ឯកឧត្តម ធាវ ឈី ហាន ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីសម្របសម្រួលសន្តិសុខនៃសាធារណរដ្ឋសិង្ហបុរីបានថ្លែងកោតសរសើរការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា បន្ទាប់ពីឥស្សរជនបរទេសរូបនេះ បានធ្វើដំណើរទៅទស្សនកិច្ចដល់កន្លែងស្នាក់នៅរបស់ក្រុមអត្តពលិក។ ឯកឧត្តម ធាវ ឈី ហាន បានថ្លែងកោតសរសើរយ៉ាងដូច្នេះ ក្នុងឱកាសចូលជួបសម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។

ក្នុងជំនួបនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី ធាវ ឈី ហាន បានថ្លែងចូលរួមអបអរសាទរព្រះរាជាណាចក្រកម្ពុជា សម្រាប់ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម។ ឯកឧត្តមបង្ហាញការកត់សម្គាល់ថាប្រជាពលរដ្ឋកម្ពុជាបានទទួលស្វាគមន៍យ៉ាងកក់ក្តៅរាក់ទាក់ចំពោះក្រុមអត្តពលិកមកពីក្រៅប្រទេស បន្ទាប់ពីឯកឧត្តមផ្ទាល់បានទៅទស្សនកិច្ចនៅទីកន្លែងអត្តពលិកស្នាក់នៅ។

ឯកឧត្តមក៏បានមើលឃើញការរៀបចំទទួលបដិសណ្ឋារកិច្ច កន្លែងស្នាក់នៅ មធ្យោបាយដឹកជញ្ជូន ម្ហូបអាហារ និងកិច្ចការផ្សេងៗទៀត បានរៀបចំបានយ៉ាងល្អប្រសើរ ដែលផ្តល់ឱកាសដ៏ល្អសម្រាប់អត្តពលិកផ្ដោតសំខាន់ទៅលើការប្រកួតកីឡារបស់ខ្លួន។ ឯកឧត្ដមចាត់ទុកការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះថាមិនត្រឹមតែជាព្រឹត្តិការណ៍សម្រាប់ការដណ្ដើមមេដាយប៉ុណ្ណោះទេ ប៉ុន្តែជាការកសាង និងពង្រឹងសាមគ្គីភាព មិត្តភាពរវាងបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ាន។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ស្វាគមន៍ចំពោះវត្តមានឯកឧត្តមទេសរដ្ឋមន្ត្រីអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នាឱកាសនៃការប្រារព្ធព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែលកម្ពុជាបាននិងកំពុងរៀបចំធ្វើជាម្ចាស់ផ្ទះ និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរកម្ពុជា និងសិង្ហបុរីដែលមានរហូតមកដល់ពេលនេះ។

សម្ដេចក្រឡាហោម ក៏បានចូលរួមអបអរសាទរ និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសិង្ហបុរីដែលបានបញ្ជូនអត្តពលិកមកចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នៅព្រះរាជាណាចក្រកម្ពុជា ដោយបានចាត់ទុកការបញ្ជូនអត្តពលិកចូលរួមនេះថាជាការឆ្លុះបញ្ចាំងឲ្យឃើញអំពី ការចូលរួមគាំទ្រចំពោះកម្ពុជាដែលកំពុងប្រារព្ធនូវព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។

សម្ដេចក្រឡាហោម  ស ខេង បានថ្លែងអំណរគុណចំពោះពាក្យពេចន៍ប្រកបដោយការលើកទឹកចិត្តរបស់ឯកឧត្ដមចំពោះកម្ពុជាក្នុងការប្រារឰព្រឹត្ដិការណ៍កីឡាស៊ីហ្គេម។ សម្តេចក៏បានជម្រាបជូនថានេះគឺជាលើកទីមួយក្នុងរយៈពេលជាង៦០ឆ្នាំដែលកម្ពុជាទន្ទឹងរង់ចាំឱកាសរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។ សម្ដេចក៏បានថ្លែងអំណរគុណសិង្ហបុរីក៏ដូចជាបណ្តាប្រទេសក្នុងតំបន់ដែលបានចូលរួមគាំទ្រដល់ការបំពេញតួនាទីជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ។

អត្តពលិកនៃប្រទេសសិង្ហបុរី

សូមបញ្ជាក់ថាកម្ពុជា បានបើកព្រឹត្តិការណ៍ស៊ីហ្គេមជាផ្លូវការកាលពី៥ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីបានដំណើរការការប្រកួតវិញ្ញាសារមួយចំនួនតាំងតែប៉ុន្មានថ្ងៃមុនថ្ងៃប្រកាសបើក។ ក្នុងចំណោមប្រទេសទាំង១១ក្នុងតំបន់អាស៊ាន ប្រទេសសិង្ហបុរី បានបញ្ជូនអត្តពលិកចំនួន៥៥៨នាក់មកចូលរួមព្រឹត្តិការណ៍នេះ៕

Share.