សិល្បៈ​ជាតិ៖ ធ្វើ​ដំណើរ​មក​ដល់​ទី​បញ្ចប់​ដោយ​មោទនភាព​ហើយ​សម្រាប់​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម​លើក​ទី​ ៣២ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​៦៤​ឆ្នាំ​។ យ៉ាង​ណា​មិញ​មហាព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​និង​ផ្ទាំង​ទស្សនីយភាព​ជួយ​​ផ្សព្វផ្សាយ​ពី​សិល្បៈវប្បធម៌​ខ្មែរ​នា​ពិធី​បើក​កីឡាស៊ីហ្គេម​​ នៅ​តែ​ទទួល​បាន​កោត​សរសើរ​ពី​មិត្ត​បរទេស​រហូត​មាន​ការ​ធ្វើ​ Reaction លើ​វីដេអូ​​នោះ​ថែម​ទៀត​ផង​។

នៅក្នុង​ព្រឹត្តិការណ៍​បើកកីឡា​ស៊ីហ្គេម មាន​រៀបចំ​ផ្ទាំង​ទស្សនីយភាព​ចំរុះ​លាយ​បញ្ចូល​គ្នា​ ដែល​ឆ្លុះ​បញ្ចាំង​​តាំង​ពី​​ការ​កកើត​ដែន​ដី​សុវណ្ណភូមិ​តាំង​ពី​ដំបូង​រហូត​មក​ទល់​នឹង​បច្ចុប្បន្ន​ ព្រម​ទាំង​បង្ហាញ​ពីសិល្បៈ​វប្បធម៌ ក្បាច់​គុន ​អរិយធម៌ដ៏​ផូរផង់​របស់​ប្រជាជាតិ​ខ្មែរ និង​ ពិធីរត់​ដង្ហែ​ព្រះអគ្គីជ័យពី​កីឡាករ​ម្ចាស់​មេដាយ​មាស​គ្រប់​ប្រភេទ​កីឡា នាំ​ទៅ​ថ្វាយស្ដេចនាគ​ ដើម្បី​ដុត​ភ្លើង​គប់បំភ្លឺ​ បើក​មហា​​ព្រឹត្តិ​ការណ៍នៅ​តែ​ដក់​ជាប់​ក្នុង​ការ​ចងចាំ​របស់​កូនខ្មែរ​ និង ​អ្នក​ដែល​បាន​ទស្សនា។

ថ្វីត្បិត​ព្រឹត្តិការណ៍​ប្រកួត​ស៊ីហ្គេម​​បាន​បញ្ចប់​ជា​ស្ថាពរ នឹង​រៀបចំ​ពិធីបិទ ​នៅថ្ងៃ​ទី​១៧ ខែ​ឧសភា នេះ​ក្ដី​ ប៉ុន្តែ​វីដេអូនៃ​ព្រឹត្តិការណ៍​បើក​ ត្រូវ​បាន​ជន​បរទេស​មួយ​ក្រុម​ស្ថិត​នៅ​ក្នុង​ University of The Nation Poipet បានធ្វើ​ការ​ Reaction រហូត​ផ្ទុះ​ការ​ចាប់​អារម្មណ៍​និង​សរសើរ​ជា​ថ្មី​។

ការ​ដែល​មិត្ត​បរទេស​ធ្វើ​ការ​ Reaction លើ​វីដេអូពិធីបើក ហើយ​ផ្ដល់​ជា​មតិ​ល្អ​ៗ​ នឹង​ក្លាយ​ជា​អំណះអំណាង​ល្អ​មួយ​សម្រាប់​ប្រទេស​កម្ពុជា​ ក្នុង​ការ​ផ្សព្វផ្សាយ​ដល់​ភ្ញៀវទេសចរណ៍​ឱ្យ​ចង់​ធ្វើ​ដំណើរ​មក​កម្សាន្ត​នៅ​ប្រទេស​កម្ពុជា​។

ក្នុង​នាម​ជាពលរដ្ឋ​កម្ពុជា យើង​គ្រប់​គ្នា​គួរ​តែ​មាន​មោទកភាព​ជាតិ​ ព្រោះ​កម្ពុជា​​ទើប​តែ​មាន​ឱកាស​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ជា​លើក​ដំបូង​ ប៉ុន្តែកម្ពុជា​បាន​បំពេញ​តួនាទី​ជា​ម្ចាស់​ផ្ទះ​បាន​យ៉ាងល្អ​ ត្រឹមត្រូវ រហូត​ទទួល​បាន​ការ​សរសើរ​ពី​ប្រតិភូកីឡា កីឡាករ-កីឡាការិនី និង​អ្នក​គាំទ្រ​ទាំង​អស់​ដែល​បាន​ធ្វើ​ដំណើរ​មក​ដល់​ទឹក​ដី​កម្ពុជា​ដើម្បី​ចូលរួម​ប្រកួត​ប្រជែងផង​ដែរ​។

សូម​ទស្សនា​វីដេអូ​ Reaction របស់​បងប្អូន​បរទេស​ពី​ព្រឹត្តិការណ៍​បើក​កីឡាស៊ីហ្គេម​ខាង​ក្រោម​នេះ

Share.