នៅ​យប់​ថ្ងៃ​ទី ១៤ ខែ​មីនា ឆ្នាំ​២០២១ ​លោក កែវ រ៉េមី ប្រធាន​សហព័ន្ធ​កីឡា​​តេក្វាន់ដូ ITF ទទួល​បាន​ការ​តំឡើង​ខ្សែ​ក្រវាត់ មួយ​កម្រិត​ទៀត​គឺ​ពី​ខ្សែ​ក្រវាត់​ខ្មៅ​៦ដាន់ ទៅ​ខ្សែ​ក្រវាត់​ខ្មៅ​កម្រិត​ខ្ពស់​៧​ដាន់​ ក្រោយ​ពី​មាន​ការ​ប្រជុំ​សម្រេច​ពី​គណៈកម្មការ​តំណាង​ឧបទ្វីប។

ក្រោយ​ទទួល​បាន​ខ្សែក្រវ៉ាតខ្មៅ​៧ដាន់ លោក​បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​​ថា៖«ទើប​តែ​ប្រជុំ​តាម zoom ហើយដែលមានតំណាងមកពីឧបទ្វីបជាង​ ២០​រូប​នៃ​សហពន្ធ័​តេក្វាន់ដូ​អន្តរជាតិ។ ក្នុង​នោះ​ខ្ញុំ​ត្រូវ​បាន​អង្គប្រជុំអនុម័តយល់ព្រមតម្លើងដាន់ឲ្យខ្ញុំបាន ៧​ដាន់​ក្នុង​ចំណោម​បណ្តា​មក​ពី​ប្រទេសផ្សេងទៀតដែលត្រូវទទួល»។

ខ្សែ​ក្រវាត់​ខ្មៅ​៧ដាន់​នេះ​ជា​តំណែង​ធំជាង​គេ​នៅ​ប្រទេស​កម្ពុជា ខណៈ​​កម្រិត​ខ្សែ​ក្រវាត់​ខ្មៅ​ដែល​ខ្ពស់​ជាង​គេ​បំផុត​គឺ​ត្រឹម​៩ដាន់។

ចំណែក​កម្រិត​ខ្សែ​ក្រវាត់​នៅ​ក្នុង​ប្រភេទ​កីឡា​តេក្វាន់ ITF មាន​កម្រិត​ដំបូង​គឺ​ពណ៌ស (២កម្រិត) បន្ទាប់​មក​ពណ៌​លឿង (២កម្រិត) ពណ៌​បៃតង (២កម្រិត) ពណ៌​ខៀវ (២កម្រិត) ពណ៌​ឈាមជ្រូក (២កម្រិត)។ ចំណែក​កម្រិត​ខ្ពស់​គឺ​ពណ៌​ខ្មៅ​មាន​ចាប់​ពី​១ដាន់​រហូត​ដល់​៩ដាន់​ផុតលេខ៕

Share.