ក្រុម​បាល់ទះ​នារី​កម្ពុជា ក្នុង​សាល​បាន​ចាប់​ផ្ដើម​ហាក់​មិន​សូវ​ល្អ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣ នេះ បើ​ធៀប​នឹង​ក្រុម​បុរស ដែល​ឈ្នះ​មេដាយ​ប្រាក់​កន្លង​ទៅ​ថ្មីៗ​នេះ រហូត​មាន​អ្នក​ខ្លះ​មាន​គំនិត​វិជ្ជមាន​និង​អវិជ្ជមាន​ចំពោះ​ក្រុម​បាល់ទះ​នារី។

ឯកឧត្តម ស សុខា អនុ​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា នៅ​ល្ងាច​ថ្ងៃ​ទី​១០ ខែ​​ឧសភា ឆ្នាំ​២០២៣ បាន​​លើ​ឡើង​នៅ​លើ​ Page ផ្លូវ​ការ​ក្នុង​ខ្លឹមសារ​​ថា៖«ក្រុម​បាល់ទះ​នារី​កម្ពុជា ត្រូវ​ការ​ពេល​វេលា​ដើម្បី​វិនិយោគ»។ ក្នុង​ន័យ​ឯកឧត្តម​បាន​បញ្ជាក់​ថា៖«ជា​ការ​កត់​សម្គាល់ ខ្ញុំ​សង្កេត​ឃើញ​បងប្អូន​ដែល​តាម​ដាន​ការ​ប្រកួត​បាល់ទះ​នារី ជា​ពិសេស ពេល​ក្រុម​បាល់​ទះ​នារី​កម្ពុជា ឡើង​ប្រកួត ដោយ​បាន​លើក​ឡើង​នូវ​មតិ​ចម្រុះ​ទាំង​វិជ្ជមាន និង​អវិជ្ជមាន។ ខ្ញុំ​គិត​ថា​មតិ​វិជ្ជមាន ជា​ការ​គាំទ្រ និង​ជំរុញ​លើក​ទឹកចិត្ត ប្រកប​ដោយ​ការ​ឈ្វេង​យល់​កីឡា​ល្អិតល្អន់។ ចំណែក​ឯ មតិ​អវិជ្ជមាន ខ្ញុំគិតថា បង​ប្អូន​ក៏​គ្មាន​បំណង​អាក្រក់​ដែរ គ្រាន់​តែ​ថា​មក​ពី​បងប្អូន​ចង់​ឃើញ​លទ្ធផល​វិជ្ជមាន ច្រើន​ជាង​អវិជ្ជមាន ក្រោយ​ពី​បងប្អូន​បាន​ឃើញ​ក្រុម​បាល់ទះ​បុរស​កម្ពុជា​ ទទួល​មេដាយ​ប្រាក់ ក្នុង​ប្រវត្តិសាស្ត្រ​រាប់​សិប​ឆ្នាំ​មក​ហើយ​មិន​ដែល​មាន»។

ឯកឧត្តម​បន្ត​ថា៖«ក្នុង​នាម ថ្នាក់​ដឹកនាំ​មួយ​រូប​នៃ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា ដែល​មាន ​ឯកឧត្ដម សន្តិបណ្ឌិត នេត សាវឿន ​ជា​ប្រធាន ក៏​ដូចជា​ថ្នាក់​ដឹកនាំ​សហព័ន្ធផ្សេងទៀត ខ្ញុំ​សូម​បើក​ចំហរ​ និង​ស្វាគមន៍​រាល់​មតិ​យោបល់​របស់​បង​ប្អូន​ទាំង​អស់ ក្នុង​ន័យ​ស្ថាបនា​ ដើម្បី​បាន​ជា​ធាតុ​ចូល​អភិវឌ្ឍ​ក្រុម​បាល់ទះ​នារី​ទៅ​ថ្ងៃ​មុខ។ តែ​ទន្ទឹម​នេះ ខ្ញុំ​ក៏​សូម​ឆ្លៀត​ឱកាស​​គូស​បញ្ជាក់​ខ្លះៗ​តាម​ការ​យល់​ឃើញ​សម្រាប់​ជា​ការ​ពិចារណា»។

