ឧត្តរមានជ័យ ៖ រថយន្តកាមរីឆ្លាមបើកបុកគ្នាជាមួយរថយន្តស្ទូចច្រាសទិស កៀបជាប់គ្នាខ្ទេចមួយកំណាត់មុខ បណ្តាលឲ្យស្លាប់អ្នកបើកបរ និងកូនស្រី ចំណែកប្រពន្ធរងរបួសធ្ងន់ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៦៨ ចំណុចភូមិពង្រ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ភាគីខាងរថយន្តកាមរីឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2J-1665 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយប្រពន្ធនិងកូនស្រី បើកពីត្បូងទៅជើងដល់ចំណុចកើតហេតុបានបុកគ្នាជាមួយរថយន្តស្ទូច ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ សៀមរាប 3A-2191 បើកច្រាសទិសគ្នា បណ្តាលឲ្យកៀបជាប់ក្នា ខ្ទេចរថយន្តមួយកំណាត់ ស្លាប់អ្នកបើកបរនិងកូនស្រី ចំណែកប្រពន្ធរងរបួសធ្ងន់ធ្ងរ អ្នកបើកបររថយន្តស្ទូចមិនមានរងរបួសបានគេចខ្លួនបាត់ ។

ក្រោយកើតហេតុសមត្ថកិច្ចចុះទៅអន្តរាគមន៍ គាស់យកសពនិងជនរងគ្រោះចេញ និងដឹកបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ចំណែកសាកសព២នាក់ឪពុកកូន បានប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖តាតុងសែនជ័យ

Share.