សិល្បៈ​អន្តរជាតិ​៖ កំពុង​តែ​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ក្នុង​សង្គម​ថៃ​នា​ពេល​ថ្មីៗ​នេះ​ ដោយ​សារ​តែ​កូន​សម្លាញ់​របស់​លោក​ Nawat Itsaragrisil កញ្ញា Charlotte Austin ម្ចាស់​តំណែង​ Miss Grand លំដាប់​រង​ទី​៥ ឆ្នាំ​ ២០២២ ត្រូវ​បាន​អ្នក​លេង​បណ្ដាញ​សង្គម​គាស់​កកាយ​ផុស​ចាស់​ៗ​​កាល​ពី​ឆ្នាំ​៩​ឆ្នាំ​មុន​ ដែលកាល​ណោះ​កញ្ញា​បាន​សរសេរ​សារ​ប្រមាថ​ចំពោះ​​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោក​ ថាក់​ស៊ីន។

សារ​ដែល​បង្កឱ្យ​​កើត​មាន​បញ្ហា​ចម្រូងចម្រាស​កើត​ឡើង​នេះ​ កញ្ញា​​បាន​សរសេរ​ថា​៖ «មនុស្ស​ដូច​ថាក់​ស៊ីន​ គ្រាន់​តែ​របូត​ក្បាល​នៅ​តិច​ពេក​ណាស់​»។ យ៉ាង​ណា​មិញ​ក្រោយ​​ផុស​ចាស់​របស់​ខ្លួន​ត្រូវ​បាន​គេ​គាស់​​កកាយ​យក​ត្រលប់​មក​វិញ​កញ្ញា​ Charlotte បាន​បើក​ចិត្ត​ចំពោះ​ករណី​នេះ​ថា​ ខ្លួន​ត្រៀម​​រួច​ជា​ស្រេច​សម្រាប់ការ​សុំ​ទោស​ចំពោះ​កំហុស​ពី​អតីត​កាល​ដែល​ខ្លួន​ធ្លាប់​បាន​ខុស​ឆ្គង​ ដែល​កំហុស​ឆ្គង​នេះ​កើតឡើង​ព្រោះ​តែ​គំនិត​ក្មេង​ខ្ចី​របស់​ខ្លួន​តាំង​ពី​អាយុ​១៤​ឆ្នាំ​ ហើយ​នៅពេល​នោះ​ខ្លួន​ក៏​បាន​សុំ​ទោស​លោក ថាក់ស៊ីន​ ឈិនណាវ៉ាត់ ក្រុម​គ្រួសារ​និង​ប្រជាជន​ថៃ​ផង​ដែរ។​

Charlotte បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖ «រឿង​ដែល​ចង់​បកស្រាយ​នេះ​គឺជា​រឿង​ដែល​កើត​ឡើង​កាល​ពី​៩​ឆ្នាំ​មុន​ ជា​ដំបូង​នាង​ខ្ញុំ​សុំ​ទោស​ចំពោះ​ការ​ផុស​ដែល​ធ្វើ​ឱ្យ​កើត​មាន​រឿង​មិន​សប្បាយ​ចិត្ត​នាខណៈ​នេះ​ ខ្ញុំ​គ្មាន​ពាក្យ​អ្វី​លើក​យក​មក​បកស្រាយនិង​លាង​ខ្លួន​ ឱ្យ​រួចផុត​ពី​កំហុស​កាល​ពី​អតីតកាល​ ចំពោះ​រឿង​ដែល​បាន​ប្រព្រឹត្តិឆ្គាំឆ្គង​ដោយ​សារ​តែ​នៅ​ក្មេង​សេចក្ដី​មាន​វ័យ​ត្រឹម​តែ​១៤​ឆ្នាំ​​នា​ពេល​នោះ​ រឿង​រ៉ាវ​ដែល​កើត​ឡើង​ទាំង​អស់​នៅ​កាលណោះ​នាង​ខ្ញុំ​សូម​ទទួល​កំហុស​ទាំង​អស់​ដោយ​មិន​ប្រកែក​ប្រឈាំង​អ្វីទាំង​អស់​»

«ឈាន​មក​ដល់​សព្វ​ថ្ងៃ​នេះ​ ខ្ញុំ​ធំហើយ​ ខ្ញុំ​គិត​ថា​ខ្លួន​​ឯង​ចាប់​ផ្ដើមយល់​ដឹង​ច្រើន​ជាង​មុន មើល​ឃើញ​និង​កាត់​សេចក្ដី​គ្រប់​ហេតុការណ៍​បាន​ជា​រួម​ច្រើន​ជាង​មុន​ ចំណែក​ពាក្យ​សម្ដី​ឬ​ទង្វើ​ណាមួយ​ ដែល​នាំ​ឱ្យ​កើត​មាន​ភាព​ក្ដៅ​ក្រហាយ​ចំពោះ​អារម្មណ៍អ្នក​បាន​បង្ហោះ​ឬ​បុគ្គល​ផ្សេង​ៗ​ទៀត​ មិន​ថា​ហេតុការណ៍​ណា​ក្ដី​ ខ្ញុំ​នៅ​ក្នុង​ថ្ងៃ​នេះ​ដែល​បាន​ធំធាត់​ជា​មនុស្ស​ពេញ​វ័យ នឹង​មិន​ធ្វើ​រឿង​ខុស​ឆ្គង​ច្រំដែល​ទៀត​ ហើយ​នាង​ខ្ញុំ​សុំ​អះអាង​ថា​ ខ្ញុំ​នឹង​ឈរ​នៅ​ខាង​ភាព​ត្រឹម​ត្រូវ​ យុត្តិធម៌ និង​ប្រជាជន​ សុំ​ទោស​ម្ដង​ទៀត​សម្រាប់​ហេតុការណ៍ដែល​កើត​ឡើង​ សុំ​ទោស​អស់​ពី​ចិត្ត​»

ចុង​ក្រោយ Charlotte បាន​បញ្ជាក់​ទៀត​ថា​៖ «ខ្ញុំ​នឹង​យក​រឿង​នេះ​ជា​មេរៀន​ ហើយ​ត្រូវ​គិត​គូ​ឱ្យ​ម៉ត់ចត់​ មុន​នឹង​​ចង់​និយាយ​ ឬ​ប្រព្រឹត្តិ​ទង្វើ​ណាមួយ​ ព្រោះ​ពាក្យ​សម្ដី ​និង​ទង្វើ​នោះ​អាច​នឹង​ប៉ះពាល់​ដល់​យើង​នា​ពេល​អនាគត​ ហើយ​ខ្ញុំ​ក៏​នឹង​ប្រយ័ត្នប្រយែង​ សុំទោស​ម្ដង​ទៀត​។ សម្ដី​​គ្រប់​ម៉ាត់​កាល​ណោះ Charlotte ចាំ​បាច់​ត្រូវ​សុំ​ទោស​ លោក​ថាក់ស៊ីន ក្រុម​គ្រួសារ និង​បងប្អូន​ប្រជាជន​ទាំងអស់​ ចំពោះ​សារ​ដែល​ខ្ញុំ​បាន​បង្ហោះ​ចេញ​ទៅ​មាន​លក្ខណៈ​ប្រមាថ គំរាម​កំហែង​​កាល​ពី​អតីត​កាល​»៕

ប្រភព៖ mgronline.

Share.