ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន ក្រោយពីឆក់ទូរស័ព្ទនៅតាម ផ្លូវនៅក្នុងភូមិសាស្ត្រឃុំ ព្រែកអញ្ចាញ ស្រុខមុខកំពូល ខេត្តកណ្តាល។

ហេតុការណ៍នេះកើតឡើង នៅព្រឹកថ្ងៃទី១៦ខែឧសភាឆ្នាំ២០២៣  វេលាម៉ោង ០៩:៣០នាទី នៅចំណុច ផ្លូវជាតិ លេខ៦ភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្ត កណ្តាល។

ជនសង្ស័យទាំង២នាក់ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនរួមមាន៖

១.ឈ្មោះ ថាន់ សុភ័ក្រ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

២.ឈ្មោះ ឡុង សីហា ហៅ ពេជ្រ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅសព្វថ្ងៃ ភូមិបាក់ខែងលើ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ចំពោះវត្ថុតាងដែលសមត្ថកិច្ចចាប់យកបានរួមមាន​៖

១.ម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ពាក់ផ្លាកលេខ ភ្នំពេញ 1JX-7090 (របស់ជនសង្ស័យឈ្មោះ ឡុង សីហា)។

២.ទូរស័ព្ទម៉ាក Oppo ពណ៌ស្វាយ ០១គ្រឿង (របស់ជនសង្ស័យឈ្មោះ ថាន់ សុភ័ក្រ)។

៣.ទូរស័ព្ទម៉ាក IPhone 6 ពណ៌ទឹកមាស ០១គ្រឿង (របស់ ជនសង្ស័យឈ្មោះ ឡុង សីហា)។

៤.ទូរស័ព្ទម៉ាកណូគៀរ ចុចពិល ០១គ្រឿង (របស់ជនសង្ស័យឈ្មោះ ឡុង សីហា)។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបង្ហាញថា ជនសង្ស័យទាំង២ នាក់គឺជាមុខ សញ្ញាធ្វើសកម្មភាពឆក់សកម្ម និងជាមុខសញ្ញាប្រើ ប្រាស់ នូវសារធាតុញៀន។

នៅថ្ងៃទី១៦.០៥.២០២៣ វេលាម៉ោង ៨:៥០នាទី ជនសង្ស័យទាំងពីរនាក់ បានធ្វើដំណើរចេញពីសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ មធ្យោបាយម៉ូតូ ០១គ្រឿង ម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០២៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JX-7090 ដោយជន សង្ស័យឈ្មោះ ថាន់ សុភ័ក្រជាអ្នកជិះឌុបជនសង្ស័យឈ្មោះ ឡុង សីហា គោលបំណងជិះធ្វើសកម្មភាពឆក់តាមបណ្តោយផ្លូវជាតិលេខ៦។

ពេលជនសង្ស័យទាំងពីរនាក់ ធ្វើដំណើរមកដល់ស្ពានលេខ១៣ ភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល នៅវេលាម៉ោង ០៩:៣០នាទី បានឃើញជនរងគ្រោះជាស្រ្តីម្នាក់ជិះម៉ូតូម៉ាក Scoopy ឌុបក្មេងតូចពីក្រោយដាក់ទូរស័ព្ទនៅខ្លុប កម៉ូតូខាងមុខ ភ្លាមនោះជនសង្ស័យបានជិះមកអែបម៉ូតូជនរងគ្រោះ ហើយជនសង្ស័យឈ្មោះ ឡុង សីហា ក៏លូកដៃឆក់យកទូរស័ព្ទ របស់ជនរងគ្រោះបាន ភ្លាមនោះ ជនរងគ្រោះបានស្រែក កម្លាំងយើងដែលជិះល្បាតតាមផ្លូវឮដូច្នេះ ក៏បានដេញតាមជនសង្ស័យ និងរាយការណ៍តាមអាយឌី ហើយជនសង្ស័យបានជិះម៉ូតូគេចឡើងស្ពានព្រែកតាមាក់ និងបានបោះទូរស័ព្ទរបស់ជនរងគ្រោះចូលទឹកទន្លេ និងបន្តជិះគេចខ្លួនមកតាមផ្លូវជាតិលេខ៦ វិញ សំដៅទៅទិសខាងជើងពេលជិះម៉ូតូ ដល់ចំណុចឃុំឫស្សីជ្រោយ ទើបសមត្ថកិច្ចយើងឃាត់ខ្លួន ជនសង្ស័យទាំងពីរនាក់ បានយកមកអធិការដ្ឋាននគរបាលស្រុកធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងពីរនាក់ បានឆ្លើយសារភាពថា៖ ខ្លួនពិតជាបានធ្វើសកម្មភាពឆក់យកទូរស័ព្ទ របស់ជនរងគ្រោះដែលធ្វើដំណើរតាមផ្លូវជាតិលេខ៦ ពិតប្រាកដមែន។

ចំពោះជនសង្ស័យទាំងពីរនាក់ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល។

ករណីនេះជំនាញនិងប៉ុស្តិ៍កំពុងកសាងសំណុំរឿង ដើម្បីបន្តចាត់ការតាមនីតិវិធី៕

អត្ថបទ៖តាខ្មៅ

Share.