សិល្បៈអន្តរជាតិ៖ ខណៈ​នេះ​មិត្តភាព​រវាង​ James Ma និង​ Pie Rinrada បាន​ចេញ​ផុត​ពី​​ពាក្យ​ថា​មិត្ត​ភក្ដិ ព្រោះ​ James Ma បាន​ប្រគល់​តំណែង​មនុស្ស​ពិសេស​​ប្រចាំ​បេះដូង​ឱ្យ​ទៅ​ខាង​ស្រី​ជា​ស្ថាពរ​ហើយ​។

សម្រាប់​គូ​របស់​ James Ma និង Pie Rinrada ត្រូវ​បាន​អ្នក​គាំទ្រ​ចាត់​ទុក​ជា​ដៃ​គូ​សម្ដែង​ ដែល​ចង់​ឱ្យ​ប្ដូរ​ឋានៈ​ពី​មិត្ត​ភក្ដិ​ធម្មតា មក​ជា​គូស្នេហ៍​ ចាប់​តាំង​ពី​អ្នក​ទាំង​ពីរ​មាន​ឱកាស​បាន​ចាប់​គូ​សម្ដែង​ជា​តួ​ឯក​ប្រុស​-​ស្រី​ក្នុង​​ភាពយន្ត​ភាគ​​រឿង​ «Pror Rak» ជាមួយ​គ្នា​ពី​ដំបូង​ម្ល៉េះ។

អ្វីដែលធ្វើ​ឱ្យ​មហាជន​កាន់​តែ​ប្រាកដ​ចិត្ត​ថា​អ្នក​ទាំងពីរ​អាច​នឹង​មាន​អារម្មណ៍​ពិសេស​ៗ​ឱ្យ​គ្នា​ទៅ​វិញ​ទៅមក​នោះ​គឺ ​ក្រោយ​​បាន​​ចាប់​ដៃ​គូ​សម្ដែង​ជាមួយ​គ្នា​ និង​​បាន​ទៅ​ដើរ​កម្សាន្ត​ជាមួយ​គ្នា​នៅ​ប្រទេស​កូរ៉េជាមួយ​គូ​របស់​ Nadech និង​ Yaya អ្នក​ទាំង​ពីរ​​រមែង​មាន ​​រូប​ភាព​គូ ​ជា​ហូរ​ហែរ​បង្អួត​ភ្នែក​មហាជន​ ​រហូត​ថ្មី​ៗ​នេះ​ ពេល​ផ្ដល់​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ James Ma ​បាន​ទទួលស្គាល់​ថា​ខ្លួន​និង Pie បច្ចុប្បន្ន​ចេញ​ផុត​ពី​តំបន់​ Friendzone លែង​ត្រឹម​ជា​មិត្ត​ភក្ដិ​ធម្មតា​ដូច​ពី​មុន​ទៀត​។

នៅ​ក្នុង​ផ្ដល់​បទ​សម្ភាសន៍នោះ James​ Ma បាន​រៀបរាប់​ឱ្យដឹងថា​អ្នក​ទាំង​ពីរ​ស្គាល់​គ្នា​រយៈពេល​៥​ឆ្នាំ​ហើយ បាន​ស្គាល់​និង​សិក្សា​ពី​ចរិត​ឬកពារ​របស់​ខាង​ស្រី​បាន​ច្រើន លោក​យល់​ថាមក​ដល់​ពេល​នេះ​អ្នក​ទាំង​ពីរ​ហួស​ពី​ពាក្យ​ថា​មិត្ត​ភក្ដិ​ហើយ ព្រោះ​អាច​និយាយ​គ្នា​បាន​គ្រប់​រឿង គាំទ្រ​គ្នា​គ្រប់​កាលៈទេសៈ ប៉ុន្តែ​ទំនាក់ទំនង​រវាង​គ្នា​នៅពេល​នេះ​គឺ​ប្រសើរ​ជាង​មុន​ខ្លាំង​ណាស់។

James Ma បាន​សរសើរ​ចំណុច​ល្អៗ​របស់​​​ Pie Rinrada ​ប្រាប់​អ្នក​សារព័ត៌មាន​ថា​​នាង​គឺជា​មនុស្ស​ម្នាក់ ​ពូកែ ចូលចិត្ត​ដាក់ខ្លួន​ មាន​ទឹក​ចិត្ត​ល្អ អាច​​មើល​ថែ​គ្រប់​គ្នា​បាន​​យ៉ាង​ល្អ។

James Ma បាន​និយាយ​ថា ​«ពេល​យើង​មាន​ឱកាស​បាន​ទៅ​ដើរ​លេង​ជាមួយ​គ្នា បាន​ស្គាល់​គាត់​កាន់​តែ​ខ្លាំង​ជាង​មុន ខ្ញុំ​មាន​អារម្មណ៍​ថា​គាត់​គួរ​ឱ្យ​ស្រលាញ់​ យើង​មក​ដល់​ចំណុច​នេះ​ ខ្ញុំ​មាន​អារម្មណ៍​ថា​ គួរ​តែ​មាន​ការ​ប្ដូរ​ឋានៈពីមិត្ត​ធម្មតាមក​ជា​មនុស្ស​ពិសេស​បាន​ហើយ។

មែនទែនទៅ James Ma គឺជា​តារា​សម្ដែង​មួយ​ដួង​ ​ដែលចាប់​ផ្ដើម​មាន​ឈ្មោះ​ល្បីល្បាញ​ក្រោយ​បាន​ចូលរួម​សម្ដែង​ក្នុង​ភាពយន្ត​ភាគ​ជា​ស៊េរី​ខ្នាត​ធំ រឿង​សុភាព​បុរស​ចុថាថេប ក្នុង​វគ្គ​ រុណណៈភី ដោយ​កាល​នោះ​ចាប់​ដៃ​គូសម្ដែង​ជាមួយ​នឹង​តារា​ស្រី Mint Chalita៕

Share.