ក្រុម​បាល់ទាត់​ជម្រើសជាតិ​កូឡុំប៊ី ដណ្តើម​បាន​កៅអី​ចំណាត់​ថ្នាក់​លេខ៣​ក្នុង​ពានរង្វាន់​ជើង​ឯក​ទ្វីប​អាមេរិក​ខាង​ត្បូង Copa América 2021 ក្រោយ​​យក​ឈ្នះ​លើ​ក្រុម​ប៉េរូ ដោយ​លទ្ធផល​៣ទល់២ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១០ ខែ​កក្កដា ឆ្នាំ​២០២១ នេះ។

ក្នុង​ប្រកួត​នេះ​ នៅ​នាទី​​ទី ៤៥ កីឡាករ Yotún របស់​​ប៉េរូ រក​គ្រាប់​បាល់​​នាំ​មុខ​បាន​ហើយ ហើយ​នៅ​៤នាទី​បន្ទាប់​កីឡាករ Cuadrado បាន​រក​គ្រាប់​បាល់​ឱ្យ​កូឡុំប៊ី តាម​ស្មើ​វិញ។ ចូល​ដល់​នាទី​៦៦ កីឡាករ Diaz បន្ថែម​គ្រាប់​បាល់​ទី២​ឱ្យ​កូឡុំប៊ី តែ​កីឡាករ Lapadula របស់​ប៉េរូ រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​នៅ​នាទី​៨២។ រហូត​ដល់​ម៉ោង​បន្ថែម ៩០+៤ កីឡាករ Diaz បន្ថែមគ្រាប់​បាល់​ទី៣​ឱ្យ​ក្រុម​ជម្រើស​ជាតិ​ខ្លួន​ឈ្នះ​ដាច់​តែ​ម្តង។

គ្រាប់​បាល់​បន្ថែម​​របស់​កីឡាករ Luis Díaz ធ្វើ​ឱ្យ​រូប​គេ​តាម​ស្មើ​កីឡាករ Leonel Messi របស់​អាហ្សង់ទីន ដែល​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​បណ្ដោះអាសន្ន​ដែល​មាន​៤គ្រាប់​ដូចគ្នា ក្នុង​ឆ្នាំ​២០២១​នេះ។

ចំណែក​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​ពានរង្វាន់​នេះ​គឺ​ជា​ការ​ជួប​គ្នា​រវាង​ក្រុម​អាហ្សង់ទីន ជាមួយ​ម្ចាស់​ផ្ទះ​ប្រេស៊ីល នៅ​វេលា​ម៉ោង​៧ព្រឹក ថ្ងៃ​អាទិត្យ ទី​១១ ខែ​កក្កដា ឆ្នាំ​២០២១៕

Telegram-Troryorng
Share.