អនុ​ប្រធាន​សហព័ន្ធ​ខាង​លើ​បាន​បញ្ជាក់​ពី​ខ្លឹមសារ​ថា៖«ទី១.ក្នុង​នាម​ម្ចាស់​ផ្ទះស៊ីហ្គេម​ ឬ​តាម​គោលការណ៍​កីឡា​សឹង​តែ​ទូទៅ កាល​ណា​មាន​ផ្នែក​បុរស ជា​គូ​នឹង​គ្នា គឺ​ត្រូវ​មាន​ផ្នែក​នារី (បាល់​ទះ​បុរស បាល់​ទះ​នារី)។ ចំណុច​នេះ​ហើយ គឺជា​មូលដ្ឋាន​ដែល​កម្ពុជា ត្រូវ​បង្កើត​បាល់​ទះ​នារី​ឡើង និង​ដាក់​វិញ្ញាសា​នេះ​ចូល​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម ដើម្បី​បង្ក​លក្ខណៈ​ដល់​បណ្ដា​ប្រទេស​អាស៊ាន ដែល​មាន​ក្រុម​បាល់​ទះ​នារី​ អាច​បញ្ជូន​អត្តពលិក​ចូលរួម​ប្រកួត ក្នុង​ស្មារតី​ធ្វើ​ឱ្យ​កាន់​តែ​ផុលផុស​ក្នុង​ព្រឹត្តិការណ៍ ដែល​អាច​ហៅ​ថា​ «ពិពិធ​កម្ម​កីឡា»។ ពោល​គឺ​ ពុំមែន​មាន​ន័យ​ថា យើង​ដាក់​វិញ្ញាសា ដើម្បី​តែ​បំណង​យក​ឈ្នះ​មួយ​មុខ​គត់​ប៉ុណ្ណោះ​ទេ​ គឺ​ក្នុង​ជំហរ​ថា «កីឡា​លើស​ពី​ឈ្នះ!»។

ចំណែក​ចំណុច​ទី២ ​ឯកឧត្តម​បន្ថែម​ថា៖«ទី២.និយាយ​អំពី​សមត្ថភាព​វិញ ខ្ញុំ​ទទួល​ស្គាល់​ថា​ ក្រុម​បាល់ទះ​នារី​កម្ពុជា ពិត​ជា​នៅ​មាន​កម្រិត។ ប៉ុន្តែ បើ​និយាយ​អំពី​អតីតភាព​វិញ ក្រុម​បាល់ទះ​នារី​កម្ពុជា ទើប​បង្កើត​ឡើង​បាន​ប្រមាណ​៦​ខែ​មុន​ស៊ីហ្គេម​ចាប់​ផ្ដើម ដោយ​បាន​ទៅ​សិក្សា​រៀន​សូត្រ​នៅ​ប្រទេស​ចិន មួយ​រយៈ​ខ្លី​ប៉ុណ្ណោះ។ ពេល​វេលា​នេះ ឃើញ​ថា ខ្លី​ណាស់​ទាំង​សម្រាប់​ហ្វឹកហាត់ និង​ការ​ចូល​សមរភូមិ​ប្រកួត​ដកពិសោធន៍ ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក។ បើ​ធៀប​នឹង​បាល់​ទះ​បុរស​កម្ពុជា​វិញ ខុសគ្នាឆ្ងាយណាស់ គឺ​បាន​បង្កើត​ឡើង​ប្រមាណ​១០​ឆ្នាំ​មក​ហើយ ដោយ​មាន​ពេល​វេលា​វែង​ក្នុង​ហ្វឹកហាត់ មាន​ឱកាស​ប្រឡូក​ក្នុង​ការ​ប្រកួត​ទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក ទាំង​មិត្តភាព និង​ដណ្ដើម​ពាន ពិសេស បាន​ឆ្លង​កាត់​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​កន្លងៗ​ទៅ​ថែម​ទៀត។ ជារួម សឹង​តែ​គ្រប់​រឿង ពេលវេលា​សំខាន់​ណាស់! យើង​ពុំអាច​ប្រើពេល​ដ៏ខ្លី ធ្វើ​ឱ្យ​ប្រភេទ​កីឡា​មួយ​បាន​ល្អ​បាន​ទេ។ និយាយ​ឱ្យ​ខ្លី យើង​មិន​អាច​ជប់​ក្រុម​បាល់​ទះនារី​កម្ពុជា ឱ្យ​ក្លាយ​ជា​ក្រុម​ល្អ ឈាន​ទៅ​ដល់​កម្រិត​អាជីព និង​ទទួល​បាន​មេដាយ​ភ្លាមៗ​បាន​ទេ។ «ពេលវេលា ក៏ជា​ទុនវិនិយោគ​ស្នូល​មួយ​ក្នុង​ចំណោម​ទុនវិនិយោគ​ស្នូល​ផ្សេង​ទៀត​ក្នុង​វិស័យកីឡា»។

