បាត់ដំបង÷ ឥទ្ធិពលខ្យល់កន្ត្រាក់បានបោកបក់ខ្លាំងក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បំផ្លាញផ្ទះប្រជាពលរដ្ឋជិត១០០ខ្នង បាក់ដើមឈើសង្កត់លើមនុស្ស១នាក់ និងរន្ទះបាញ់បានបាញ់បណ្តាលឲ្យងាប់គោ២ក្បាល។

មន្ត្រីមូលដ្ឋានបានរាយការណ៍ឲ្យដឹងថា÷ ឧបទ្ទវហេតុធ្លាក់ភ្លៀង ខ្យល់កន្ត្រាក់ និងរន្ទះបាញ់បង្កឡើងដោយគ្រោះធម្មជាតិខាងលើនេះបានកើតឡើងនៅវេលាល្ងាច អំឡុងម៉ោងប្រហាក់ប្រហែលគ្នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ប៉ះពាល់ដល់ស្រុកចំនួន ៥ ខូចខាតផ្ទះសរុបចំនួន៨៥ខ្នង រួមមានស្រុកសង្កែ, ស្រុករុក្ខគីរី, ស្រុកសង្កាត់វត្តគរ, ស្រុកភ្នំព្រឹក និងស្រុកគាស់ក្រឡ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

ក្នុងចំណោមការខូចខាតខាងលើនេះលំនៅឋានរបស់ប្រជាពលរដ្ឋក្នុងស្រុកភ្នំព្រឹកបានប៉ះពាល់ចំនួន៦១ខ្នង រលំទាំងស្រុង៥ខ្នង ប៉ើងរោងការ និងតូបលក់ដូរចំនួន៣ខ្នង។ ស្រុកគាស់ក្រឡ ប៉ះពាល់មធ្យមចំនួន ៥ខ្នង ស្រុកសង្កែ ប៉ះពាល់ខូចខាតចំនួន១០ខ្នងផ្ទះ។

ប្រភពដដែលបានបន្តថា÷ នៅអំឡុងវេលាម៉ោងជិត៥:០០នាទីល្ងាចថ្ងៃដដែលឥទ្ធិពលនៃគ្រោះជាតិនេះដែរ ភ្លៀងក៏បានធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ និងរន្ទះបាញ់បានគ្របដណ្តប់ប៉ះពាល់ផ្ទះប្រជាពលរដ្ឋក្នុងស្រុករុក្ខគីរីចំនួន៩ខ្នង រន្ទះបាញ់ងាប់សត្វគោចំនួន២ក្បាល និងក្នុងសង្កាត់វត្តគរ គ្រោះថ្នាក់ដើមឈើបាក់សង្កត់លើប្រជាពលរដ្ឋម្នាក់ដែលកំពុងធ្វើដំណើរតាមដងផ្លូវបណ្តាលសន្លប់របួសធ្ងន់ធ្ងរផងដែរ៕

អត្ថបទ៖ដំបងក្រញូង

Share.