ទីបំផុតកិច្ចប្រជុំគណៈអចិន្រៃ្ដយ៍សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ បាន​សម្រេច​ច្បាស់​ហើយ​ថា​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ប្រចាំ​តំបន់​អាស៊ីភាគអាគ្នេយ៍ ហៅ​ថា​ស៊ីហ្គេម នៅ​ចុង​ឆ្នាំ​២០២១ នេះ​​ត្រូវ​លើក​ពេល​ប្រកួត​ដោយ​សារ​ការ​ឆ្លង​រីករាលដាល​ខ្លាំង​ធ្វើ​ឱ្យ​ម្ចាស់​ផ្ទះ​វៀតណាម មិន​អាច​រៀបចំ​​ការ​ប្រកួត​បាន។

បើតាម​ការ​​ជូនដំណឹង​របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ក្រោយ​បញ្ចប់​កិច្ចប្រជុំ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី៨ កក្កដា ២០២១ ថ្មីៗ​នេះ​ថា«លទ្ធផល​នៃកិច្ច​ប្រជុំក្រុម​ប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍​ មាន​២​ចំណុច​សំខាន់ៗ ​រួមមាន​៖ ១-SEA Games នៅ​វៀតណាម មិន​រៀបចំ​ឆ្នាំ២០២១ នេះទេ ដោយ​ការ​ឯកភាព​ជា​ឯកច្ឆ័ន។ ២-SEA Games នៅ​វៀតណាម ឯកភាព​គ្នា​ចំនួន​១០ប្រទេស រួម​ទាំង​ម្ចាស់​ផ្ទះ​វៀតណាម (ហ្វីលីពីន ចំថ្ងៃ​បោះឆ្នោត​សកល នា​ខែ​ឧសភា) លើក​ទៅ​ចុង​ខែមេសា ដល់​ដើម​ខែ​ឧសភា ឆ្នាំ​២០២២​ ប៉ុន្តែ​វៀតណាម ត្រូវ​ស្នើ​សុំ​អនុម័ត និង​កំណត់​ថ្ងៃ​ឲ្យ​បាន​ច្បាស់​លាស់​ពី​រដ្ឋាភិបាល​របស់​ខ្លួន ក្នុងពេលឆាប់ៗនេះ»។

តាម​ផែនការ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម ធ្វើ​ឡើង​នៅ​រាល់​២ឆ្នាំ​ម្តង​ ខណៈ​ឆ្នាំ​២០២១ នេះ​វេន​ធ្វើ​ឡើង​២ឆ្នាំ​បន្ទាប់​ពី​ហ្វីលីពីន កាល​ពី​ឆ្នាំ​២០១៩។ ដើម​ឡើយ​វៀតណាម គ្រោង​រៀបចំ​ការ​ប្រកួត​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ដល់​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ២០២១ ប៉ុន្តែ​​ដោយសារ​ការ​ឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ-១៩ ក្នុង​ប្រទេស​ខ្លាំង ប្រទេស​នេះ​បាន​ ​ស្នើ​សុំ​ទៅ​អាស៊ាន ដើម្បី​សុំ​លើក​ពេល​ប្រកួត។

កន្លង​មក​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​វៀតណាម បាន​កំណត់​ប្រភេទ​កីឡា​​ចំនួន​៤០ប្រភេទ​​​មាន​វិញ្ញាសា​សរុប​ចំនួន ​៥២៦ ដាក់​ឱ្យ​អត្តពលិក​មក​ពី​ប្រទេស​អាស៊ាន​​ចូលរួម​ប្រកួត​ប្រជែង៕

Telegram-Troryorng
Share.