យ៉ាងណាក្ដី​​​ជា​ចុង​ក្រោយ​ឯកឧត្តម បាន​បន្តថា៖«ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ដោយ​ស្មោះ​ចំពោះ​ស្មារតី​របស់​បងប្អូន​ទាំង​អស់ ដែល​គាំទ្រ​ព្រឹត្តិការណ៍​ស៊ីហ្គេម ក្នុង​នាម​កម្ពុជា ធ្វើ​ជា​ម្ចាស់​ផ្ទះ។ ស្របពេល​ជាមួយ​គ្នា​នេះ​ដែរ ខ្ញុំ​សូមអំពាវ​នាវ​បន្ថែមទៀតដល់​បងប្អូនទាំងអស់គ្នា សូម​បន្ត​បង្ហាញ​ឆន្ទៈ​គាំទ្រ​ និង​លើក​ទឹកចិត្ត​ដល់​គ្រប់​ក្រុម​កីឡា និយាយ​ជា​រួម។ និយាយ​ដោយ​ឡែក សូមបន្តគាំទ្រ ជំរុញ​លើក​ទឹកចិត្ត​ដល់​ក្រុម​បាល់ទះ​នារី​កម្ពុជា ដ៏​ក្មេង​ខ្ចី គ្រប់​រូបភាព​នៃ​ការ​ផ្តល់​កម្លាំង​ចិត្ត និង​សម្ដែង​ទំនុក​ចិត្ត​លើ​ពួក​គេ ដើម្បី​ឱ្យ​ពួក​គេ​កាន់​តែ​អង់អាច​ បញ្ចេញ​អស់​ពី​សមត្ថភាព។ ជា​ការ​ពិតយើង​មិន​ស្កប់ស្កល់​នឹង​អ្វី​ដែល​យើង​មាន​ទេ ​តែ​យើង​ក៏​ត្រូវ​រីករាយ​នូវ​អ្វី​ដែល​យើង​អាច​បង្កើត​ឡើង​បាន ឬអ្វីដែល​យើង​មាន​ដែរ ដោយ​រួមគ្នា​ជា​វិជ្ជមាន​គ្រប់​រូបភាព ដើម្បី​អភិវឌ្ឍ​បន្ត។ ថ្ងៃ​ណា​មួយ យើង​នឹង​ឃើញ​នូវ​អ្វី​ដ៏​អស្ចារ្យ​មួយ ខុស​ពី​ការ​គិត​បច្ចុប្បន្ន។ ពោល​គឺ មិន​ខុស​ពី​ក្រុម​បាល់ទះ​បុរស​កម្ពុជា ដែល​ដណ្ដើម​មេដាយ«សំរឹទ្ធ»​បាន​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​រៀបចំ​ នៅ​​វៀតណាម កាល​ពី​ឆ្នាំ​កន្លង​ទៅ​ និង​ឆ្នាំ​២០២៣នេះ យើង​ឈាន​ទៅ​ដណ្ដើម​បាន​មេដាយ«ប្រាក់» គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នោះ​ទេ។ សូមប្អូនៗ​កីឡាការិនី​បាល់ទះ​កម្ពុជា បន្ត​ដំណើរ​ទៅ​មុខ​ដោយ​ភាព​ជឿងជាក់​និង​ស្មារតី​សាមគ្គី!»

​ក្រុម​បាល់ទះ​នារី កំពុង​ប្រកួត​វគ្គ​ជម្រុះ​តាម​ពូល​នៅ​ឡើយ ប្រចាំ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី៣២ ដោយ​ស្ថិត​ក្នុង​ពូល B ជាមួយ​វៀតណាម ហ្វីលីពីន សិង្ហបុរី ហើយ​ពូល A មាន​ថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​មីយ៉ាន់ម៉ា។

លទ្ធផល​​​ថ្ងៃ​ទី៩ ខែ​ឧសភា ហ្វីលីពីន ៣-០ កម្ពុជា
លទ្ធផល​​​ថ្ងៃ​ទី​១០ ខែ​ឧសភា កម្ពុជា ០-៣ សិង្ហបុរី
កម្មវិធី​ប្រកួត​ថ្ងៃ​ទី​១១ ខែ​ឧសភា វៀតណាម ប៉ះ កម្ពុជា

Share.