បាត់ដំបង÷ សត្វទន្សោងចំនួន ២ហ្វូង សរុបជាង ៣០ក្បាលបានដើរឆ្លងកាត់ដីចម្ការ និងព្រៃរបោះស្វែងរកចំណីអាហារ នៅក្នុងភូមិអូរទ្រូងអណ្តើក ឃុំឈ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងនាថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៣ថា ប្រជាពលរដ្ឋដែលមានទីតាំងចម្ការឋិតនៅក្នុងភូមិអូរទ្រូងអណ្តើក ឃុំឈ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានប្រទះឃើញហ្វូងសត្វទន្សោងជាច្រើនក្បាលជាលើកដំបូងនូវក្នុងភូមិសាស្រ្តនេះ ដែលការប្រទះឃើញនេះគឺចាប់តាំងពីដើមខែឧសភា មកទល់បច្ចុប្បន្ន។

មន្ត្រីមន្ទីរកសិកម្មខេត្តបាត់ដំបងបន្តថា ហ្វូងសត្វទន្សោងជាប្រភេទសត្វកម្រជិតផុតពូជនេះហាក់មិនសូវខ្លាចរអាអ្នកស្រុកឡើយ ជាក់ស្តែងកាលពីថ្ងៃទី៥ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ កសិករឈ្មោះសេង ហៃ ក៏ដូចជាបងប្អូនកសិករផ្សេងទៀតតែងតែបានឃើញសត្វទន្សោងចំនួន ២ហ្វូង ដោយក្នុងមួយហ្វូងៗមានសត្វទន្សោងប្រមាណជា ១២ក្បាល ចំណែកមួយហ្វូងទៀតមានចំនួនចន្លោះពី ១៥ ទៅ២០ក្បាលឯណោះ។

តាមការអះអាងរបស់កសិករ សេង ហៃ បានបញ្ជាក់ថា សត្វទន្សោងដែលប្រទះឃើញទាំងអស់ខាងលើវាតែងតែចល័តទៅមកដើម្បីស្វែងរកចំណី និងទៅផឹកទឹកនៅទីទំនាប ក្បែរទីកន្លែងដែលពួកវារស់នៅលើភ្នំអូរទ្រូងអណ្តើក និងភ្នំស្អាងនុម ដោយអំឡុងពេលព្រឹកវាចាប់ផ្តើមចុះពីលើភ្នំ និងពេលល្ងាចវាឡើងភ្នំវិញទៅកាន់ទីជម្រករបស់វា។

ជាមួយគ្នាមន្ត្រីជំនាញដែលពាក់ព័ន្ធបានចុះពិនិត្យ និងសិក្សា ព្រមទាំងបានអំពាវនាវកុំឲ្យកងកម្លាំង ពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ក្បែរៗនោះជៀសវាងការបរបាញ់ ដាក់អន្ទាក់នាំឲ្យផ្អើលដល់ហ្វូងសត្វទន្សោង ឬសត្វព្រៃផ្សេងៗជាច្រើនទៀតដែលជាធនធានធម្មជាតិដ៏កម្រហើយពួកវាបានផ្តល់នូវសារ:ប្រយោជន៍យ៉ាងសំខាន់សម្រាប់ជាតិទាំងមូលរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ឲ្យចាប់អារម្មណ៍ខ្លាំងថែមទៀតបានគយគន់ ទស្សនា៕

អត្ថបទ៖ ដំបងក្រញូង

Share.