ជនរងគ្រោះ២នាក់ប្តីប្រពន្ធរងរបួសធ្ងន់ ដោយប្តីបាក់ជើង ប្រពន្ធបាក់ដៃ បន្ទាប់ពីមានជនសង្ស័យ២នាក់បានលួចកំណាត់ដែកសាក់ស៊ីរថយន្ត ចេញពីយានដ្ឋាន បើករត់គេចទៅបុកម៉ូតូរបស់ជនរងគ្រោះ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នៅតាមផ្លូវបេតុងក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

តាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ មានជនសង្ស័យ២នាក់ ប្រុសម្នាក់ស្រីម្នាក់ ធ្វើសកម្មភាពលួចកំណាត់ដែកសាកស៊ីរថយន្ត ប្រវែងជាង២ម៉ែត្រ ចេញពីយានដ្ឋានជួសជុលរថយន្តមួយកន្លែង ស្ថិតនៅតាមផ្លូវជាតិលេខ៣ ជាប់ក្លោងទ្វារវត្តព្រៃស្ពឺ ក្នុងភូមិព្រៃស្ពឺ សង្កាត់ចោមចៅ២ លើកដាក់លើរ៉ឺម៉កម៉ូតូហើយបើករត់តាមផ្លូវបេតុង ពីលិចទៅកើត ក្នុងល្បឿនលឿន បានចំងាយជាង២០០ម៉ែត្រ រ៉ឺម៉ករបស់ជនសង្ស័យ ជ្រុលទៅបុកម៉ូតូហុងដាឌ្រីម សេរីចាស់ ពណ៌ ឈាមជ្រូក ជិះគ្នា២នាក់ប្តីប្រពន្ធ ពីកើតទៅលិច បណ្តាលឲ្យផ្លោង ខ្ទាតជាច្រើនម៉ែត្រ បណ្តាលឲ្យប្តីបាក់កជើងឆ្វេង ប្រពន្ធបាក់ដៃឆ្វេង ដេកដួលនៅកន្លែងកើតហេតុ។ នៅពេលដែល ពលរដ្ឋក្បែរខាងរវល់តែមើលជនរងគ្រោះ ជាឱកាស ជនសង្ស័យបើករ៉ឺម៉ក រត់គេចទៅបាត់ស្រមោល ។

ក្រោយកើតហេតុ ជនរងគ្រោះ២នាក់ប្តីប្រពន្ធ ត្រូវបានរថយន្តគ្លីនិកឯកជន១ដឹកយកទៅ ចំណែកម៉ូតូរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង រួចប្រគល់ឲ្យក្រុមគ្រួសារយកទៅរក្សាទុកសិន រង់ចាំបន្តស្រាវជ្រាវរកជនសង្ស័យ ៕

អត្ថបទ  ៖  តាតុងពោធិ៍សែនជ័យ

Share.