លទ្ធផល​នៃការផ្សងប្រផ្នូលគោ​ឧសភរាជនៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល បាន​បង្ហាញថាទិន្នផលស្រូវ ពោត សណ្ដែកនឹងមានភោគផលល្អ។ នាព្រឹកថ្ងៃចន្ទ ទី៨ ខែឧសភា ឆ្នាំ២០២៣នេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះ​រាជពិធី​បុណ្យច្រត់ព្រះនង្គ័ល​ប្រារព្ធ​នៅខេត្តកំពង់ធំ។

ពិធីនេះមានការយាង និងអញ្ជើញចូលរួមពីសម្ដេចវិបុលសេនាភក្ដី ប្រធានព្រឹទ្ធសភា សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្ដេចកិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ព្រះញាតិវង្សានុវង្ស ឥស្សរជនជាថ្នាក់ដឹកនាំស្ថាប័នសភា រាជរដ្ឋាភិបាល និងតុលាការ ថ្នាក់ដឹកនាំក្រសួងព្រះបរមរាជវាំង អង្គទូតនានាប្រចាំនៅកម្ពុជា ថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

សូមបញ្ជាក់ថាព្រះ​រាជពិធី​បុណ្យច្រត់ព្រះនង្គ័ល បាន​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំនៅក្នុង​ខែ​ពិសាខ​។ ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ជា​និមិត្តរូប​នៃ​ការចាប់ផ្ដើម​ប្រកាស​រដូវ​កាលធ្វើស្រែ​ចម្ការ និង​ដាំ​ណាំ​ផ្សេងៗ របស់​ប្រជាកសិករ។ ព្រះរាជពិធីនេះ បានខកខានប្រារព្ធ៣ឆ្នាំ ដោយសារការរីករាលដាលនៃជំងឺកូដវីដ-១៩៕

Share.