ទីភ្នាក់ងារឧតុនិយមរបស់អង្គការសហប្រជាជាតិ (WMO) បាននិយាយកាលពីថ្ងៃ​ ច័ន្ទ ថា ការខូចខាតផ្នែកសេដ្ឋកិច្ចដែលបង្កឡើងដោយគ្រោះមហន្តរាយទាក់ទងនឹងអាកាសធាតុនៅតែបន្តកើនឡើង ទោះបីជាការកែលម្អនៅក្នុងប្រព័ន្ធព្រមានជាមុន បានជួយកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Arab News នាថ្ងៃ អង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣។

នៅក្នុងរបាយការណ៍ដែលបានធ្វើបច្ចុប្បន្នភាព អង្គការឧតុនិយមពិភពលោកបានលើកឡើងអំពីការប្រែប្រួលអាកាសធាតុធ្ងន់ធ្ងរ និងបាតុភូតទាក់ទងនឹងទឹកជំនន់ ជិត ១២,០០០ករណី ក្នុងរយៈពេលកន្លះសតវត្សកន្លងមកនេះជុំវិញពិភពលោក បានសម្លាប់មនុស្សជាង ២លាននាក់ និង បានបង្កឲ្យមានការខូចខាតសេដ្ឋកិច្ចចំនួន ៤.៣ពាន់ពាន់លានដុល្លារអាមេរិក។

ការសន្និដ្ឋានដែលបានមកពី WMO បានធ្វើ​​​​​​ឡើងនៅក្នុងសន្និសីទរយៈពេល ៤ឆ្នាំរបស់ខ្លួន ក្នុងចំណោមប្រទេសសមាជិក ដោយសង្កេតពីភាពចាំបាច់ត្រូវធ្វើបន្ថែមទៀត ដើម្បីកែលម្អប្រព័ន្ធប្រកាសអាសន្នសម្រាប់ព្រឹត្តិការណ៍អាកាសធាតុខ្លាំងត្រឹមកាលបរិច្ឆេទគោលដៅនៃឆ្នាំ២០២៧។

ទីភ្នាក់ងារអង្គការសហប្រជាជាតិដែលមានមូលដ្ឋាននៅទីក្រុង ហ្សឺណែវ បានព្រមានម្តងហើយម្តងទៀតអំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុដែលបង្កើតឡើងដោយមនុស្ស ដោយនិយាយថា ការកើនឡើងសីតុណ្ហភាពបានកើនឡើងជាញឹកញាប់ រួមទាំងមាន ទឹកជំនន់ ខ្យល់ព្យុះ ព្យុះស៊ីក្លូន រលកកំដៅ និង គ្រោះរាំងស្ងួត។

ដោយឡែក ការខាតបង់ផ្នែកសេដ្ឋកិច្ចភាគច្រើននៅចន្លោះឆ្នាំ ១៩៧០ និងឆ្នាំ ២០២១ បានកើតឡើងនៅក្នុងសហរដ្ឋអាមេរិក ដែលមានតម្លៃសរុប ១.៧ ពាន់ពាន់លានដុល្លារ ខណៈដែលការស្លាប់ ៩នាក់ ក្នុងចំណោមមនុស្ស ១០នាក់ នៅទូទាំងពិភពលោកបានកើតឡើងនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។

អគ្គលេខាធិការ WMO លោក Petteri Taalas បាននិយាយថា ព្យុះស៊ីក្លូន Mocha ដែលបានបោកបក់ពាសពេញប្រទេសមីយ៉ាន់ម៉ា និង បង់ក្លាដែសក្នុងខែនេះ បានបង្ហាញជាឧទាហរណ៍ពីរបៀបដែល សហគមន៍ងាយរងគ្រោះបំផុត ត្រូវប្រឈមមុខនឹងគ្រោះមហន្តរាយដែលទាក់ទងនឹងអាកាសធាតុ និងគ្រោះទឹកជំនន់។

លោកបានមានប្រសាសន៍ថា «កាលពីមុន ទាំងមីយ៉ាន់ម៉ា និង បង់ក្លាដែស បានទទួលរងនូវចំនួនអ្នកស្លាប់រាប់ម៉ឺននាក់ និងរាប់សែននាក់ ដោយសំដៅទៅលើគ្រោះមហន្តរាយពីមុនៗ»។ លោក បានអរគុណចំពោះប្រព័ន្ធព្រមានជាមុន និង ការគ្រប់គ្រងគ្រោះមហន្តរាយ ដោយសារតែជាផ្នែកជួយកាត់បន្ថយអត្រាមរណៈភាពព្រោះតែមហន្តរាយទាំងនេះ។

យ៉ាងណាម៉ិញ WMO បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការខាតបង់សេដ្ឋកិច្ចបានកើនឡើង។ ប៉ុន្តែការធ្វើឲ្យប្រសើរឡើងនូវការព្រមានជាមុន និងការគ្រប់គ្រងគ្រោះមហន្តរាយ បានកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសក្នុងរយៈពេលកន្លះសតវត្សកន្លងមកនេះ។ ដូច្នេះ និន្នាការកើនឡើងនៃការខាតបង់សេដ្ឋកិច្ចត្រូវបានគេរំពឹងថានឹងបន្ត»៕

ប្រភព៖ Arab News

Share.