១២ថ្ងៃរាប់ថយក្រោយ ​នៃព្រឹត្តិការណ៍ ASEAN Para Games 12th នៅកម្ពុជា ថ្ងៃ​ទី២២ ឧសភា ឆ្នាំ២០២៣ នេះ គឺនៅសល់តែ១២ថ្ងៃទៀតប៉ុនណោះ នឹងឈាន​ដល់​ព្រឹត្តិការណ៍​អាស៊ាន​ប៉ារ៉ា​ហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។

ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមតែងតែប្រារព្ធធ្វើឡើងបន្ទាប់ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដោយ​មាន​ការ​ចូលរួមប្រកួតពីប្រតិភូអត្តពលិកដែលមានពិការភាពនៃប្រទេសទាំង១១ ក្នុងតំ​បន់អាស៊ី​អាគ្នេយ៍។ ខណ:នៅឆ្នាំ២០២៣នេះ ការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹង​រៀប​ចំនៅ​ទឹក​ដីកម្ពុជា។

ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ មានកីឡា​​១៤​ប្រភេទនឹង​ចូល​រួម​ធ្វើ​ការ​ប្រកួត​ប្រជែង​ដណ្ដើម​មេដាយ​រួម​មាន៖

  • កីឡាជន​ពិការ​ អត្តពលកម្ម
  • កីឡា​ជន​ពិការ​ វាយសី
  • កីឡា​ជន​ពិការ​ ប៊ូស្យា
  • កីឡា​ជន​ពិការ​ អុក
  • កីឡាជន​ពិការ បាល់បោះ​ពិការ​ភ្នែក
  • កីឡា​ជន​ពិការ​ បាល់ទាត់ (ម្ខាង​៧​នាក់)
  • កីឡា​ជន​ពិការ​ បាល់ទាត់ (ម្ខាង​៥​នាក់)
  • កីឡា​ជន​ពិការ​ យូដូ
  • កីឡា​ជន​ពិការ​ លើក​ទម្ងន់
  • កីឡា​ជន​ពិការ​ ហែល​ទឹក
  • កីឡា​ជន​ពិការ វាយកូនឃ្លី​លើតុ
  • កីឡាជន​ពិការ​ បាល់ទះ​អង្គុយ
  • កីឡាជន​ពិការ​ បាល់បោះ​ជិះរទេះ
  • កីឡា​ជន​ពិការ​ អេឡិចត្រូនិក (កីឡា​ការ​ប្រកួត​សម្តែង)

រំលឹកថា កាលពីឆ្នាំ២០២២ កន្លងទៅ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ បាន​ធ្វើឡើង​នៅប្រទេសឥណ្ឌូនេស៊ី ដែលកម្ពុជាបានបញ្ជូនអត្តពលិកចំនួន១១៥នាក់ ដើម្បី​ចូល​រួម​ប្រកួត​លើ​១១ប្រភេទកីឡា។

ដោយឡែកនៅ​ឆ្នាំ២០២៣នេះ កម្ពុជា​បាន​ត្រៀម​ខ្លួនរួច​ជា​ស្រេច​ក្នុង​នាម​ជាម្ចាស់​ផ្ទះ​នៃ​ព្រឹត្តការណ៍​អាស៊ាន​ប៉ារ៉ា​ហ្គេម លើកទី១២ ដោយមានកីឡាចំនួន១៤ប្រភេទ និង​មានអត្តពលិកចូលរួម ដែលក្នុងនោះ មានកីឡាករ-កីឡាការិនីកម្ពុជាចំនួន៣១៧នាក់។

ក្រោយបិទបញ្ចប់ទាំងស្រុងនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២នេះ គឺកម្ពុជា​ឈរលំដាប់ទី៤ ​ដណ្តើម​មេដាយ​ជូនជាតិមេដាយសរុប២៨២ មេដាយមាស៨១ មេដាយប្រាក់៧៤ និង​មេដាយសំរឹទ្ធ១២៧។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១២ ​នៅ​ប្រទេស​កម្ពុជា​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​៣ ដល់​ទី​៩ ខែ​មិថុនា ឆ្នាំ​២០២៣​​ដែល​​មាន​កីឡា​ចំនួន​១៤​ប្រភេទ​គឺ​១៣​ប្រភេទ​ប្រកួត​ដណ្តើម​មេដាយ​ជា​ផ្លូវ​ការ និង១​ប្រភេទ​ទៀត​ជា​ការ​​ប្រកួត​សម្តែង៕

Share.