ប្រជាជនថៃកំពុងរង់ចាំយ៉ាងអន្ទះសារចំពោះការបើកឲ្យដំណើរការឡើងវិញនូវការអនុញ្ញាតឲ្យទទួលភ្ញៀវទេសចរថៃចូលមកទស្សនាប្រាសាទព្រះវិហារ តាមច្រករបស់ខេត្ត ស៊ីសាកេត បន្ទាប់ពីផ្អាកអស់រយៈពេល ១៥ឆ្នាំ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និង កិច្ចសន្ទនាសន្តិភាពជាមួយកម្ពុជា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នាថ្ងៃ ច័ន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣។

ដោយ​សារ​ជម្លោះ​ព្រំដែន​បានកើតឡើងក្នុងតំបន់ ដែលប្រទេសទាំង២ បានទាមទារយកជាកម្មសិទ្ធនោះ ការ​ចូល​ទៅ​កាន់​ប្រាសាទ​ តាម​ស្រុក​Kantharalak ខេត្ត​ ស៊ីសាកេត ត្រូវ​បាន​បិទ​តាំង​ពី​ឆ្នាំ២០០៨។

ទាហាន​រាប់​ពាន់​នាក់​មក​ពី​ប្រទេស​ទាំង​២ ​នៅ​តែ​ឈរ​ជើង​នៅ​តាម​ព្រំដែន​ក្នុង​ខេត្ត​ស៊ីសាកេត ខេត្ត អ៊ូប៊ុនរ៉ាត់ថានី និង​ខេត្ត ស៊ូរិន។

កាល​ពី​ឆ្នាំ​២០១៣ តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ បាន​ទាមទារ​ឲ្យ​ភាគី​ទាំង២ ដក​កង​ប្រដាប់​អាវុធ​ដែល​ឈរ​ជើង​នៅ​មុខ​ប្រាសាទ​ព្រះវិហារ​ដែលបច្ចុប្បន្នជាទឹកដីរបស់ខាង​ភាគី​កម្ពុជា។ ប៉ុន្ដែ សេចក្តី​សម្រេច​របស់​តុលាការ​បាន​អនុញ្ញាត​ឲ្យ​ថៃ និង​កម្ពុជា​ដាក់​ពង្រាយ​កម្លាំង​ល្បាត​តាម​ព្រំដែន​នៅ​តាម​ព្រំដែន​ខាងក្រៅ។

ទោះបីជាសេចក្តីសម្រេចរបស់ ICJ បាននិយាយថា ប្រទេសថៃ និងកម្ពុជាគួរតែស្វែងរកកិច្ចព្រមព្រៀងរួមគ្នាមួយ ដើម្បីបង្កើតតំបន់ទៅវិញទៅមក និងជុំវិញប្រាសាទព្រះវិហារក៏ដោយ ក៏មិនមានការកែលម្អអ្វីឡើយចាប់តាំងពីបទឈប់បាញ់កាលពីឆ្នាំ២០១១ មក។

យ៉ាងណាម៉ិញ ចាប់តាំងពីពេលនោះមកប្រទេស កម្ពុជា បានហាមប្រាមមិនឲ្យមានការចូលមកប្រាសាទព្រះវិហារតាមទឹកដីរបស់ប្រទេសថៃទៀតឡើយ រហូតមកដល់ពេលនេះមានរយៈពេលជាង ១ទសវត្សរ៍មកហើយ។

ទាក់ទិននឹងបញ្ហានេះ ប្រទេសថៃ បានព្យាយាមចាប់ដៃជាមួយកម្ពុជាក្នុងការបើកឲ្យដំណើរការវិស័យទេសចរណ៍រវាងប្រទេសទាំង២ឡើងវិញ ដោយអភិបាលខេត្ត អ៊ូប៊ុន រ៉ាតឆាថានី បានស្នើឲ្យកម្ពុជាអនុញ្ញាតឲ្យភ្ញៀវទេសចរដែលមកពីខាងភាគីថៃ ចូលមកទស្សនា និងកំសាន្ដនៅប្រាសាទព្រះវិហារ តាមច្រកនៃខេត្ត ស៊ីសាកេត។

ទោះបីជាយ៉ាងណាក៏ដោយ សំណើរនេះត្រូវបានច្រានចោលទាំងស្រុង ក្រោមហេតុផលថា មានតែសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប៉ុណ្ណោះដែលមានសិទ្ធសម្រេចលើបញ្ហានេះ។

យោងតាមប្រភពមួយដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ប្រសិនបើកម្ពុជាអនុញ្ញាតឲ្យអ្នកដំណើរពីប្រទេសថៃ ចូលទៅទស្សនា ឬ កំសាន្ដនៅតំបន់ប្រាសាទព្រះវិហារឡើងវិញ នោះពិតជាមានអត្ថប្រយោជន៍សម្រាប់ការទាក់ទាញភ្ញៀវទេសចរមកកំសាន្ដនៅទីនោះកាន់តែច្រើន ជាពិសេសអាចជួយផ្សព្វផ្សាយវិស័យទេសចរណ៍នៃប្រទេសទាំង២ ឲ្យកាន់តែប្រសើរបន្ថែមទៀត។

សូមជម្រាបថា តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ បាននិយាយថា កម្ពុជា និង ថៃ ក្នុងនាមជាភាគីនៃអនុសញ្ញាបេតិកភណ្ឌពិភពលោក ត្រូវតែធ្វើការរួមគ្នា ដើម្បីការពារតំបន់បេតិកភណ្ឌពិភពលោក ដោយជំរុញឲ្យប្រទេសទាំង២ ស្វែងរកដំណោះស្រាយរួមគ្នាចំពោះតំបន់ជម្លោះនេះ បើទោះបីជាប្រាសាទព្រះវិហារត្រូវបានបញ្ចូលក្នុងបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ និង ទទួលស្គាល់ជាទឹកដីរបស់កម្ពុជាក៏ដោយ៕

ប្រភព៖ Bangkok Post

Share.