រឹត្យ ហើយលទ្ធផលបានបង្ហាញឲ្យយើង ឃើញរួចមកហើយ។ ឥឡូវនេះសណ្តាប់ធ្នាប់ពិភពលោកក៏បានផ្លាស់ប្តូរ យ៉ាងស៊ីជម្រៅ ជាពិសេសជាមួយសង្គ្រាមនៅអ៊ុយក្រែន។ ដំបន់អាស៊ាន ទាំងមូលក៏កំពង់ទប់ទល់យ៉ាងត្រដាបត្រដួស ប្រឆាំងនឹងមហាអំណាច ធំទាំងពីរដែលនៅសល់ គឺ សរអា និង ចិន ដែលប្រើប្រាស់ ហិរញ្ញវត្ថុ សេដ្ឋកិច្ច គម្រោងអភិវឌ្ឍ និងពាណិជ្ជកម្ម ជាឧបករណ៍ដ៏មានប្រសិទ្ធ ភាព។ តើកង់ប្រវត្តិសាស្ត្រនឹងវិលជំត្រឡប់មកវិញដែរឬទេ? មានតែ ជំនាន់ក្រោយទេដែលអាចឆ្លើយសំនួរនេះបាន ព្រោះជំនាន់ខ្ញុំបានចាប់ ផ្តើមត្រឡប់ទៅកន្លែងដើមវិញជាហែរបណ្តើរៗរួចមកហើយ។

ខ្ញុំ និងសេដ្ឋា យើងបានទស្សនាយ៉ាងជក់ចិត្តនូវវិញ្ញាសាខ្លះៗនៃ ស៊ីហ្គេមទី៣២នេះ។ យើងពិតជារំភើបណាស នៅពេលឃើញយុវនារី យុវជនខ្មែរជាច្រើនជាតិសាសន៍ មកពីប្រទេសជាច្រើន ចូលរួមលើក ស្ទួយកិត្តិយសប្រទេសកម្ពុជា។ តែយើងក៏ស្តាយណាស់ដែរ ដោយពេល ខ្លះ ពុំបានទៅមើលដោយផ្ទាល់។ ខ្ញុំនៅតែគិតថា នីតិវិធីនៃការចែកចាយ សំបុត្រចូលមើលហ្វ្រីៗនេះ មានប្រសិទ្ធភាពតិចតួចស្ទួចស្តើងណាស់ ព្រោះ អយុត្តិធម៌ ខាតពេលវេលា បង្ហាញភាពអនាធិបតេយ្យក្នុងពេល ទៅយកសំបុត្រ គ្មានតម្លាភាព និងអាចបង្កគ្រោះថ្នាក់ជាយថាហេតុ។ សម័យ ឌីជីថល 4G-5G ទៅហើយៗ smartphone មានគ្រប់ៗដៃទៀត… ពិតជាមិនយល់ទាល់តែមែនទែន។

សូមឲ្យកីឡាករមកពី១១ប្រទេសទាំងអស់ រីករាយធ្វើការប្រកួតជាមួយ គ្នា ដោយស្មារតីកីឡា និងមិត្តភាពដ៏រឹងមាំ ក្នុងរង្វង់គ្រួសារអាស៊ាន។ ពេលត្រឡប់ទៅវិញ សូមយកទៅជាមួយ នូវភាពញញឹម និងការ ស្វាគមន៍ដ៏កក់ក្តៅពីប្រជាពលរដ្ឋកម្ពុជា។

ដោយក្តីគោរព និងស្រឡាញ់ដ៏ជ្រាលជ្រៅពីយើងទាំងពីរ៕

Share.