ក្រោយ​ម្ចាស់​ផ្ទះ​វៀតណាម ទទួល​បាន​សម្រេច​ពន្យាពេល​ស៊ីហ្គេម លើកទី៣១ ពីចុងឆ្នាំ២០២១ ទៅ អំឡុង​ពាក់កណ្តាល​ឆ្នាំ​២០២២ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បាន​អំពាវ​នាវ​ឲ្យ​សហព័ន្ធ​កីឡា​ជាតិ​នានា​ធ្វើ​ផែនការ​ហ្វឹកហាត់​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន​ឲ្យ​បាន​សស្រាក់សស្រាំ ដោយ​ចាត់ទុក​ថា​នេះ​ជា​ឱកាស​ល្អ​ ដែល​កម្ពុជា មាន​ពេល​វេលា​បន្ថែម​ទៀត ក្នុង​ការ​ត្រៀមខ្លួន​ចូលរួម​ប្រកួត​មេដាយ។

ការ​លើក​ឡើង​​របស់​ថ្នាក់​ដឹកនាំ​កីឡាករ​ខាង​លើ​បន្ទាប់​ពី​បញ្ចប់​កិច្ច​ប្រជុំអនឡាញ​ជាមួយ​គណៈ​អចិន្ត្រៃយ៍​ក្រុម​ប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ (SEA Gamse) នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១​ថ្មីៗនេះ។ «យើងមាន​ពេលវេលាច្រើនសម្រាប់ការចូលរួមស៊ីហ្គេម​ នៅប្រទេសវៀតណាម ​ក៏ពិតមែន​ ប៉ុន្តែ​យើង​ក៏បាន​បាត់បង់​ពេល​វេលា​ច្រើនដែរ ក្នុង​ការ​ហ្វឹកហាត់ ដោយ​សារ​ស្ថានភាព​វិបត្តិ​ជំងឺ​កូវីដ-១៩»។ ឯកឧត្តម​បន្ថែម។

ថ្នាក់ដឹកនាំ​ខាង​លើ​លើក​ទឹក​ចិត្ត​ឲ្យ​កីឡាករ កីឡាការិនី​ជម្រើសជាតិ​គ្រប់ប្រភេទ​កីឡា​ទាំង​អស់​បន្តកិច្ច​ខិតខំប្រឹងប្រែង​ហ្វឹកហាត់ឲ្យបានខ្លាំងក្លា ដើម្បី​សម្រួច​គោលដៅ​ប្រជែង​មេដាយ​ នៅ​ក្នុង​ព្រឹត្តិការណ៍ កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលជា​ហ្គេម​យុទ្ធសាស្រ្ត​ចុងក្រោយ​របស់​កម្ពុជា ក្នុង​ការ​សម្រួច​គោលដៅ ឆ្ពោះ​ទៅ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់​ផ្ទះ ស៊ីហ្គេម លើកទី៣២​ និង​ការ​ប្រកួត​កីឡា​ជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។

អត្ថបទពាក់ព័ន្ធ៖កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២១ នៅ​វៀតណាម ត្រូវ​លើក​ទៅ​ឆ្នាំ​២០២០ តែ​​មិន​កំណត់​ពេល​ច្បាស់

ឆ្លៀត​ក្នុង​ឱកាស​​កិច្ចប្រជុំ​ខាង​លើ​បានស្នើសុំដល់សមាជិកនៃកីឡាអាស៊ីអាគ្នេយ៍ ទាំងអស់​ ចូលរួម​ផ្សព្វផ្សាយ ចូលរួម​គាំទ្រ​បន្ថែម​ទៀត​ដល់ ស៊ីហ្គេម នៅកម្ពុជា​ ដែល​កម្ពុជា​នឹង​ត្រូវ​បើក​យុទ្ធនាការ​ជាតិ​ផ្សព្វផ្សាយ​ពេល​ឆាប់ឆាប់ខាងមុខនេះ។ ប្រទេសទាំង​អស់​បាន​ឯកភាព​ ហើយ​បាន​កោត​សរសើរ និង​បាន​វាយ​តម្លៃ​ខ្ពស់​ថា កម្ពុជា​ពិត​ជា​មាន​ជំហរ​ច្បាស់លាស់ និង​ពិត​ប្រាកដ​ នៅ​ក្នុង​ការ​ត្រៀម​ធ្វើម្ចាស់ផ្ទះ ឆ្នាំ២០២៣ ហើយប្រទេសទាំងអស់រង់ចាំជួយជ្រោមជ្រែងការផ្សព្វផ្សាយ​ ក្នុង​ការ​បើក​យុទ្ធនាការ​ផ្សព្វផ្សាយនេះទាំងអស់គ្នានៅគ្រប់ប្រទេសទាំងអស់។

ដោយឡែក ក្នុង​ប្រកួត​កីឡាអូឡាំពិក នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១តទៅនោះ គឺថាបណ្តាប្រទេសនានាក្នុងអាស៊ីអាគ្នេយ៍ នឹង​យកវិធានការទប់ស្កាត់​កូវីដ-១៩​ ដែល​ត្រូវ​បាន​ចែង​នៅ​ក្នុង​អូឡាំពិកអន្តរជាតិ ភាគី​អាស៊ីអាគ្នេយ៍​ទាំង​មូល​នឹង​ខិតខំ​រួមគ្នា​ប្រមែប្រមូល​យក​វិធាន​ការ​ទាំង​អស់​នោះ​មក​ធ្វើជាវិធានការនៃការទប់ស្កាត់កូវីដ-១៩ យកមករៀបចំ ​ស៊ីហ្គេម នៅ​វៀតណាម ក៏ដូចជា​ស៊ីហ្គេម នៅកម្ពុជា ឆ្នាំ២០២៣ផងដែរ ប្រសិន​បើ​ជា​ស្ថានភាព​នៅ​តែ​មាន។

សូមបញ្ជាក់ថា​ការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម​ ដែល​គ្រោង​នឹង​រៀបចំ​ចុង​ឆ្នាំ២០២១ ត្រូវ​បាន​ពន្យា​ពេល​ទៅ​រៀប​ចំនាចុងខែមេសា ដល់ដើមខែឧសភា ឆ្នាំ២០២២ ដោយ​គណៈអចិន្ត្រៃយ៍​ស៊ីហ្គេម បាន​ឯកភាព​គ្នា ក្រោម​ការ​សម្របសម្រួល និង​សម្រេច​ចិត្ត​យ៉ាង​ផុលផុស​ ជា​ពិសេស​គឺ​បាន​ការ​ឯកភាព​គ្នា​ទាំង​ស្រុង​ក្នុង​ការ​ជួយគ្នា​ទៅ​វិញ​ទៅ​មក​ជួយបន្ធូរបន្ថយ​ស្ថានភាព​តានតឹងនៃ​វិបត្តិជំងឺកូវីដ-១៩នេះ។ ម្ចាស់ផ្ទះ ស៊ីហ្គេម វៀតណាមនឹងកំណត់ការបរិច្ឆេតច្បាស់លាស់​ ឆាប់ៗ​ខាងមុខ​នេះ ក្នុងចន្លោះខែមេសា ដល់ខែឧសភា ក្នុងឆ្នាំ២០២២​ ជូន​ក្រុម​ប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ ក្រោយ​ដាក់​សំណើរ​នេះជូនដល់រដ្ឋាភិបាល​របស់​ខ្លួន៕

អត្ថបទ&រូបភាព៖Sea Games 2023

Telegram-Troryorng
Share.