សិល្បៈ​ជាតិ​៖ ដូច​ប្រិយមិត្ត​អ្នក​អាន​បាន​ដឹងហើយ​ថា​បច្ចុប្បន្ន​តួ​សម្ដែង​សំខាន់ៗ​នៅ​ក្នុង​ភាពយន្ត​ខ្នាត​ធំ «Rent Boy» កំពុង​តែ​មមាញឹក​ថត​យ៉ាង​សស្រាក់សស្រាំ​ ហើយ​មាន​រូប​ភាព​ក្រៅ​ឆាក​ជា​ច្រើន​ត្រូវ​បាន​ក្រុម​ការងារ​និង​តួ​សម្ដែង​បញ្ចេញ​​លើ​បណ្ដាញ​សង្គម​ចែក​រំលែក​ជាមួយ​នឹង​អ្នក​គាំទ្រ​។

ខាត់​ វ៉ៃហាំង​ បាន​បង្ហោះ​រូបថត​ជា​ច្រើន​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម​ ដើម្បី​ចែក​រំលែក​ឱ្យ​អ្នក​គាំទ្រ​របស់​លោក​បាន​ដឹង​ថា​លោក​កំពុង​តែ​ថត​ភាពយន្ត​ថ្មី​ ដោយ​ក្នុង​នោះ​គេ​ឃើញ​មាន​វត្តមាន​បុគ្គល​សំខាន់​ៗ​​ជាច្រើន​នាក់​ដូច​ជា​ លោក​ លៀក លីដា ម្ចាស់​ផលិតកម្ម​ LD Entertainment កញ្ញា​ ពេជ្រ វត្តីសារ៉ាវឌ្ឍី និង​លោក​ Paing Takhon។

រូប​ភាព​ជា​ច្រើន​សន្លឹក​ដែល​បង្ហាញ​ពី​បរិយាកាស​​នៅ​កន្លែង​ថត​ រឹត​តែ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​អន្ទះសារ​ចង់​ឆាប់​បាន​ទស្សនា​ ប៉ុន្តែ​អ្វី​ដែល​កាន់​តែ​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​បន្ថែម​ទៀត​នោះ​ គឺ​រូប​ថត​រួម​គ្នា​រវាង​ ខាត់ វ៉ៃហាំង និង​បុរស​មក​ពី​ទឹក​ដី​មីយ៉ាន់ម៉ា​ ព្រោះ​ថ្វី​ត្បិត​តែ​អ្នក​ទាំង​ពីរ​ មាន​សាសន៍​ខុស​គ្នា និយាយ​ភាសា​ផ្សេង​គ្នា ប៉ុន្តែ​មុខ​មាត់​​​របស់​អ្នក​ទាំង​ពីរ​នៅ​ពេល​ផ្ទឹម​គ្នា​ទៅ​បែរ​ជា​ស្រដៀង​គ្នា​ខ្លាំង​រហូត​មាន​អ្នក​ភ្លាត់​មាត់​ថា​ «មើល​តែ​កូន​ភ្លោះ​។ល។»

ងាក​មក​ចាប់​អារម្មណ៍​ការ​​លើក​ឡើង​​របស់​តារា​សម្ដែង​កម្ពុជា​យើង​ ខាត់​ វ៉ៃហាំង​ បាន​បង្ហាញ​ទឹក​ចិត្ត​របស់​ខ្លួន​ចំពោះ​មិត្ត​រួម​អាជីព​មក​ពី​ស្រុក​ក្រៅ​​​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា​៖ «​🙏​Welcome​ ​to​ ​Cambodia​ ​brother​ ​we​ ​try​ ​the​ ​best​ ​together​ ​for​ our​ ​movie​ ​!​ ​រឿង ​Rent boy​ ​​ជា​​ project​ ​ប្រភេទ​ ​AEC ​movie​ ​ថ្មី​មួយ​ទៀត​ហើយ​សំរាប់​ខ្ញុំ​ ​ល្មម​ដល់​ពេល​ជួប​គ្នា​ហើយ​ ​Paing Takhon ​team ​‘’Rent Boy’’ ​movie​ ​ផលិតដោយ​ ​LD Entertainment Co.,LTD. ​អគុណ​ ​ផលិតករ​ឆ្នើម​លោក​ ​លៀក លីដា ​ដែល​ផ្ដល់​​មេរៀន​ថ្មី​ ​និង​ ​ទុក​ចិត្ត​លើ​សមត្តភាព​ខ្ញុំ​ 🙏»

គ្រាន់​តែ​ LD Entertainment បញ្ចេញ​ប្រូចេក​ភាពយន្ត​ថ្មីនេះ​ភ្លាម អ្នក​វិភាគ​មួយ​ចំនួន​ បាន​សម្លឹង​ឃើញ​ផល​វិជ្ជមាន​ជា​ច្រើន​ដែល​នឹង​កើត​មាន​នៅ​ក្នុង​វិស័យ​ភាពយន្ត​ជាតិ​ ព្រោះ​បុរស​មក​ពី​មីយ៉ាន់ម៉ា​រូប​នេះ​មាន​អ្នក​គាំទ្រ​ច្រើន​ដែល​ប្រការ​នេះ​ នឹង​ជួយ​ផ្សព្វផ្សាយ​ពី​វិស័យ​ភាពយន្ត​ខ្នាតធំ​ខ្មែរ​ ឱ្យ​កាន់​តែ​មាន​ការ​ចាប់​អារម្មណ៍ ជា​ពិសេស​រឿង​នេះ​ប្រសិន​បើ​​ផលិត​ចេញ​ទៅ​​ធ្វើ​ត្រូវ​ចំណូលចិត្ត​​អ្នក​គាំទ្រ​ជាតិ​ និង​អន្តរជាតិ ក៏​នឹង​ក្លាយ​ជា​ការ​បើក​ច្រក​ទ្វារ​ថ្មី​មួយ​ទៀត​សម្រាប់​ផលិត​ករ​និង​ផលិតកម្ម​ភាពយន្ត​ជាតិ​​ផង​ដែរ​៕

Share.