សិល្បៈ​អន្តរជាតិ៖ កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​ឧសភា ម្សិលមិញ​នេះ​ នៅ​ប្រទេស​មាន​រៀបចំ​ការ​បោះឆ្នោត​ជាតិ​ដ៏​ធំ​ ហើយ​ក្រោយ​ពី​បញ្ចប់​ការ​បោះ​ឆ្នោត​និង​រាប់​សន្លឹក​ឆ្នោត​បឋម គេ​មើល​ឃើញ​ថា​បក្ស​ទើប​បង្កើត​ថ្មី ​ឆ្ពោះ​ទៅ​មុខ​ (Moving Forward) មាន​សំឡេង​គាំទ្រ​នៅ​ក្នុង​ទីក្រុង​បាងកក​ភ្លូកទឹកភ្លូកដី​ រហូត​ទទួល​បាន​កៅអី​ចំនួន​៣៣ ខណៈ​ដែល​ក្នុង​ចំណោម​នោះ​មាន​ម្នាក់​គឺជា​តារា​សម្ដែង​-ពិធីករ​ល្បី​ឈ្មោះ​ កញ្ញា​ หมิว สิริลภัส กองตระการ (Sirilapas Kongtrakarn)។

រយៈ​ពេល​២​ឆ្នាំ​ នៃ​ការ​បញ្ចេញ​មតិ​យ៉ាង​ផុសផុល​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក​ប្រាយុទ្ធ ទី​បំផុត​អតីត​តារា​សម្ដែង​និងពិធីករ​ល្បី​ឈ្មោះ​រូប​នេះ​មុន​នឹង​បោះ​ជំហាន​ចូល​ក្នុង​បក្សឆ្ពោះ​ទៅមុខ និង​ឈរ​ឈ្មោះ​ជា​តំណាង​រាស្ត្រ​​ក្នុងក្រុង​បាង​កក​ តំបន់ ១៤ ដោយ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ​១៥ ឧសភា នេះសំឡេង​ឆ្នោតគាំទ្រ​នាង​ បាន​នាំ​មុខ​គូប្រកួត​រហូត​ដល់​ជាង​១​ម៉ឺន​សំឡេង​គាំទ្រ​។

ថ្មីៗ​នេះ​​ក្រោយ​សំឡេង​ឆ្នោត​បឋម​នាំ​មុខ​គូប្រកួត សាមី​ខ្លួន​កញ្ញា Mew បាន​បង្ហោះ​ហ្វេសប៊ុក​ថ្លែង​អំណរគុណ​ចំពោះ​សំឡេង​គាំទ្រ​ និង​អរគុណចំពោះ​ប្រជាពលរដ្ឋ​ថៃ​ដែល​បាន​ចេញ​មក​ប្រើ​ប្រស់​សិទ្ធិ​របស់​ខ្លួន​យ៉ាង​គគ្រឹក​គគ្រេង​ ជា​ពិសេស​នាង​បាន​លើក​ឡើង​ថា​សំឡេង​ឆ្នោត​ដែល​ទទួល​បាន​គឺ​ជា​ក្ដី​សុបិន​ និង​ក្ដី​សង្ឃឹម​របស់​ប្រជាជន​ថៃ​ទូ​ទាំង​ប្រទេស។

«គ្រប់​ពេល​ដែល​ Mew ចុះ​មូលដ្ឋាន​ រឿង​ដែល​ធ្វើ​ឱ្យ​មាន​កម្លាំង​ចិត្ត​ដើរ​ទៅ​មុខ​ ក្រៅ​ពី​កម្លាំង​ចិត្ត​របស់​បងប្អូន​ប្រជាជន​ នោះ​គឺ​ការ​ជឿជាក់​ថា​ ប្រទេស​ថៃ​ នឹង​បាន​ប្រសើរ​ជាង​នេះ​ អនាគត​កូន​ក្មួយ​យើង​ នឹង​ល្អ​ជាង​នេះ​ ហើយ​នៅ​ពេល​បាន​ចូល​ទៅ​ធ្វើ​ការងារ​ ខ្ញុំ​នឹង​ធ្វើ​ការ​ងារ​ឱ្យ​សម​នឹង​ប្រាក់​បៀរវត្ស​ប្រចាំ​ខែ​ដែល​ទទួល​បាន​ ដូច​រាល់​ពេល​ដែល​ខ្ញុំ​បាន​និយាយ​ទុក​ មិន​ថា​ទោះ​ជា​អាជីព​ណា​ក៏​ដោយ​។

ចាប់​ពី​ពេល​នេះ​ទៅ​ផ្លូវ​​ដើរ​ថ្មី​បាន​ចាប់​ផ្ដើម​ហើយ សូម​ធ្វើ​ជា​កម្លាំង​ចិត្ត​សម្រាប់​ខ្ញុំ​និង​បក្ស​ឆ្ពោះ​ទៅ​មុខ​ទាំង​អស់​គ្នា​ តោះ​យើង​មក​រួបរួម​គ្នា​ធ្វើ​ឱ្យ​ប្រទេស​ថៃ​កាន់​តែ​ល្អប្រសើរ​ជាមួយ​គ្នា​។

សូម​ជម្រាប​ថា​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​ឧសភា គណបក្ស​ឆ្ពោះ​ទៅ​មុខ​របស់​កញ្ញា​ Mew មាន​សំឡេង​ឆ្នោត​គាំទ្រ​បឋម​នាំ​មុខ​គេ​លំដាប់​លេខ​១ តាម​ពី​ក្រោយ​ដោយ​គណបក្ស​ផឿថៃ (បក្សថាក់ស៊ីននិយម​) ដោយ​លទ្ធផល​នេះ​ស្ថិត​ក្នុង​ភាព​បណ្ដោះ​អាសន្ន​ អាស្រ័យ​ការ​រាប់​​សំឡេង​ឆ្នោត​បាន​ជាង​៩០​ភាគ​រយ​៕

ប្រភព៖ Sanook, Khaosod

Share.