នៅយប់ថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២១ លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF ទទួលបានការតំឡើងខ្សែក្រវាត់ មួយកម្រិតទៀតគឺពីខ្សែក្រវាត់ខ្មៅ៦ដាន់ ទៅខ្សែក្រវាត់ខ្មៅកម្រិតខ្ពស់៧ដាន់ ក្រោយពីមានការប្រជុំសម្រេចពីគណៈកម្មការតំណាងឧបទ្វីប។

ក្រោយទទួលបានខ្សែក្រវ៉ាតខ្មៅ៧ដាន់ លោកបានសរសេរនៅលើហ្វេសប៊ុកផ្លូវការរបស់លោកថា៖«ទើបតែប្រជុំតាម zoom ហើយដែលមានតំណាងមកពីឧបទ្វីបជាង ២០រូបនៃសហពន្ធ័តេក្វាន់ដូអន្តរជាតិ។ ក្នុងនោះខ្ញុំត្រូវបានអង្គប្រជុំអនុម័តយល់ព្រមតម្លើងដាន់ឲ្យខ្ញុំបាន ៧ដាន់ក្នុងចំណោមបណ្តាមកពីប្រទេសផ្សេងទៀតដែលត្រូវទទួល»។
ខ្សែក្រវាត់ខ្មៅ៧ដាន់នេះជាតំណែងធំជាងគេនៅប្រទេសកម្ពុជា ខណៈកម្រិតខ្សែក្រវាត់ខ្មៅដែលខ្ពស់ជាងគេបំផុតគឺត្រឹម៩ដាន់។
ចំណែកកម្រិតខ្សែក្រវាត់នៅក្នុងប្រភេទកីឡាតេក្វាន់ ITF មានកម្រិតដំបូងគឺពណ៌ស (២កម្រិត) បន្ទាប់មកពណ៌លឿង (២កម្រិត) ពណ៌បៃតង (២កម្រិត) ពណ៌ខៀវ (២កម្រិត) ពណ៌ឈាមជ្រូក (២កម្រិត)។ ចំណែកកម្រិតខ្ពស់គឺពណ៌ខ្មៅមានចាប់ពី១ដាន់រហូតដល់៩ដាន់ផុតលេខ៕