ជាព្រឹត្តិការណ៍​ប្រចាំប្រវត្តិសាស្ត្រ​របស់​កម្ពុជា ដែល​បាន​រង់​ចាំ​អស់​រយ:​ពេល​ជាង​កន្លះ​សតវត្ស​មក​ហើយ គឺ​កម្ពុជា បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ជា​លើកទី១ នៅឆ្នាំ២០២៣នេះ និង​បាន​បញ្ចប់​ទៅ​ដោយ​រលូន ដោយ​ក្នុង​នោះកម្ពុជា ធ្វើម្ចាស់ផ្ទះ១លើក បាន​ឈ្នះមេដាយមាសច្រើនជាង ការ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​នេះ ចំនួន២១លើក បើគិតចាប់​តាំង​ពី​ឆ្នាំ១៩៦១ មកម្លេះ។

ដោយគិត​ចាប់​តាំង​ពី​ឆ្នាំ ១៩៦១ មក​កម្ពុជា​ធ្លាប់​បាន​ចូល​រួម​ប្រកួត​កីឡាស៊ីហ្គេម បាន​ចំនួន ២១លើក ក្នុង​​នោះ​ឈ្នះ​មេដាយមាស ៧៨គ្រឿង មេដាយប្រាក់ ១២៨គ្រឿង មេដាយសំរឹទ្ធ ២៩៩គ្រឿង មេដាយ​សរុបចំនួន ៥០៥គ្រឿង ។

ងាកមកឆ្នាំ២០២៣ នេះ​វិញ កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ ជាលើកទី១ នៃព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ីហ្គេម លើកទី៣២ និងឈ្នះមេដាយមាស ៨១គ្រឿង មេដាយប្រាក់ ៧៤គ្រឿង មេដាយសំរឹទ្ធ ១២៦គ្រឿង​ មេដាយ​សរុបចំនួន ២៨១គ្រឿង។

គួរបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា បាន​ប្រារព្ធពិធីបើកកាលពីថ្ងៃទី០៥ ខែឧសភា នឹង​ត្រូវ​បិទបញ្ចប់​នៅ​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ។ ក្នុង​នោះ​មាន ១១ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន​បាន​ចូល​ប្រកួតប្រជែងដណ្ដើមមេដាយ និងមានអត្តពលិកចំនួន ៦ ២១០នាក់​ ចូលរួមមាន ៣៦ប្រភេទកីឡា និង ៥៨០វិញ្ញាសា។

ក្រោយពេលបញ្ចប់ តារាងមេដាយសរុប សម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា ដោយ​ប្រទេស​វៀតណាម ឈរ​កំពូល​តារាង​ឈ្នះ​មេដាយ​ច្រើនជាងគេចំនួន​ ៣៥៥គ្រឿង លេខ២ ថៃ ចំនួន ៣១២គ្រឿង លេខ៣ ឥណ្ឌូណេស៊ី ចំនួន ២៧៦គ្រឿង ខណ:​កម្ពុជា​ឈរ​ចំណាត់ថ្នាក់លេខ៤ ឈ្នះមេដាយមាស ៨១គ្រឿង ប្រាក់ ៧៤គ្រឿង សំរឹទ្ធ ១២៧គ្រឿង សរុប ២៨១គ្រឿង៕

Share.